ជួយផង…ខ្ញុំត្រូវពស់ចឹក ធ្វើម៉េចទៅ?

ការត្រូវពស់ ឬសត្វមានពិសចឹក ឬខាំ មិនមែនជារឿងដែលនៅឆ្ងាយខ្លួនឡើយ។ ការដើរលេងនៅក្នុងចម្ការក្រោយផ្ទះ ឬសូម្បីតែទៅដើរលេងនៅតាមខេត្ត យើងអាចនឹងមានឱកាសត្រូវសត្វពស់ចឹកបានគ្រប់ពេលវេលា។ ការព្យាបាលដំបូងយ៉ាងត្រឹមត្រូវ មុននឹងអ្នកទៅជួបគ្រូពេទ្យគឺជារឿងសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យរូបអ្នកមានសុវត្ថិភាពឡើងវិញ រួមទាំងកាត់បន្ថយសភាវជ្រៀតជ្រែកផ្សេងៗបានច្រើនទៀតផង។

វិធីបឋមព្យាបាលពេលត្រូវសត្វពស់ចឹក

. មុនទៅមន្ទីរពេទ្យ ចូរលាងត្រង់មុខរបួសដែលត្រូវសត្វពស់ចឹកនោះដោយទឹកស្អាត(ទឹកបរិសុទ្ធ) មិនគួរយកកាំបិតចៀរ ឬឆូត យកភ្លើងញល់ ឬយកឱសថបុរាណផ្សេងៗមកបិទលើមុខរបួសឡើយ ព្រោះក្រៅពីនឹងធ្វើឱ្យឈឺខ្លួនដោយមិនចាំបាច់ហើយ នៅបន្ថែមឱកាសដែលមុខរបួសត្រូវឆ្លងមេរោគទៀតផង។

– ការបឺតជញ្ជក់យកពិសសត្វពស់ចេញពីមុខរបួសដូចនៅក្នុងភាពយន្ត មិនគួរធ្វើជាដាច់ខាត ព្រោះហុចផលអាក្រក់ដល់ទាំងអ្នកដែលត្រូវពស់ចឹក និងអ្នកបឺតពិសចេញ ដោយសារវានឹងបន្ថែមភាពប្រថុយប្រថានឱ្យមុខរបួសកាន់តែឆ្លងមេរោគចូលច្រើន ឯអ្នកដែលបឺតពិសនោះអាចបានទទួលពិសចូលទៅក្នុងរាងកាយម្នាក់ទៀត។

– ឱ្យចំណុចដែលត្រូវពស់ចឹកនោះកម្រើកតិចបំផុត ដើម្បីបន្ថយ និងពន្យឺតការបឺតជ្រាបរបស់ពិសចូលទៅក្នុងក្រសែឈាម។

– ការយកខ្សែមកចងរឹតនៅផ្នែកខាងលើមុខរបួសមិនគួរធ្វើឡើយ ព្រោះនឹងធ្វើឱ្យឈាមហូរទៅចិញ្ចឹមអវយវៈនៅផ្នែកនោះមិនគ្រប់គ្រាន់ បង្កើនឱកាសក្នុងការធ្វើឱ្យមានសាច់ស្លាប់នៅត្រង់នោះ និងបើសិនជាមានសាច់ស្លាប់ច្រើន អាចនឹងត្រូវកាត់អវយវៈត្រង់នោះចេញតែម្ដង។ ក្រៅពីនេះការចងរឹតនៅផ្នែកខាងលើមុខរបួស មិនបានធ្វើឱ្យពិសពស់ជ្រៀតចូលទៅក្នុងក្រសែឈាមបានតិចនោះទេ។

– ប្រញាប់ទៅជួបគ្រូពេទ្យ បើយកសត្វពស់នោះទៅជាមួយបាន ក៏នឹងជួយឱ្យបានដឹងពីប្រភេទរបស់សត្វពស់ និងប្រភេទរបស់ពិសពស់នោះ ធ្វើឱ្យការព្យាបាលរបស់គ្រូពេទ្យកាន់តែងាយឡើង តែមិនចាំបាច់ត្រូវខាតពេលដើរវែកស្មៅចូលទៅរកវាយសម្លាប់សត្វពស់នោះទេ បើពស់ចឹកហើយរត់បាត់នោះ​ ត្រូវប្រញាប់ទៅមន្ទីរពេទ្យវិញប្រសើរជាង ព្រោះពេទ្យអាចសង្កេតមើលអាការ ជួសឈាម និងផ្ដល់ការព្យាបាលបាន។

ពេលទៅដល់មន្ទីរពេទ្យ នឹងមានដំណាក់កាលការព្យាបាលដោយការជួសឈាមពិនិត្យ និងអាចត្រូវគេងសម្រាកក្នុងមន្ទីរពេទ្យដើម្បីតាមដានមើលអាការ បើមានអាការខុសប្រក្រតី គ្រូពេទ្យនឹងពិចារណាផ្ដល់សេរ៉ូមបំបាត់ពិសពស់ជាបន្ត។

វិធីដែលល្អ អ្នកគ្រូ ឆវី សូមណែនាំឱ្យគ្រប់គ្នាប្រយ័ត្នប្រយែងក្នុងការដើរចូលទៅក្នុងទីកន្លែងដែលស៊ុបទ្រុប គុម្ពស្មៅ រួមទាំងចង់ឱ្យរៀបចំផ្ទះសំបែងឱ្យមានស្អាតបាត មានរបៀបរៀបរយ ព្រោះជាញឹកញាប់ណាស់ដែលអ្នកគ្រូ ឆវី បានជួបមនុស្សដែលត្រូវពស់ចឹកនៅក្នុងបរិវេណផ្ទះរបស់ខ្លួនឯង ទើបចង់ឱ្យគ្រប់គ្នាមើលថែទាំផ្ទះសំបែងឱ្យមានសុវត្ថិភាពពីសត្វមានពិសផ្សេងៗដែលអាចមកធ្វើបាបយើងបាន៕

Advertisement