“ចាក់ថ្នាំ” ឆាប់ជាជាង “លេបថ្នាំ” មែនឬ?

មនុស្សជាច្រើនដែលឈឺថ្កាត់ ជាពិសេសគ្រុនក្តៅខ្លួន តែងតែចង់ឱ្យឆាប់បាត់ក្តៅខ្លួនលឿនៗ អាចមានការទទូចអង្វរសុំឱ្យគ្រូពេទ្យចាក់ថ្នាំឱ្យទៀតផង ព្រោះគិតថា ថ្នាំចាក់បញ្ចេញឫទ្ធិខ្លាំងជាង លឿនជាង រួចហើយក្រោយពីនោះមកក៏នឹងសុំចាក់ថ្នាំជារឿយៗរហូតមក ទោះជាមានតម្លៃថ្លៃជាងថ្នាំលេបក៏ដោយ តែក៏គិតដោយខ្លួនឯងថា គ្រុនក្តៅពេលណា មានតែចាក់ថ្នាំប៉ុណ្ណោះដែលធ្វើឱ្យឆាប់ជា។ តើរឿងនេះជាការពិតឬយ៉ាងណា? ថ្នាំចាក់ និងថ្នាំលេបខុសគ្នាយ៉ាងណា? បញ្ចេញឫទ្ធិមិនស្មើគ្នាមែនឬ? និងបើសិនប្រើថ្នាំចាក់ញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់រាងកាយឬទេ? យើងនាំគ្នាមកមើលចម្លើយដូចតទៅ…។

ថ្នាំចាក់ VS ថ្នាំលេប

ការពិតទៅ ថ្នាំចាក់ និងថ្នាំលេប បើមានកម្រិតជាតិថ្នាំស្មើគ្នា វានឹងបញ្ចេញឫទ្ធិបានប៉ុនគ្នា ខុសគ្នាតែរយៈពេលនៃការបញ្ចេញឫទ្ធិប៉ុណ្ណោះ តែជាគោលការណ៍នៃការប្រើថ្នាំវិញនោះ គ្រូពេទ្យនឹងគិតទៅដល់ប្រសិទ្ធភាព និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បងក្នុងការជ្រើសរើសប្រភេទថ្នាំឱ្យទៅអ្នកជំងឺខ្លាំងជាងតម្រង់មុខសញ្ញាទៅរកការបញ្ចេញឫទ្ធិលឿន ឬឆាប់តែម្យ៉ាង ដូច្នេះហើយទើបការប្រើថ្នាំញ៉ាំ ហាក់ដូចជាមានសុវត្ថិភាពជាង។

គ្រោះថ្នាក់បណ្តាលពីថ្នាំចាក់

ទោះជាថ្នាំចាក់បញ្ចេញឫទ្ធិលឿនមែន តែក៏មានភាពប្រថុយប្រថានមិនតិចដែរ ព្រោះនៅពេលចាក់ថ្នាំចូលទៅក្នុងសរសៃឈាមហើយ ថ្នាំនឹងចូលឆ្ពោះទៅរកក្រសែឈាមរត់បានភ្លាមតែម្តង បើដឹងថា អ្នកជំងឺមានប្រតិកម្មចាញ់នឹងថ្នាំនោះ ឬបានទទួលថ្នាំខុស ក៏នឹងកើតមានអាការខុសប្រក្រតីយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងថ្នាំលេបខ្លាំងជាងទៀតផង។

ក្រៅពីនេះ ថ្នាំចាក់ថែមទាំងមានតម្លៃខ្ពស់ជាងថ្នាំលេប ដែលក្រៅពីចំណាយប្រាក់កាសច្រើនទៅលើការប្រើប្រាស់ថ្នាំដោយមិនចាំបាច់ហើយនោះ យើងគួរតែដាស់តឿនខ្លួនឯងផងថា ថ្នាំចាក់គ្រោះថ្នាក់ជាងថ្នាំលេប។

តើអ្នកជំងឺអាចសុំឱ្យគ្រូពេទ្យចាក់ថ្នាំឱ្យដោយខ្លួនឯងបានឬទេ?

ការសុំចាក់ថ្នាំ គួរតែត្រូវបានពិចារណាដោយលោកគ្រូពេទ្យតែប៉ុណ្ណោះ ដើម្បីការប្រើប្រាស់ថ្នាំយ៉ាងមានសុវត្ថិភាព ត្រូវនឹងស្ថានភាពជំងឺ និងសមនឹងតម្លៃ។ ដូច្នេះលើកក្រោយ កុំគិតតែខ្លួនឯងថា ទាល់តែចាក់ថ្នាំទើបព្យាបាលជំងឺរបស់ខ្លួនជាឱ្យសោះ ទុកឱ្យលោកគ្រូពេទ្យជាអ្នកពិចារណាថ្នាំដែលស័ក្តិសមក្នុងការព្យាបាលឱ្យយើងវិញទើបជាការប្រសើរជាង៕

Advertisement