ចិន ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 3 ឆ្នាំ ដល់ 11 ឆ្នាំ

កុមារ​ដែលមាន​អាយុ​ចាប់ពី 3 ឆ្នាំ នៅ ប្រទេស​ចិន ចាប់ផ្ដើម​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ក្នុង​គ្រា​ដែល​សម្បុក​វីរុស​ថ្មី កំពុង​កើតមាន។

អាជ្ញាធរ​នៃ​ខេត្ត​យ៉ាងតិច​ចំនួន 5 របស់ ប្រទេស​ចិន បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 3 ឆ្នាំ ដល់ 11 ឆ្នាំ។ ការពង្រីក​វិសាលភាព​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​នៅពេល​ប្រទេស​នេះ​កំពុង​អនុវត្ត​វិធា​ការ​នានា​ដើម្បី​គ្រប់គ្រង​រលក​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី។

គិត​មកដល់​បច្ចុប្បន្ន ប្រជាជន​ប្រមាណ 76% នៅ ប្រទេស​ចិន បានទទួល​ការចាក់​វ៉ាក់សាំង​គ្រប់​ពីរ​ដូ​ស​រួចហើយ ខណៈ​ក្រុមមន្ត្រី​កំពុង​ព្យាយាម​រក្សា​គោលការណ៍ «គ្មាន COVID-19» ចំពោះ​រលក​នៃ​ការឆ្លង​ដាល​ថ្មី។ ដើម​សប្ដាហ៍​នេះ ខេត្ត Gansu បាន​បិទទ្វារ​រាល់​ទីតាំង​ទេសចរណ៍ ក្នុងពេលដែល​ប្រជាជន​នៅក្នុង​អនុតំបន់​មួយចំនួន​នៃ​តំបន់​ស្វយ័ត ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) ក៏ត្រូវ​បានស្នើ​ឱ្យនៅ​ក្នុង​ផ្ទះ ដោយសារ​មាន​ករណី​ឆ្លង​ថ្មី៕

Advertisement