លោក គីម ជុងអ៊ុន សប្បាយចិត្ត ក្នុងថ្ងៃគម្រប់ខួប 67ឆ្នាំ ផ្អាកសង្គ្រាមជាមួយកូរ៉េខាងត្បូង ចែកកាំភ្លើងខ្លីឱ្យទាហាន ដោយគ្មានពាក់ម៉ាស់ការពារវីរុស

ទីភ្នាក់ងារព័ត៌មានAFP បានរាយការណ៍អំពីបរិយាកាសក្នុងការរៀបចំពិធីរំឭកខួប 67ឆ្នាំ ថ្ងៃផ្អាកសង្គ្រាម ឬការបញ្ឈប់សង្គ្រាមរវាងកូរ៉េទាំង2 កាលពីថ្ងៃទី27 កក្កដា ឆ្នាំ1953 ថា ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរៀបចំពិធីនេះដោយឡែកពីគ្នារៀងៗខ្លួន ក្រោមសម្ព័ន្ធភាពដ៏តានតឹងរបស់ប្រទេសទាំង2 ជាពិសេស ពេលកើតមានការចោទប្រកាន់ថា កូរ៉េខាងត្បូង បានសាយភាយមេរោគកូវីដ-19 ចូលទៅក្នុងប្រទេសកូរ៉េខាងជើង។

នៅទីក្រុងព្យុងយ៉ាង ទីក្រុងធំរបស់ប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន មេដឹកនាំខ្ពស់បំផុតរបស់កូរ៉េខាងជើង បានធ្វើជាអធិបតីភាពក្នុងពិធី ដោយបានប្រគល់កាំភ្លើងខ្លីឱ្យបណ្ដានាយទាហានថ្នាក់ឧត្ដមសេនីយ៍ និងថ្នាក់ដឹកនាំកងទ័ពជើងចាស់ ដែលបានថ្លែងសច្ចាប្រណិធាន ស្មោះស្ម័គ្រភក្ដីចំពោះលោកប្រធានគីម ដើម្បីជាការឆ្លងរបៀបវារៈសំខាន់នេះ។

នាយទាហានគ្រប់រូបដែលចូលរួមក្នុងពិធីនេះ ក្រៅពីមិនបានពាក់ម៉ាស់ការពារវីរុសហើយ នៅបានឈរជិតៗគ្នា ដើម្បីថតរូបជាក្រុម បើទោះជាកូរ៉េខាងជើងទើបតែប្រកាសស្ថានការណ៍អាសន្នថា រកឃើញអ្នកជំងឺសង្ស័យឆ្លងមេរោគកូវីដ-19 ដំបូងគេនៅក្នុងប្រទេស និងបិទទីក្រុងឃែសុង ទីក្រុងព្រំដែនដែលធ្លាប់ធ្វើជំនួញរួមគ្នាក៏ដោយ។

ខាងកូរ៉េខាងត្បូង

កូរ៉េខាងជើង ថែមទាំងចាប់ឃាត់ខ្លួនអ្នកក្បត់ប្រទេសជាតិដែលប្ដូរចិត្ត វិលត្រឡប់មកពីកូរ៉េខាងត្បូងវិញ ឆ្លងកាត់តំបន់DMC មកពីខាងត្បូង ដើម្បីបន្ទោសថា បាននាំមេរោគកូវីដ-19 ពីកូរ៉េខាងត្បូង មកចម្លងនៅក្នុងកូរ៉េខាងជើង។

ចំណែកខាងមន្ត្រីកូរ៉េខាងត្បូងវិញ បាននិយាយថា បុរសម្នាក់ដែលគេជឿថា ជាអ្នកក្បត់ប្រទេសជាតិ តែប្ដូរចិត្តវិញនោះ មិនដែលទទួលការអះអាងថា ឆ្លងមេរោគកូវីដ-19 ទេ និងថែមទាំងមិនដែលបានប៉ះពាល់ជាមួយអ្នកជំងឺទៀតផង។

លោក គីម ឌូយ៉ន អ្នកជំនាញការរឿងកូរ៉េ មកពីក្រុមអ្នកស្រាវជ្រាវសិក្សាវិបត្តិអន្តរជាតិ បានបញ្ជាក់ថា កូរ៉េខាងជើង មានសញ្ញាក្នុងការមានអ្នកជំងឺកូវីដ-19 ស្រាប់ទៅហើយ តែបានឆ្លៀតឱកាសនេះ ចោទប្រកាន់ថា ជាកំហុសរបស់កូរ៉េខាងត្បូង ជាជាងបន្ទោសចិនដែលជាសម្ព័ន្ធមិត្តនឹងគ្នាដ៏យូរអង្វែង។

ចំណែកនៅឯខាងកូរ៉េខាងត្បូងវិញ ក្រៅពីរៀបចំពិធីរំឭកខួបថ្ងៃផ្អាកសង្គ្រាមហើយ ថែមទាំងជាពិធីរំឭកខួបនៃការចូលរួមរបស់កងកម្លាំងសហប្រជាជាតិ ឬUN Forces Participation Day ដែលគម្រប់ខួប 67ឆ្នាំដូចគ្នា។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិ ប៉ាន់ មុនចម ទីក្រុងប៉ាជូ ដែលមានអតីតយុទ្ធជនកូរ៉េខាងត្បូង រួមទាំងទាហានអាមេរិក និងតំណាងអង្គការសហប្រជាជាតិ ចូលរួមផងដែរ។ គ្រប់គ្នាសុទ្ធតែពាក់ម៉ាស់អនាម័យការពារ ឈរឆ្ងាយៗពីគ្នា តាមវិធានការការពារមេរោគកូវីដ-19។

ការរៀបចំពិធីនេះ គឺដើម្បីរំឭកគុណដល់អតីតយុទ្ធជនជាង 2លាននាក់ មកពី 22ប្រទេស ដែលបានចូលរួមជាមួយកងកម្លាំងកូរ៉េខាងត្បូងក្រោមទង់អង្គការសហប្រជាជាតិ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement