រុស្ស៊ី​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​​វ៉ាក់​សាំង​​ទប់​ស្កាត់​វីរុស​​COVID-19 នៅ​ហ្វីលីពីន

ប្រទេសរុស្ស៊ី​នឹង​ផ្ដើមប្រើ​ប្រាស់​​​សាកល្បង​​វ៉ាក់សាំង​ទប់​ស្កាត់​ COVID-19 នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ចាប់ពី​ពាក់កណ្ដាល​ខែ​សីហា​2020 ក្នុង​នោះ​ ប្រធានាធិបតី​ហ្វីលីពីន​នឹង​អាចក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​គេ​បង្អស់​។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ លោក Kirill Dmitriev ដែលជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី (RDIF) បាន​ឱ្យ​ដឹង​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ដៃ​គូ​របស់​រុស្ស៊ី​ក្នុង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វ៉ាក់​សាំង​ទប់​ស្កាត់​COVID-19 រដ្ឋាភិបាល​ហ្វីលីពីន​បាន​បង្ក​ភាព​ងាយស្រួល​​ជា​ច្រើន​ដើម្បី​ជួយ​ឱ្យ​ការ​សាកល្បង​វ៉ាក់សាំង​ អាច​ធ្វើ​ឡើង​បាន​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន​។ បច្ចុប្បន្ន ដំណាក់​កាល​នៃ​ការ​ត្រៀម​សម្រាប់​ការ​សាកល្បង​នានា​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​ហើយ​។ តាម​គម្រោង​ ការ​សាកល្បង​ប្រើប្រាស់​វ៉ាក់សាំង​COVID-19នេះ​ នឹង​ត្រូវ​​ផ្ដើម​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃទី​15​សីហា​ខាង​មុខ​។

ទាក់​ទិន​នឹង​ការ​សាក​ល្បង​ប្រើប្រាស់​វ៉ាក់​របស់​រុស្ស៊ី​ខាងលើនេះ ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte បាន​ឱ្យ​ដឹង​ថា លោក​មាន​ក្ដី​សង្ឃឹម​យ៉ាង​ច្រើន​ទៅលើ​លទ្ធផល​នៃ​ការ​ប្រើប្រាស់​សាកល្បង​វ៉ាក់​សាំង​របស់​រុស្ស៊ី​។ ទន្ទឹមនឹង​នេះ លោក​ក៏​បាន​ថ្លែង​ថា ខ្លួន​លោក​ផ្ទាល់​បាន​ត្រៀម​​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​គេ​បង្អស់​ក្នុង​ការ​សាក​ល្បង​ប្រើប្រាស់វ៉ាក់​សាំង​នេះនៅ​ហ្វីលីពីន​​។ តាមផែន​ការ​ បើ​សិនជា​ទទួល​បាន​ជោគ​ជ័យ​ វ៉ាក់​សាំង​នេះ​ក៏​នឹង​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ជាមួយ​នឹង​តម្លៃ​សមរម្យ។


លោក Kirill Dmitriev ដែលជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី RDIF (Russian Direct Investment Fund)

មូលនិធិ​វិនិយោគ​ផ្ទាល់​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Gamaleya កំពុង​តែ​ញាប់​ដៃញាប់​ជើង​ក្នុង​កិច្ច​​សហការ​នានា​សម្រាប់​ដំណាក់​កាល​ផលិត​វ៉ាក់​សាំង​COVID-19 ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រើប្រាស់​សាកល្បង​នៅ​លើ​មនុស្ស​។ ការ​សាកល្បង​ប្រើវ៉ាក់​សាំង​នៅ​លើ​មនុស្ស​ បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​សាកល​វិទ្យា​ល័យ​ Sechenov កាល​ពី​ថ្ងៃទី​18​មិថុនា​ ជាមួយនឹង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​38​នាក់​ ហើយ​សុវត្ថិ​ភាព​របស់​វ៉ាក់សាំង​នេះ​ក៏​ត្រូវ​បានទទួល​ស្គាល់​។ អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់ សុទ្ធ​តែ​មាន​លទ្ធភាព​ទប់​ទល់​នឹង​វីរុស​COVID-19 បន្ទាប់​ពី​បាន​ចាក់​វ៉ាំង​សាំង​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement