លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ ម៉ាស់​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លងវីរុស​COVID-19 ព្រម​ទាំង​បាន​អំពាវ​នាវ​ឱ្យ​​ពលរដ្ឋ​​ពាក់​ម៉ាស់ ចំណែក​ខ្លួន​លោក​ផ្ទាល់​​​ក៏​នឹង​ធ្វើ​ដូច្នេះ​ដែរ​។

“យើង​ស្នើ​ឱ្យ​គ្រប់​គ្នា​ពាក់​ម៉ាស់​នៅ​ពេល​មិន​អាច​រក្សា​គម្លាត​ពី​គ្នា​ក្នុងសង្គម​។ បើ​ទោះជា​អ្នក​ចូលចិត្ត​ ឬ​មិន​ចូល​ចិត្ត​ក៏ដោយ ប៉ុន្តែ​វា (ម៉ាស់​) ​នឹង​បញ្ចេញ​ប្រសិទ្ធ​ភាព​”​ លោក​ Trump ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​21​កក្កដា​កន្លង​ទៅ​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ឱ្យ​ដឹង​ថា លោក​បាន​ស៊ាំ​ជាមួយ​នឹង​ការ​ពាក់​ម៉ាស់​បន្តិច​ម្ដង​ៗ​ ហើយ​ថា​ លោក​នឹង​ពាក់​វា​នៅ​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ឬ​ជិះ​ជណ្ដើរ​ប្រអប់​។ លោក​ Trump បន្ត​ថា “ខ្ញុំ​រីករាយ​នឹង​ប្រើ​ប្រាស់​វា។ អ្វី​ៗ​ទាំង​អស់​ដែល​មាន​ផល​ប្រយោជន៍​ គឺសុទ្ធ​តែ​ជា​ប្រការ​ល្អ”។ ម្ចាស់​សេត​វិមាន​ក៏​បាន​អំពាវ​នាវ​ដល់​យុវជន​​ក្មេង​ៗ​នៅ​អាមេរិក ឱ្យ​ចៀស​វាង​ចូល​បារ​ដែល​មាន​មនុស្ស​ច្រើន​ ជា​កន្លែង​ដែល​COVID-19 ងាយ​នឹង​ឆ្លង​រាល​ដាល​។

ការ​ប្ដូរ​ផ្លាស់​គំនិត​ស្ទើរ​តែ​360​អង្សា​របស់​លោក​ Trump ចំពោះ​ COVID-19 បានមាន​​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​របស់​លោក​​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​​ដល់​ទៅ​​​144,888​នាក់​ ក្នុង​ចំណោម​អ្នក​ផ្ទុក​វីរុស​ចំនួន​4,023,947​នាក់​​ បើ​​គិត​មក​ដល់​ថ្ងៃ​នេះ​ (22​កក្កដា)។

លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​
លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

នៅ​ទូទាំង​ពិភពលោក​ ​បច្ចុប្បន្ន​មាន​មនុស្ស​ចំនួន​618,265​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ខណៈ​ដែល​ចំនួន​អ្នក​ផ្ទុក​វីរុស​នេះ​បាន​កើន​ដល់​15,071,024​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​238,058នាក់​ និង​អ្នក​ស្លាប់​ចំនួន​​5,992​នាក់​ នេះ​បើ​តាម​ស្ថិតិ​របស់ ​Worldometers៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement