ប្រយ័ត្នទុកជាមុន…ជំងឺដែលនឹងមកជាមួយរដូវភ្លៀង

មួយរយៈនេះធាតុអាកាសនៅក្នុងប្រទេសយើង តិចក្តៅ តិចរងា ថ្ងៃខ្លះភ្លៀងក៏បង្អុរចុះមកធ្វើឱ្យទទឹកសើមគ្រប់ៗគ្នា តែអ្វីដែលគួរឱ្យបារម្ភនោះ ក៏ប្រហែលជាចៀសមិនផុតពីរឿងជំងឺដង្កាត់ដែលនឹងមកជាមួយទឹកភ្លៀងនោះឡើយ។ ថ្ងៃនេះទំព័រសុខភាព ឡារ៉ែនសូមនាំមិត្តអ្នកអានទាំងអស់គ្នាមកត្រៀមខ្លួនចាំទប់ទល់នឹងរោគាដែលនឹងមកជាមួយទឹកភ្លៀងដូចខាងក្រោមនេះ ៖

1. ក្រុមជំងឺខាងប្រព័ន្ធដកដង្ហើម

ក្នុងរដូវភ្លៀង ធាតុអាកាសចាប់ផ្តើមត្រជាក់ និងមានសំណើមខ្លាំង ធ្វើឱ្យមេរោគអាចរីករាលដាលបានយ៉ាងឆាប់រហ័ស បើសិនជាមានមេរោគរីករាលដាលនៅក្នុងធាតុអាកាស ហើយយើងដកដង្ហើមស្រូបចូលទៅក្នុងសួត អាចនឹងបង្កឱ្យកើតជំងឺខាងផ្លូវដង្ហើមបានជាច្រើន ដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសសាយធំ រលាកបំពង់ដង្ហើម ដូច្នេះគួរចៀសវាងការស្ថិតនៅក្នុងកន្លែងដែលចង្អៀតហប់ ខ្យល់អាកាសពិបាកចេញចូល និងចៀសវាងការនៅជិតអ្នកដែលកើតជំងឺទាំងនោះ ព្រោះមេរោគអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយៈការដកដង្ហើម ទឹកមាត់ សំបោរ ឬកំហាកស្លេស្មរបស់អ្នកជំងឺ ដោយមេរោគនឹងឆ្លងចូលតាមភ្នែក ច្រមុះ និងមាត់ ឬតាមរយៈការដែលមនុស្សបានប៉ះពាល់វត្ថុដែលលាយឡំជាមួយមេរោគ ដូចជា កន្សែងជូតមុខ ស្លាបព្រា កែវទឹក ការថើប ឬការដែលដៃទៅប៉ះមេរោគ ហើយយកទៅញីភ្នែក ឬយកទៅកាន់អ្វីញ៉ាំជាដើម។

2. ជំងឺគ្រុនឈាម

នៅពេលធ្លាក់ភ្លៀង នឹងតែងតែមានទឹកដក់នៅតាមទីកន្លែងផ្សេងៗ ធ្វើឱ្យកើតមានការរីករាលដាលពូជរបស់មូសខ្លាដែលជាភ្នាក់ងារចម្លងរោគគ្រុនឈាម។ បើកើតជំងឺគ្រុនឈាម អាចនឹងមានកម្តៅខ្លួនឡើងខ្ពស់រយៈពេល 2 – 3 ថ្ងៃ (អាចក្តៅខ្លាំងដល់ 40 អង្សា C ) មិនឃ្លានបាយ ឈឺក្បាល ឈឺចុករួយពេញខ្លួន មុខឡើងក្រហម ចំពោះអ្នកដែលមានគ្រាប់ឈាមទាប អាចមើលឃើញចំណុចឈាមក្រហមៗនៅលើស្បែក បើឃើញមានអាការដូចដែលបានរៀបរាប់មកនេះ ចូរកុំបង្អង់យូរ ត្រូវប្រញាប់ទៅមន្ទីពេទ្យ និងគួរចៀសវាងពីទីកន្លែងដែលមានមូស ព្យាយាមកុំឱ្យមូសខាំ ប្រើថ្នាំបាញ់សម្លាប់មូស បំផ្លាញប្រភពកំណើតរបស់មូស ដូចជា ផ្កាប់វត្ថុដែលធ្វើឱ្យមានទឹកដក់ និងចាក់ដីលុបកន្លែងដែលមានទឹកដក់ជាដើម។

3. រោគប៉េស្ត

ជំងឺប៉េស្ត គឺជាជំងឺឆ្លងដែលកើតចេញពីសត្វកណ្តុរគ្រប់ប្រភេទ ដោយមេរោគនឹងស្ថិតនៅក្នុងទឹកនោមរបស់សត្វកណ្តុរទាំងនោះ ទាំងកណ្តុរស្រែ កណ្តុរព្រៃ កណ្តុរស្រុក កណ្តុរប្រែង និងកណ្តុរប្រមេះ ហើយមេរោគប៉េស្តនេះនឹងចូលមកក្នុងរាងកាយមនុស្សបាន

តាមរយៈស្នាមដំបៅ ឬរបួស និងស្នាមរលាត់ដាច់ផ្សេងៗលើរាងកាយ។ ជំងឺនេះទោះជាមានថ្នាំព្យាបាលឱ្យជាមែន តែក៏អាចធ្វើឱ្យស្លាប់បានដូចគ្នាដែរ បើបានទទួលការព្យាបាលមិនត្រឹមត្រូវ ឬយឺតយ៉ាវ។ អ្នកជំងឺនឹងមានអាការគ្រុនក្តៅខ្លាំងភ្លាមៗ ឈឺក្បាល ច្រើនតែឈឺសាច់ដុំភ្លៅ និងកំភួនជើងយ៉ាងខ្លាំង និងភ្នែកក្រហម។ ប្រមាណជា 5 – 10 ភាគរយរបស់អ្នកកើតជំងឺនេះ អាចនឹងមានអាការធ្ងន់ធ្ងរ ដូចជា ឌីហ្សាន ក្រលៀនលែងដំណើរការ ឬអាចប្រកាច់ទៀតផង ដូច្នេះគួរចៀសវាងការដើរលុយទឹក លុយភក់ដែលប៉ប៉ិកប៉ប៉ាច់។ អ្នកដែលធ្វើការងារប្រថុយប្រថាននឹងជំងឺនេះ គួរតែពាក់ស្រោមដៃជ័រ ពាក់ស្បែកជើងជ័រកវែង ការពារខ្លួនកុំឱ្យកើតមានរបួស ឬដំបៅនៅលើជើង ឧស្សាហ៍លាងសម្អាតដៃឱ្យបានញឹកញាប់ ងូតទឹកសម្អាតរាងកាយក្រោយពេលចប់ពីការងារ កម្ចាត់សំរាមនៅក្នុងផ្ទះ និងកន្លែងធ្វើការចេញឱ្យ​​អស់ ជាពិសេសកាកសំណល់កំទេចចំណីអាហារ ដើម្បីកុំឱ្យក្លាយជាប្រភពអាហាររបស់សត្វកណ្តុរ។

4. ជំងឺឆ្លងខាងប្រព័ន្ធរំលាយអាហារដែលជួបញឹកញាប់

មានដូចជា ជំងឺរាករូសភ្លាមៗ ជំងឺរាកមួល ពុលអាហារ ជាដើម ជំងឺទាំងនេះបណ្តាលមកពីការទទួលទានអាហារដែលមានប្រឡាក់ប្រឡូសមេរោគអតិសុខុមប្រាណដែលបង្កឱ្យកើតរោគនៅក្នុងប្រព័ន្ធរំលាយអាហារនៅក្នុងពោះវៀន ដោយអ្នកជំងឺនឹងមានអាការរាក បន្ទោបង់ចេញមករាវដូចទឹក អាចមានគ្រុនក្តៅខ្លួន ឈឺរមួលនៅក្នុងពោះ និងបើមានឆ្លងមេរោគមួលផងនោះ អាចមានសំបោរ ឬឈាមលាយឡំមកជាមួយលាមកទៀតផង។ ក្រៅពីនេះនៅមានមេរោគវីរុសរលាកថ្លើមប្រភេទ A និង B ដែលអាចឆ្លងបានតាមរយៈការទទួលទានអាហារដែលប្រឡាក់ប្រឡូសមេរោគផងដែរ អ្នកដែលមានអាការរលាកថ្លើមនឹងមានគ្រុនក្តៅខ្លួន ល្វើយអស់កម្លាំង មានអាការខ្លួនឡើងលឿង ភ្នែកលឿង ក្អួតចង្អោរ ដូច្នេះទើបក្នុងរដូវភ្លៀងនេះគួរប្រយ័ត្នប្រយែងរឿងអាហារការហូបចុកជាពិសេស ដោយគួរទទួលទានតែអាហារដែលធ្វើឆ្អឹនថ្មីៗ ស្អាត និងប្រើស្លាបព្រាសម្រាប់ដួសម្ហូបដោយឡែក។

5. ជំងឺភ្នែកក្រហម

ជំងឺភ្នែកក្រហម បណ្តាលមកពីមេរោគវីរុសដែលមាននៅក្នុងទឹកកខ្វក់ ខ្ទាតចូលភ្នែក ការប៉ះពាល់ទឹកភ្នែករបស់អ្នកដែលកើតជំងឺភ្នែកក្រហម ហើយយកដៃដែលប្រឡាក់នោះមកប៉ះភ្នែកខ្លួនឯង ឬបានទទួលមេរោគដែលខ្ចាត់ខ្ចាយនៅក្នុងអាកាស ឬក្នុងអាងហែលទឹក។ ជាទូទៅមេរោគនឹងសម្ងំខ្លួន 1 – 2 ថ្ងៃមុននឹងបង្ហាញអាការឡើង។ នៅលើអ្នកដែលកើតជំងឺភ្នែកក្រហមអាចពិនិត្យឃើញមេ

រោគបង្កជំងឺនៅម្តុំបរិវេណភ្នែក និងក្នុងបំពង់កបានតាំងពីថ្ងៃបង្ហាញអាការ រហូតដល់ 14 ថ្ងៃក្រោយពីចាប់ផ្តើមមានអាការ។ វិធីការការពារគឺ កុំយកដៃដែលមិនស្អាតមកប៉ះ ឬញីភ្នែក លាងសម្អាតដៃគ្រប់ពេលមុននឹងប៉ះពាល់ភ្នែក មិនប្រើប្រាស់កន្សែងជូតមុខ ឬជូតខ្លួនរួមជាមួយអ្នកដែលកើតជំងឺភ្នែកក្រហម សំខាន់បំផុតត្រូវការពារមិនឱ្យជំងឺឆ្លងរាលដាលពីខ្លួនឯងទៅអ្នកដទៃ៕

Advertisement