ក្រសួងសុខាភិបាល​ថា កម្ពុជា កំពុង​រង​ការវាយប្រហារ​ពី វ៉ា​រ្យ៉​ង់ Delta ខណៈ​ប្រមុខ​រដ្ឋាភិបាល សម្រេច​ឱ្យ​ចាក់​ដូ​ស​ទី​បី

គិត​ត្រឹម​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ប្រភេទ Delta សរុប​ចំនួន 223 ករណី ក្នុងនោះ​មាន 5 ករណី នៅ ភ្នំពេញ។

ទាក់ទិន​នឹង​រលក​នៃ​ការឆ្លង​រាលដាល​របស់ COVID-19 ពិសេស​គឺ​ប្រភេទ Delta ប្រមុខ​រដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី 01 ខែសីហា បានសម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ទី 3 ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ។ វ៉ាក់សាំង AstraZeneca ដែល​អភិវឌ្ឍ​ដោយ អង់គ្លេស នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​របស់ ចិន ប្រភេទ Sinopharm ឬ Sinovac។

ចំណែក​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង AstraZeneca រួចហើយ នឹង​អាច​ត្រូវបាន​ចាក់​ដូ​ស​ទី 3 ដោយ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm ឬ Sinovac វិញ​ម្តង។

ការចាក់​ដូ​ស​ទី 3 នេះ គឺ​ផ្ដល់​អាទិភាព​សម្រាប់​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ដោយសារ​ពួកគេ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង COVID-19 ប្រភេទ Delta ដែលជា​វ៉ា​រ្យ៉​ង់​មួយ​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា។ នេះ​បើតាម ប្រមុខ​រដ្ឋាភិបាល។

​ប្រភពព័ត៌មាន​ពី​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​ បាន​ឱ្យ​ដឹង​ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ទី 3 នេះ ក៏​នឹង​ផ្ដល់​អាទិភាព​ចំពោះ​បុគ្គលិក​សុខាភិបាល និង​ក្រុម​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ជួរមុខ​ផង ដែរ៕

Advertisement