អាស៊ីអាគ្នេយ៍​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ​ជាង​1​សែន​នាក់​ ក្នុង​នោះ​មាន​4​ប្រទេស​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ

អាស៊ីអាគ្នេយ៍​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ​ជាង​1​សែន​នាក់​ ក្នុង​នោះ​មាន​4​ប្រទេស​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ

ពិភពលោក​ទាំង​មូល​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​ 13,036,587​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​571,574​នាក់​ ខណៈ​អាស៊ី​អាគ្នេយ៍​​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​​106,480​នាក់​។

នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​សម្បុក​វីរុស​COVID-19 ធំជាង​គេបង្អស់​​ ដោយ​​មាន​អ្នក​​ឆ្លង​វីរុស​ចំនួន​75,699​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​3,606​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​1,681​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​71​នាក់​។ ក្នុងចំណោម​អ្នក​ជំងឺ​សរុប​ ក៏​មាន​អ្នក​ជំងឺ​ជិត​1,300​នាក់​ដែល​មាន​ជាប់​ទាក់​ទិន​នឹង​សាលា​យោធា​ឥណ្ឌូនេស៊ី​ផងដែរ​។

Achmad Yurianto ​មន្ត្រី​ម្នាក់​នៃ​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​ យល់​ថា​ ការ​កើន​ឡើងយ៉ាង​ឆាប់​រហ័ស​នៃ​​ករណី​ឆ្លង​វីរុស​COVID-19 គឺ​ដោយ​សារ​ប្រជា​ជន​មាន​ការ​ធ្វេស​ប្រហែស​នៅ​ពេល​ប្រទេស​នេះ​បាន​បើក​ច្រក​ព្រំ​ដែន​ ​និង​បន្ធូរ​បន្ថយ​​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។

ហ្វី​លីពីន​គឺជាសម្បុក​វីរុស​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ីអាគ្នេយ៍ ដោយ​មាន​អ្នក​ជំងឺ​សរុប​56,259​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​1,372​នាក់​។

សិង្ហបុរី​ ដែល​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី3​ក្នុង​តំបន់​ បាន​រកឃើញ​អ្នកផ្ទុក​វីរុស​សរុប​ចំនួន​45,961​នាក់​ គឺ​កើន​178​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​ ក្នុង​នោះ​មាន​អ្នកស្លាប់​ចំនួន​26​នាក់​។

ប្រទេស​ថៃ មាន​អ្នកជំងឺ​សរុប​3,217​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​58​នាក់​ ខណៈ​ប្រទេស​វៀតណាម​មាន​អ្នក​ជំងឺ​សរុប​372​នាក់​ ប្រទេស​មីយ៉ានម៉ា​មាន​អ្នកជំងឺ​331 (ស្លាប់​6នាក់) ប្រទេសកម្ពុជា​មាន​​​156​នាក់​ ប្រទេស​ប៊្រុយ​ណេ​មាន​អ្នក​ជំងឺ​​141​នាក់​ (ស្លាប់​3នាក់​) ប្រទេស​ទីម័រ​ខាង​កើត​មាន​ចំនួន​24​នាក់​ និង​ប្រទេស​ឡាវ​មាន​19​នាក់​។

ប្រទេស​កម្ពុជា​ ឡាវ​ វៀតណាម​ និង​ទីម័រ​ខាង​កើត​ គឺជា​បណ្ដា​ប្រទេសនៅ​តំបន់​អាស៊ីអាគ្នេយ៍​​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19នេះ​នៅឡើយ​។

ប្រធានអង្គការ​សុខភាព​ពិភពលោក​ (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ បាន​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ដែល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​COVID-19 បន្ត​រក្សា​វិធានការ​គ្រប់​គ្រង​យ៉ាង​ខ្លាំង​ក្លា​​ដើម្បី​ទប់​ស្កាត់​វីរុស​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement