ចង់ “ធ្មេញស” ត្រូវដឹងគន្លឹះល្អៗដែលជួយអ្នកបាន

Mouth and teeth before and after whitening

អ្នកណាៗក៏ចង់មានធ្មេញសស្អាតដែរ ព្រោះញញឹមឃើញធ្មេញសវាជួយបង្កើនបុគ្គលភាព និងភាពជឿជាក់ក្នុងចិត្ត តែនៅពេលបច្ចុប្បន្ននេះមានច្រើនបច្ច័យណាស់ដែលធ្វើឱ្យធ្មេញសៗក្លាយជាពណ៌លឿងបានយ៉ាងងាយ ទើបមនុស្សជាច្រើនព្យាយាមរិះរកវិធីក្នុងការជួយធ្វើឱ្យធ្មេញសឡើងវិញ។ តើមានវិធីណាខ្លះដែលមានសុវត្ថិភាព និងតើយើងអាចការពារ និងមើលថែទាំធ្មេញឱ្យសយ៉ាងណាបាន?។

ជាប្រក្រតីទៅធ្មេញទឹកដោះដែលដុះឡើងចំពោះក្មេងតូច នឹងមានពណ៌រាងស ធ្មេញពិតប្រាកដនឹងមានពណ៌រាងលឿងស្រាល ឬលឿងខ្ចី សម្រាប់មូលហេតុដែលធ្វើឱ្យពណ៌ធ្មេញមានការប្រែប្រួល អាចចែកចេញជា 2 ចំណុចគឺ ៈ

1 – ពណ៌របស់ធ្មេញធម្មជាតិ

គ្រោងសាងរបស់ធ្មេញប្រកបដោយ ស្រទាប់ស្រោបធ្មេញដែលនៅផ្នែកខាងក្រៅ ជាស្រទាប់ដែលថ្លា គ្មានពណ៌ ចំណែកពណ៌ដែលយើងមើលឃើញ គឺពណ៌របស់ស្រទាប់សាច់ធ្មេញ ដែលនៅលើមនុស្សម្នាក់ៗ ឬធ្មេញនីមួយៗមានកម្រាស់របស់ស្រទាប់ស្រោបធ្មេញមិនស្មើគ្នាទេ ធ្វើឱ្យពណ៌ធ្មេញរបស់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ។ ពេលអាយុច្រើនឡើង ធ្មេញដែលត្រូវប្រើការមកយូរហើយនោះ នឹងកើតការសឹករេចរឹល ធ្វើឱ្យស្រទាប់ស្រោបធ្មេញស្តើង មើលឃើញស្រទាប់សាច់ធ្មេញដែលមានពណ៌លឿងកាន់តែច្បាស់ឡើង តែក៏មានករណីដែលធ្មេញពិតប្រាកដដែលដុះឡើងមកហើយមានពណ៌ខុសប្រក្រតីផងដែរ ដូចជា អ្នកដែលបានទទួលថ្នាំប្រភេទ Tetracycline ច្រើន ដូចជាស្រ្តីមានគភ៌ ឬកំពុងបំបៅដោះកូន ឬក្មេងដែលបានទទួលសារធាតុហ្លូ៊អ័ររ៉ាយច្រើនជ្រុលពេកជាដើម។

2 – កំណកពណ៌ដែលមកជាប់នឹងធ្មេញ

បណ្តាលមកពីការមើលថែទាំសុខភាព និងអនាម័យក្នុងមាត់មិនល្អគ្រប់គ្រាន់ ធ្វើឱ្យកើតមានកំណកពណ៌ កំណកកំបោឡើងបាន។ ការបានទទួលថ្នាំប្រភេទខ្លះក៏ធ្វើឱ្យកើតកំណកពណ៌ជាប់នៅលើធ្មេញបានដែរ ដូចជា ថ្នាំខ្ពុរមាត់ប្រភេទ Cholrhexidine ជាដើម។

បើចង់ធ្វើឱ្យធ្មេញសឡើងនោះ យើងអាចធ្វើបាន តែត្រូវវាយតម្លៃជាមុនសិនថា តែពណ៌ធ្មេញដែលស្រអាប់នោះកើតឡើងដោយសារមូលហេតុអី? បើបណ្តាលមកពីកំណកព៌ណ និងកំណកកំបោនោះ គ្រាន់តែកោសកំណកកំបោនិងខាត់ធ្មេញចេញ ក៏អាចធ្វើឱ្យធ្មេញសឡើងបានទៅហើយ តែការព្យាបាលនេះទទួលបានលទ្ធផលខ្លាំងបំផុតត្រឹមតែស្មើនឹងពណ៌ធ្មេញពីធម្មជាតិរបស់សាម៉ីខ្លួនប៉ុណ្ណោះ បើត្រូវការភាពសដែលខ្លាំងជាងពណ៌ធ្មេញពីធម្មជាតិរបស់ខ្លួននោះ ក៏នឹងនាំឆ្ពោះទៅរកការលាងសម្អាតធ្មេញ តែសម្រាប់អ្នកដែលចង់មានធ្មេញសស្អាត ដោយមិនចាំបាច់លាងសម្អាតធ្មេញនោះ អាចធ្វើបានដោយវិធីងាយៗគឺ

1 – ដុសធ្មេញឱ្យស្អាតយ៉ាងតិចមួយថ្ងៃ 2 ដង គឺ ភ្ញាក់ពីគេង និងមុនចូលគេង បើដុសធ្មេញក្រោយពេលបាយគ្រប់ពេលបានផងនោះ គឺជាការប្រសើរណាស់ តែគួរក្រោយពេលបាយយ៉ាងតិច 30 នាទី បើសិនទទួលទានអាហារពពួកម្សៅ ស្ករ និងអាហារដែលមានភាពជាអាស៊ីតខ្ពស់។

2 – ប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់មួយថ្ងៃម្តង មុនពេលគេង ឬក្រោយពេលបាយគ្រប់ពេលជាការល្អ។

3 – ចៀសវាងអាហារ បន្លែផ្លែឈើ ភេសជ្ជៈណាដែលមានពណ៌ចាស់ខ្លាំង ព្រោះនឹងងាយកើតកំណកពណ៌តោងជាប់នៅលើស្រទាប់ស្រោបធ្មេញ តែបើត្រូវការទទួលទានវិញនោះ ចូរខ្ពុរមាត់ក្រោយពេលទទួលទានហើយ ញ៉ាំទឹកឱ្យច្រើន និងដុសធ្មេញ ប្រើខ្សែអំបោះខាត់ធ្មេញបន្ទាប់ពីទទួលទានហើយ 30 នាទី។

4 – ទៅជួបពេទ្យធ្មេញរៀងរាល់ 6 ខែម្តង ដើម្បីពិនិត្យមើលធ្មេញ កោសកំណកកំបោ និងខាត់ធ្មេញ៕

Advertisement