តើការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅ​តំបន់​អាមេរិក​ឡាទីន​ កាច​សាហាវប៉ុនណា?

តើការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅតំបន់អាមេរិកឡាទីន កាចសាហាវប៉ុនណា?

ខណៈដែលស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងតំបន់ជាច្រើនក្នុងពិភពលោក កំពុងចាប់ផ្ដើមល្អប្រសើរឡើងវិញជាបណ្ដើរៗ មិនថាតែទ្វីបអាស៊ី ឬអឺរ៉ុបនោះ អង្គភាពសាធារណៈសុខាភិបាល បានបញ្ជាក់ថា តំបន់អាមេរិកឡាទីន បានក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាលដាលថ្មីមួយរបស់ពិភពលោកហើយ។

ប្រេស៊ីលមានអ្នកឆ្លងមេរោគនេះជិត 8សែននាក់ហើយ ដែលនេះអាចនិយាយបានថា ច្រើនបំផុតលំដាប់លេខ2 របស់ពិភពលោក ឯប្រទេសជិតខាងផ្សេងទៀត ដូចជា មិកស៊ិក និងប៉េរូ ជាដើម ក៏កំពុងព្យាយាមទប់ទល់នឹងការឆ្លងរាលដាលដ៏ធំនេះយ៉ាងវីវក់ដែរ។

ខណៈដែលតួលេខអ្នកឆ្លងថ្មីនៅសហរដ្ឋអាមេរិក កំពុងចាប់ផ្ដើមនៅនឹង ហើយប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប ក៏កំពុងចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេសដែរនោះ តែស្ថានការណ៍នៅក្នុងចំណុចកណ្ដាលនៃការឆ្លងរាលដាលកូវីដ-19 ថ្មី របស់ពិភពលោក បែរជាកំពុងតែធ្ងន់ធ្ងរឡើងៗទៅវិញ។

សាកសពត្រូវបានទុកចោលនៅតាមចិញ្ចើមថ្នល់ក្នុងទីក្រុង ក្វាយអាគីល ទីក្រុងធំបំផុតរបស់ប្រទេសអេក្វាដ័រ

អ្នកឆ្លងមេរោគដែលបានទទួលការអះអាងដំបូងគេនៅក្នុងតំបន់អាមេរិកឡាទីន គឺនៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃទី26 កុម្ភៈ បើទោះជាអ្នកស្រាវជ្រាវបានប្រាប់ថា មានសញ្ញាបង្ហាញថា ចាប់ផ្ដើមមានអ្នកឆ្លងមេរោគនេះ តាំងពីខែមករា មកម្ល៉េះក៏ដោយ។

បន្ទាប់ពីនោះមក មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ ក៏ឆ្លងរាលដាលទៅគ្រប់ប្រទេសក្នុងតំបន់អាមេរិកឡាទីន ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគអឺរ៉ុប(European Centre for Disease Control and Prevention) បានកត់ត្រាទុកថា មកដល់ថ្ងៃនេះ មានអ្នកឆ្លងមេរោគច្រើនជាង 1.26លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 6ម៉ឺននាក់ហើយ។

ទោះបីជាតួលេខនេះ តិចជាងនៅក្នុងអឺរ៉ុប និងសហរដ្ឋអាមេរិកមែន តែការត្រួតពិនិត្យនៅក្នុងអាមេរិកឡាទីនមិនទូលំទូលាយឡើយ និងក៏អាចមានការស្លាប់ដែលមិនបានរាយការណ៍ជាផ្លូវការ ជាច្រើននាក់ទៀតផង។

ប្រេស៊ីល មានអ្នកឆ្លងមេរោគជិត 7សែននាក់ហើយ នេះជាចំនួនដែលច្រើនបំផុតលំដាប់លេខ2 ក្នុងពិភពលោក

ប្រទេសដែលមានប្រជាជនច្រើនបំផុត 2ប្រទេស ដូចជាប្រេស៊ីល និងមិកស៊ិក មានអ្នកស្លាប់ច្រើនបំផុត ដោយមានចំនួនច្រើនជាង 3.4ម៉ឺននាក់ និង 1.2ម៉ឺននាក់ តាមលំដាប់។

កាលពីថ្ងៃទី4 មិថុនា ប្រេស៊ីលមានរបាយការណ៍អ្នកស្លាប់ 1,349នាក់ ក្នុងរង្វង់ 24ម៉ោង ដែលនេះជាចំនួនខ្ពស់បំផុតជាប្រវត្តិសាស្ត្រ តែយ៉ាងណាក៏ដោយ ក៏ប្រេស៊ីល នៅមិនទាន់មានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបំពេញតួនាទីយ៉ាងស្ថិតស្ថេរដែរ។

កន្លងមក លោកប្រធានាធិបតី សាអ៊ី បូលសូណារ៉ូ របស់ប្រទេសប្រេស៊ីល បានប្រាប់ជាប់រហូតថា កូវីដ-19 មិនមែនជារឿងធ្ងន់ធ្ងរទេ និងក្នុងអំឡុងសប្ដាហ៍កន្លងទៅ លោកទើបតែប្រាប់ទៀតថា ចំនួនអ្នកស្លាប់ដែលកើនឡើងជារឿយៗនៅក្នុងប្រេស៊ីលនោះ គឺជា “កម្មវាសនា” របស់មនុស្សគ្រប់រូប និងបានបន្ទោសបណ្ដាញសារព័ត៌មានថា ជាអ្នកធ្វើឱ្យពលរដ្ឋប្រេស៊ីលភ័យភ្ញាក់ផ្អើល។

រដ្ឋាភិបាលមិកស៊ិក ត្រូវរងការរិះគន់យ៉ាងខ្លាំង ដែលបានចាប់ផ្ដើមបន្ធូរបន្ថយការបិទប្រទេស និងឱ្យធុរកិច្ចមួយផ្នែកត្រឡប់ទៅបើកដំណើរការឡើងវិញ

នៅប្រទេសមិកស៊ិក ក៏ដូចគ្នា កាលពីថ្ងៃទី4 មិថុនា មានចំនួនអ្នកស្លាប់ក្នុងរង្វង់ 24ម៉ោង ខ្ពស់បំផុតជាប្រវត្តិសាស្ត្រ 1,092នាក់ ចំណែកតួលេខអ្នកឆ្លងមេរោគប្រចាំថ្ងៃ ក៏ខ្ពស់បំផុតជាប្រវត្តិសាស្ត្រដូចគ្នា គឺ 3,912នាក់។

យ៉ាងណាក៏ដោយ អាជ្ញាធររដ្ឋបាលបានប្រាប់ថា តួលេខអ្នកឆ្លងមេរោគ និងអ្នកស្លាប់មែនទែន ប្រហែលជាខ្ពស់ជាងនេះច្រើន។ ចំណែករដ្ឋាភិបាល ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំង ដែលចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេស ឱ្យធុរកិច្ចមួយផ្នែកវិលមកដំណើរការវិញ ធ្វើឱ្យអង្គការសុខភាពប្រចាំភូមិភាគអាមេរិក(Pan American Health Organisation ឬ PAHO) ចេញមកព្រមាន មិនឱ្យរដ្ឋាភិបាល ឆាប់បន្ធូរបន្ថយវិធានការបិទប្រទេសជ្រុលពេក ព្រោះអាចនឹងធ្វើឱ្យស្ថានការណ៍ឆ្លងរាលដាលកាន់តែអាក្រក់ខ្លាំងឡើង។

លោកប្រធានាធិបតី សាអ៊ី បូលសូណារ៉ូ របស់ប្រទេសប្រេស៊ីល ប្រាប់ថា ចំនួនអ្នកស្លាប់ដែលកើនឡើងជារឿយៗនោះ គឺជា “កម្មវាសនា” របស់មនុស្សគ្រប់រូប និងបន្ទោសសារព័ត៌មានថា ជាអ្នកធ្វើឱ្យពលរដ្ឋប្រេស៊ីលភ័យភ្ញាក់ផ្អើល

ប្រទេសប៉េរូ មានចំនួនអ្នកឆ្លងមេរោគខ្ពស់បំផុតលំដាប់ទី10 ក្នុងពិភពលោក ដោយមានអ្នកស្លាប់ប្រមាណជា 5ពាន់នាក់ ចំណែកប្រទេសឈីលី មានអ្នកឆ្លងមេរោគថ្មី រាប់ពាន់នាក់ក្នុង 1ថ្ងៃៗ។

ប្រទេសអេក្វាដ័រ មានអត្រាការស្លាប់ ទល់នឹងចំនួនប្រជាជនខ្ពស់បំផុត ដោយមានអ្នកស្លាប់ប្រមាណជា 20នាក់ ក្នុងចំនួនប្រជាជន 1សែននាក់។

ធៀបជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប

ខុសពីសហរដ្ឋអាមេរិក និងប្រទេសភាគច្រើននៅក្នុងទ្វីបអឺរ៉ុប ចំនួនអ្នកស្លាប់ក្នុងបណ្ដាប្រទេសក្នុងអាមេរិកឡាទីន នៅតែកើនខ្ពស់ឡើងជារឿយៗ។ តួលេខអ្នកស្លាប់នៅក្នុងប្រទេសប្រេស៊ីល មិកស៊ិក និងប៉េរូ កើនឡើង 2ដង រៀងរាល់ 2-3សប្ដាហ៍ ក្នុងខណៈដែលចំនួននេះ ត្រូវប្រើពេល 3ខែសម្រាប់ចក្រភពអង់គ្លេស 8ខែសម្រាប់ប្រទេសអ៊ីតាលី និង11ខែសម្រាប់ប្រទេសបារាំង។

ចំណែកសហរដ្ឋអាមេរិកវិញ មានអ្នកស្លាប់កើនឡើង 2ដង រៀងរាល់ 2ខែ។

ការងារសិក្សាស្រាវជ្រាវ ដោយមហាវិទ្យាល័យវ៉ាស៊ីនតោន បានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងប្រទេសប្រេស៊ីល អាចខ្ពស់ដល់ 1.25សែននាក់ ក្នុងអំឡុងដើមខែសីហា ដែលនឹងកើនឡើង 4ដង ពីចំនួនដែលកំពុងខ្ពស់ឡើងក្នុងខណៈនេះ។

វេជ្ជបណ្ឌិត ខារីសា អេតៀង ប្រធានអង្គការសុខភាពពិភពលោកភូមិភាគអាមេរិក បានប្រាប់ថា “គ្មានអ្វីគួរសង្ស័យសោះឡើយថា ខណៈនេះភូមិភាគរបស់យើង បានក្លាយជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលដ៏ធំថ្មីមួយរបស់ពិភពលោកទៅហើយ”

អ្នកជំនាញការប្រាប់ថា ច្រើនសប្ដាហ៍ទៀត ទម្រាំតែការឆ្លងរាលដាលនៅក្នុងប្រទេសខ្លះក្នុងអាមេរិឡាទីន នឹងទៅដល់ចំណុចវិបត្តិខ្ពស់បំផុត។

តើត្រូវទប់ទល់យ៉ាងណា?

មិកស៊ិក និងប្រេស៊ីល នៅតែមិនប្រើវិធានការបិទប្រទេសដែលម៉ឺងម៉ាត់ ដូចប្រទេសដទៃទៀត។ ​ទាំង 2ប្រទេស សុទ្ធតែបានចេញការណែនាំថា ប្រជាជនគួរតែប្រតិបត្តិខ្លួនយ៉ាងណា តែក៏មិនបានចេញច្បាប់ហាមឃាត់កម្រិតជាតិដែរ ហើយលោកប្រធានាធិបតី សាអ៊ី បូលសូណារ៉ូ របស់ប្រេស៊ីល ក៏បានបញ្ជាក់ជាច្រើនលើកថា កូវីដ-19 មិនមែនជារឿងអាក្រក់ទេ។

លោក ម៉ាសៀ ខាស្ត្រូ សាស្ត្រាចារ្យផ្នែកសាធារណៈសុខាភិបាល នៅមហាវិទ្យាល័យ ហាវើដ បានបញ្ជាក់ថា វិធានការទប់ទល់របស់ប្រទេសប្រេស៊ីល មិនល្អឡើយ តែពេលនេះគោលបំណងនៃបទបញ្ជាពីមនុស្សលំដាប់អ្នកគ្រប់គ្រងប្រទេស ក៏ច្របូកច្របល់ និងមិនត្រូវគ្នា ខុសពីប្រទេសអាហ្សង់ទីន និងអ៊ុរុហ្កាយ ដែលល្មមអាចគ្រប់គ្រងស្ថានការណ៍បានខ្លះៗហើយ។

តែយ៉ាងណាក៏ដោយ ទោះជាប្រទេសប៉េរូ នឹងមានវិធានការបិទប្រទេសដ៏ម៉ឹងម៉ាត់តឹងរ៉ឹងបំផុតក្ដី តែតួលេខអ្នកឆ្លងមេរោគ និងអ្នកស្លាប់ ក៏នៅតែកើនឡើងខ្ពស់ជារឿយៗ និងមានបទបញ្ជាឱ្យពន្យារវិធានការបិទប្រទេសរហូតដល់ដំណាច់ខែនេះ។

ទោះជាប្រទេសឈីលី អាចពិនិត្យរកមេរោគពីប្រជាជនបានច្រើនជាងគេបំផុតក្នុងតំបន់ ដែលស្ថិតក្នុងចំនួនប្រមាណ 32នាក់ ក្នុងចំនួនប្រជាជន 1,000នាក់មែន តែការពិនិត្យរកមេរោគនៅក្នុងតំបន់នេះ ក៏នៅតែអាចរាប់បានថា តិចខ្លាំងណាស់ បើប្រៀបធៀបនឹងតំបន់ផ្សេងៗ ដូចជាប្រទេសមិកស៊ិក ដែលមានការពិនិត្យរកមេរោគ គិតទៅប្រមាណជា 2នាក់ ក្នុងចំនួនប្រជាជន 1,000នាក់ ធៀបនឹង 57នាក់ ក្នុងចំនួនប្រជាជន 1,000នាក់នៅក្នុងសហរដ្ឋអាមេរិក។

ការវិភាគស្រាវជ្រាវដោយមហាវិទ្យាល័យ សៅប៉ូឡូ បានវាយតម្លៃថា ប្រទេសប្រេស៊ីល អាចមានអ្នកឆ្លងមេរោគមែនទែនច្រើនជាងតួលេខផ្លូវការដល់ទៅ 15ដងឯណោះ តែយ៉ាងណាក៏ដោយ លោកប្រធានាធិបតី បូលសូណារ៉ូ ក៏នៅតែចង់ឱ្យប្រទេសប្រេស៊ីល ត្រឡប់មកស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស កណ្ដាលក្ដីវិតក្កកង្វល់របស់ប្រទេសជិតខាងផ្សេងទៀត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement