ជិត​100,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ លោក​ Trump ចេញ​ទៅ​លេង​កីឡា​

ជិត​100,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 Trump ចេញ​ទៅ​លេង​កីឡា​

សហរដ្ឋ​អាមេរិក​​បាន​​រាយការណ៍​ថា​ អ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​COVID-19 មាន​ចំនួន​ជាង​1,000​នាក់​ នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជិត​99,000​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​កូរ៉ូណា​ជិត​1.7​លាន​នាក់​​នៅ​ទូទាំង​ប្រទេស​។

តួលេខ​សរុប​នៃ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ គឺ 1,666,244​នាក់ និង​98,661​នាក់​ កើន​22,659​នាក់ និង​1,071​នាក់​ ធៀប​នឹង​ម្សិល​មិញ។

រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​ បាន​បន្ធូរ​បន្ថយ​ការរឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា​។ ប្រធានាធិបតី​អាមេរិកាំង​ កាលពី​ថ្ងៃទី22​កន្លង​ទៅ បាន​ចេញ​បទ​បញ្ជា​មួយ​ អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ច្រើន​បំផុត​ត្រឹម​​10​នាក់​​ ឱ្យ​តែ​ពួក​គេ​​គោរព​ទៅ​តាម​វិធាន​ការ​រក្សា​គម្លាត​សង្គម​។

ថ្ងៃទី​23​ឧសភា មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​ទៅ​លេង​សមុទ្រ​ និង​តំបន់​ទេសចរណ៍​ផ្សេង​ៗ​​​ក្នុង​ឱកាស​រដូវ​បុណ្យ​ជាតិ​ Memorial Day(ទិវា​ចងចាំ​វីរជន​ពលី​អាមេរិកាំង​) បន្ទាប់​ពី​បាន​ជាប់​ក្នុងបម្រាម​គោចរ​​អស់​មួយ​រយៈ​ពេល​វែង​កន្លង​មក​​នេះ​។

ក្នុងចំណោម​មនុស្ស​ដែល​បាន​ចេញ​ទៅ​លេង​ខាង​ក្រៅកាល​ពី​ថ្ងៃ​សៅរ៍​​ ក៏​មាន​លោក​ប្រធានាធិបតី​ Trump ផងដែរ​ ដែល​ពេល​នោះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្លិប​ Trump នៅ​ក្នុង​រដ្ឋ​ Virginia ដើម្បី​លេង​វាយ​កូន​ហ្គោល​។

លោក Trump ក៏​កំពុង​តែ​ជំរុញ​ឱ្យ​រដ្ឋ​នានា​​បើក​ទ្វារ​សេដ្ឋកិច្ច​ឡើង​វិញ​ដើម្បី​ទប់​ស្កាត់​ឱន​ភាព​សេដ្ឋ​កិច្ច​​នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement