បង្ខាំងខ្លួននៅតែក្នុងផ្ទះ គេចពីកូវីដ-19 ធ្វើឱ្យសិស្សស្រីជប៉ុន “មានផ្ទៃពោះក្នុងវ័យរៀន” កើនឡើងខ្ពស់

ទប់ស្កាត់មេរោគ តែមិនទប់ស្កាត់ការលូកលាន់ផ្លូវភេទ!! សិស្សស្រីកម្រិតមធ្យមសិក្សាជនជាតិជប៉ុន ដែលបានទទូចសុំការជួយសង្គ្រោះរឿងការមានគភ៌ដោយមិនបានតាំងចិត្ត បានកើនឡើងច្រើនជាប្រវត្តិសាស្ត្រ ដែលគេសន្និដ្ឋានថា ជាផលប៉ះពាល់ដែលបណ្ដាលមកពីការបង្ខាំងខ្លួននៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ធ្វើឱ្យមានឱកាសកើតមានភេទសម្ព័ន្ធ រហូតដល់នាំឆ្ពោះទៅរកការតាំងគភ៌ដែលមិនបានត្រៀមខ្លួន។

មន្ទីរពេទ្យជិខេ ក្នុងខេត្តឃូម៉ាម៉ូតុះ មន្ទីរពេទ្យជំនាញខាងសម្ភព រោគស្ត្រី និងកុមារ បានបង្ហើបឱ្យដឹងថា ក្នុងខែមេសាកន្លងទៅ ខាងមន្ទីរពេទ្យបានទទួលការសុំប្រឹក្សារឿងការតាំងគភ៌ដោយមិនបានត្រៀមខ្លួនជាមុន ច្រើនដល់ទៅ 592ករណី ជាចំនួនដែលខ្ពស់បំផុត ចាប់តាំងពីមានការកត់ត្រាស្ថិតិមក។ ក្នុងចំនួននេះ មានសិស្សស្រីក្នុងកម្រិតមធ្យមសិក្សាច្រើនដល់ទៅ 75ករណី ឬ 13% កើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយសិស្សស្រីដែលមកសុំការប្រឹក្សារឿងការតាំងគភ៌ទាំងនោះ ជាក្រុមអ្នកដែលមានអាយុទាបជាង 20ឆ្នាំ មានចំនួនច្រើនជាងគេបំផុត។

មន្ទីរពេទ្យជិខេ ក្នុងខេត្តឃូម៉ាម៉ូតុះ បានរៀបចំបង្កើតមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សារឿងការតាំងគភ៌ ទាំងតាមរយៈទូរស័ព្ទ និងអ៊ីមេល ពេញ 24ម៉ោង។ មន្ទីរពេទ្យមួយនេះ ត្រូវបានគេស្គាល់ តាមរយៈការបង្កើត “ទូទទួលទារកដែលបោះចោល” ដែលស្ត្រីក្មេងៗដែលតាំងគភ៌ដោយគ្មានចេតនា បាននាំយកទារកមកប្រគល់ឱ្យខាងមន្ទីរពេទ្យដោយមិនចាំបាច់បង្ហាញខ្លួន ដើម្បីស្វែងរកអ្នកមានបំណងយកទៅចិញ្ចឹមបន្ត។

“ទូទទួលទារកដែលបោះចោល” ដែលស្ត្រីក្មេងៗ ដែលមានគភ៌ដោយអចេតនា នាំយកទារកមកប្រគល់ឱ្យមន្ទីរពេទ្យ

មន្ត្រីរបស់មន្ទីរពេទ្យបានបញ្ជាក់ថា តាំងពីបើកមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សាកាលពីឆ្នាំ2007 មក ឆ្នាំនេះមានសិស្សស្រីក្មេងៗ មកសុំការជួយសង្គ្រោះច្រើនជាប្រវត្តិសាស្ត្រ ធ្វើគេសន្និដ្ឋានថា វាជាលទ្ធផលដែលបណ្ដាលមកពីការប្រកាសសភាវអាសន្ននៃជំងឺកូវីដ-19 ធ្វើឱ្យប្រជាជនត្រូវនៅតែក្នុងផ្ទះ ដែលជាឱកាសធ្វើឱ្យបណ្ដាយុវវ័យប្រុស-ស្រី មានភេទសម្ព័ន្ធ និងកើតការតាំងគភ៌ដោយមិនបានប៉ងប្រាថ្នាឡើង។

សិស្សស្រីថ្នាក់មធ្យមសិក្សា ដែលមកសុំការប្រឹក្សា មានទាំងប្រាប់ថា “មិនដឹងពីវិធីការពារការតាំងគភ៌” “មានភេទសម្ព័ន្ធលើកដំបូង ក៏ស្រាប់តែតាំងគភ៌តែម្ដង” “មិនអាចចិញ្ចឹមកូនក្នុងវ័យរៀនបាន” លាក់បាំងឪពុកម្ដាយរឿងតាំងគភ៌” “ត្រូវការរំលូតចេញ” ជាដើម ល និងល។

វេបផេចរបស់មជ្ឈមណ្ឌលផ្ដល់ការប្រឹក្សារឿងការតាំងគភ៌

ខាងមន្ទីរពេទ្យបានដាស់តឿនថា ការមានផ្ទៃពោះដោយគ្មានចេតនា នឹងនាំឆ្ពោះទៅរកការសម្រេចចិត្តរំលូតកូនចោលបែបខុសច្បាប់ ឬប្រើថ្នាំដែលបង្កគ្រោះថ្នាក់ដល់រាងកាយ កើតក្ដីព្រួយកង្វល់ក្នុងចិត្ត រួមទាំងបញ្ហាខាងសេដ្ឋកិច្ច និងសង្គម ដូច្នេះមន្ទីរពេទ្យសូមណែនាំឱ្យសិស្សស្រីក្មេងៗ ដែលប្រឈមនឹងបញ្ហានេះ កុំលាក់ទុកក្ដីទុក្ខព្រួយតែម្នាក់ឯង ខាងមន្ទីរពេទ្យបានត្រៀមរួចជាស្រេចហើយ ក្នុងការផ្ដល់ការប្រឹក្សា និងរួមគ្នាស្វែងរកវិធីដែលល្អបំផុតសម្រាប់អ្នកទាំងអស់ ដោយមិនបង្ហាញអត្តសញ្ញាណរបស់សិស្សស្រីទាំងអស់នោះឡើយ៕

ប្រភព៖ សារព័ត៌មានបរទេស

 

Advertisement