ទឹកសណ្តែក គុណប្រយោជន៍ធំៗចំពោះសុខភាព

ភេសជ្ជៈដែលបានទាំងសុខភាព និងថែមទាំងញ៉ាំបានគ្រប់ពេលដូចជាទឹកសណ្តែកនេះ អ្នកណាៗក៏ដឹងដែរថា មានប្រយោជន៏ ជួយបង្កើនប្រូតេអុីន តែថ្ងៃនេះយើងនឹងមកស៊ីជម្រៅអំពីប្រយោជន៍របស់ទឹកសណ្តែកយ៉ាងលម្អិតដូចតទៅ។

ប្រយោជន៍របស់ទឹកសណ្តែក

សណ្តែកលឿងដែលចម្រាញ់ចេញមក និងស្ងោររហូតក្លាយជាទឹកសណ្តែកនោះ សម្បូរទៅដោយប្រូតេអុីន ដែលអ្នកមានប្រតិកម្មចាញ់ទឹកដោះគោអាចបែរមកទទួលយកប្រូតេអ៊ីនពីទឹកសណ្តែកបាន និងទឹកសណ្តែកថែមទាំងងាយស្រួលរំលាយ គ្មានជាតិខ្លាញ់ ញ៉ាំហើយមានអារម្មណ៍ថាឆ្អែតបែបមិនណែនពោះ រួមទាំងប្រយោជន៍ពីទឹកសណ្តែកដែល ឡារ៉ែនកំពុងណែនាំនេះ បើបានដឹងក៏ប្រហែលជាមិនចម្លែកចិត្តទេដែលនរណាៗក៏លើកតំកើងឱ្យទឹកសណ្តែកជា ស៊ូភើរ៍ហ្វូ៊ត ដែរ។

1 – មានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម

ទឹកសណ្តែកលឿង ឬទឹកសណ្តែកមានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម ទាំងប្រូតេអុីន ជាតិខ្លាញ់ ខាបូហាយដ្រេត សារធាតុរ៉ែ និងវីតាមីន ជាពិសេសបរិមាណសារធាតុអាហារប្រភេទប្រូតេអ៊ីននៅក្នុងទឹកសណ្តែកមានច្រើនប្រហាក់ប្រហែលនឹងសាច់សត្វឯណោះ។

2 – មានអាស៊ីតអៈមីណូដែលចាំបាច់ចំពោះរាងកាយគ្រប់ទាំង 10 ប្រភេទ

ប្រូតេអ៊ីន គ្លោប៊ូលីន ( Globulin ) ដែលប្រទះឃើញនៅក្នុងទឹកសណ្តែក ប្រកបទៅដោយអាស៊ីតអៈមីណូដែលចាំបាច់ចំពោះរាងកាយគ្រប់ទាំង 10 ប្រភេទ និងថែមទាំងជាប្រូតេអុីនប្រភេទដែលរាងកាយបឺតជ្រាបបានងាយ ដោយ 95% របស់ប្រូតេអុីនក្នុងទឹកសណ្តែក រាងកាយអាចបឺតជ្រាបយកទៅប្រើជាប្រយោជន៍បានទាំងអស់។

ក្រៅពីនេះ ការងារស្រាវជ្រាវពី Molecular Nutrition & Food Research ឆ្នាំ 2011 ក៏បានឱ្យដឹងដែរថា ទឹកសណ្តែកនៅមាន លេកស៊ីទីន ( Lecithin), អូសូហ្វ្លាវ៉ូន ( isoflavone), អូលីហ្គោ ( Oligo) និងហ្វៃប៊ើរ៍ ដែលមានគុណសម្បត្តិជួយពន្យឺតភាពចាស់ជរា ជួយសម្រួលតុល្យភាពរបស់អ័រម៉ូន និងថែមទាំងជួយក្នុងការបន្ទោបង់ និងការពារជំងឺទឹកនោមផ្អែម បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ រោគធាត់ និងថែបំប៉នសរសៃឈាមក្រហមទៀតផង។

3 – ជួយបញ្ចុះកូលេស្តេរ៉ូលក្នុងសរសៃឈាម

ស្ថាប័នអាហារ និងថ្នាំ ព្រមទាំងសមាគមរោគបេះដូងរបស់ប្រទេសអាមេរិក បានបង្ហើបឱ្យដឹងថា ទឹកសណ្តែកលឿងមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនក្នុងអត្រាចំណែកដែលខ្ពស់ ដែលអាស៊ីតខ្លាញ់ប្រភេទនេះនឹងជួយបញ្ចុះកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ការពារការប្រមូលសន្សំរបស់ខ្លាញ់នៅក្នុងសរសៃឈាមខាងក្នុង ដែលជាមូលហេតុសំខាន់របស់ការកើតជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់បាន។

4 – ប្រភពរួមវីតាមីន

ជាពិសេសវីតាមីន B រួម ណៃអាស៊ីន រួមទាំងវីតាមីន A វីតាមីន E វីតាមីន D និងវីតាមីន C ក្នុងបរិមាណបន្តិចបន្តួច តែក៏អាចនិយាយបានថាត្រឹមតែញ៉ាំទឹកសណ្តែកសៀងមួយថង់ក៏ប្រមូលបានគ្រប់វីតាមីនដែរ និងថែមទាំងអ្នកណាដែលចូលចិត្តញ៉ាំទឹកសណ្តែករាល់ថ្ងៃផងនោះ សាច់ស្បែក និងរាងកាយនឹងស្រស់ថ្លា ព្រោះមានវីតាមីនទាំងនេះជួយថែបំប៉នរាងកាយហ្នឹងឯង។

5 – បំប៉នខួរក្បាល បង្កើនការចងចាំ

ទឹកសណ្តែកថែមទាំងឧត្តមសម្បូរទៅដោយសារធាតុអាហារផ្សេងៗទៀតជាច្រើន មិនថាតែខាបូហាយដ្រេតដែលផ្តល់កម្លាំងថាមពល កាល់ស្យូម ផូស្វ័រ នឹងជួយបំប៉នទាំងរាងកាយ ទាំងខួរក្បាល និងជួយបង្កើនសមត្ថភាពក្នុងការចងចាំបានទៀតផង។

6 – ទឹកសណ្តែក បញ្ចុះភាពធាត់

ទឹកសណ្តែកមានកាឡូរីប្រមាណជា 75 – 200 គីឡូកាឡូរី អាស្រ័យលើភាពផ្អែម និងគ្រឿងដែលផ្សំនៅក្នុងទឹកសណ្តែកមួយកែវៗនោះ រួមទាំងក្នុងទឹកសណ្តែកថែមទាំងគ្មានកូលេស្តេរ៉ូល និងមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនទៀតផង។

ដូច្នេះអ្នកដែលសង្ស័យថា តើញ៉ាំទឹកសណ្តែកហើយធាត់ឬអត់នោះ ប្រហែលជាត្រូវឆ្លើយប្រាប់ពេលនេះហើយថា បើអ្នកញ៉ាំទឹកសណ្តែកបែបមិនសូវផ្អែម មិនថែមគ្រឿង រួមទាំងគ្រប់គ្រងការហូបចុក និងហាត់ប្រាណជាប់ជាប្រចាំនោះ ភាពធាត់នឹងមិនសួររកមុខអ្នកឡើយ៕

Advertisement