បាក់ឆ្អឹង (Bone fracture) និងការសង្រ្គោះបឋម!

បាក់ឆ្អឹង គឺការមានស្នាមដាច់ ស្នាមបែក ឬមានភាពមិនតជាប់គ្នារបស់សាច់ឆ្អឹង ជាសភាវដែលជួបប្រទះញឹកញាប់នៅលើកុមារ និងមនុស្សធំ។ ភាគច្រើនៗបណ្ដាលមកពីគ្រោះថ្នាក់ឧប្បត្តិហេតុដែលមានកម្លាំងប៉ះខ្លាំងរហូតដល់ធ្វើឱ្យឆ្អឹងបាក់ និងបង្កឱ្យកើតអាការឈឺចុកចាប់ ហើម កម្រើក ឬធ្វើចលនាមិនបាន ឬធ្វើចលនាបានដោយខុសប្រក្រតី។ នាពេលបច្ចុប្បន្ននេះការព្យាបាលឆ្អឹងបាក់មានភាពទំនើបជាងមុនឆ្ងាយណាស់ អាចព្យាបាលឱ្យជា និងប្រើប្រាស់បានឡើងវិញក្នុងរយៈពេលដ៏ខ្លី មិនចាំបាច់ពិការដោយសារភាពខុសពីទម្រង់ដើម ឬឆ្អឹងវែងខ្លីដូចកាលពីមុនទៀតឡើយ។

មូលហេតុរបស់ការបាក់ឆ្អឹង

ជាប្រក្រតី ឆ្អឹងក្នុងផ្នែកនីមួយៗក្នុងរាងកាយមានភាពរឹងមាំ និងមានតួនាទីទប់ទល់នឹងកម្លាំងប៉ះបុកពីការធ្វើកិច្ចការងារផ្សេង​ៗបានយ៉ាងល្អ តែបើសិនជាបានទទួលកម្លាំងបុកប៉ះយ៉ាងខ្លាំងក្លា ឆ្អឹងក៏អាចបែក និងបាក់បានដែរ ដោយមានមូលហេតុដូចតទៅ ៈ

– ជួបឧប្បត្តិហេតុ ដូចជា ដួល រថយន្តបុក រថយន្តក្រឡាប់ ដែលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។

– ការលេងកីឡាធ្ងន់ៗ ខ្លាំងៗ។

– ត្រូវវាយ ឬត្រូវរងកម្លាំងបោកប៉ះខ្លាំងក្លា។

– ធ្លាក់ពីលើទីខ្ពស់ ឬធ្លាក់មកបោកប៉ះនឹងកន្លែងដែលរឹងខ្លាំង។

– នៅលើមនុស្សចាស់ អ្នកជំងឺពុកឆ្អឹង ឬអ្នកជំងឺមហារីកប្រភេទខ្លះ ពេលប៉ះនឹងកម្លាំងបោកប៉ះត្រឹមតែបន្តិចបន្តួច ក៏អាចបណ្ដាលឱ្យបាក់ឆ្អឹងបានដែរ(ភាគច្រើនឆ្អឹងភ្លៅ ឬឆ្អឹងត្រគាក)។

អាការរបស់ការបាក់ឆ្អឹង

– មានការឈឺចាប់នៅត្រង់ឆ្អឹងដែលបាក់ ឬនៅជុំវិញកន្លែងដែលរងរបួស។

– មានអាការហើមជុំវិញកន្លែងដែលឆ្អឹងបាក់ មានស្នាមជាំខៀវ និងអាចមានឈាមហូរចេញមក។

– ផ្នែកដែលបាក់ អាចមានលក្ខណៈខុសរូបរាង ខុសទម្រង់ដើមក្រោយការរងរបួស ដូចជា ដៃជើងកោងង ខ្លីវែងជាងខាងដែលប្រក្រតី ឬវៀចរមួលខុសប្រក្រតី។

– អ្នកខ្លះអាចមានឆ្អឹងដែលបាក់ចាក់ធ្លុះសាច់ចេញមក។

– មិនអាចកម្រើក ឬប្រើការកន្លែងដែលមានការបាក់ឆ្អឹងនោះបាន។

– អាចមានឮសូរសំឡេងបាក់ឆ្អឹងនៅពេលរងឧប្បត្តិហេតុ និងជួនកាលបើសាកល្បងសង្កត់ស្រាលៗ អាចឮសូរសំឡេងឆ្អឹងសង្កៀតគ្នា។

ការធ្វើបឋមព្យាបាលអាការឆ្អឹងបាក់

ជាមធ្យម មនុស្សយើងនឹងធ្លាប់ទទួលរងការបាក់ឆ្អឹងប្រមាណជា 2ដងក្នុងមួយជីវិត ទោះជានៅក្នុងប្រទេសដែលអភិវឌ្ឍន៍ហើយក៏ដោយ ដូច្នេះទើបវាមិនមែនជារឿងដែលកើតឡើងដោយកម្រនោះទេ។ នៅពេលវាដូច្នេះ យើងគួរផ្ដល់ភាពសំខាន់ក្នុងការរៀនយល់ដឹងពីវិធីការធ្វើបឋមព្យាបាលអាការបាក់ឆ្អឹងយ៉ាងត្រឹមត្រូវដើម្បីទុកជួយសង្រ្គោះខ្លួនឯង ក្រុមគ្រួសារ ឬអ្នកដទៃដែលធ្លាក់ក្នុងស្ថានការណ៍អាសន្នបែបនេះ។

1 . វាយតម្លៃបរិវេណដែលរងរបួស ព្រោះមុខរបួសពីឧប្បត្តិហេតុមិនបានធានាថា សុទ្ធតែមើលឃើញឆ្អឹងបាក់ទាំងអស់នោះទេ ជាពិសេសនៅលើក្បាល ឆ្អឹងខ្នង ឬឆ្អឹងត្រគាកទាល់តែមានការថត X-Ray ទើបបញ្ជាក់បានច្បាស់ តែបើសិនសង្ស័យថា មានឆ្អឹងបាក់ ឬប្រេះនៅត្រង់បរិវេណទាំងនោះ មិនគួរធ្វើការបំផ្លាស់ទីជនរងគ្រោះជាដាច់ខាត។

2 . ទូរស័ព្ទហៅរថយន្តសង្រ្គោះឱ្យបានលឿនបំផុត បើសិនឃើញមានមុខរបួសធ្ងន់ធ្ងរ និងគិតថា ប្រហែលជាមានឆ្អឹងបាក់។

3 . បើឃើញមានចេញឈាម ចូរធ្វើការឃាត់ឈាមជាមុនជានិច្ច មិនថាឆ្អឹងនឹងបាក់ឬក៏អត់នោះទេ ព្រោះថា ការដែលឈាមហូរចេញមកពីសរសៃឈាមធំនឹងធ្វើឱ្យជនរងគ្រោះស្លាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

4 . តាំងស្មារតី និងពិនិត្យមើលខ្លាចក្រែងជនរងគ្រោះមានអាការភិតភ័យរហូតគាំងបេះដូង ព្រោះប្រតិកម្មភាគច្រើនរបស់ជនរងគ្រោះដែលគេតែងសង្កេតឃើញគឺ មានអារម្មណ៍ភិតភ័យខ្លាំង ភ្ញាក់ផ្អើល និងសន្លប់បាត់ស្មារតី។ អ្នកជួយសង្គ្រោះគួរនិយាយយ៉ាងជឿជាក់ថា ឡានពេទ្យជិតមកដល់ហើយ និងអ្វីគ្រប់យ៉ាងនឹងមានសុវត្ថិភាព។

ដំបូន្មានសំខាន់ដែលលោកអ្នកចាំបាច់ត្រូវដឹង

– បើចាំបាច់ត្រូវដោះសម្លៀកបំពាក់ជនរងគ្រោះចេញ គួរប្រើវិធីកាត់តាមគែមថ្នេរខោ ឬអាវ ដោយឱ្យជនរងគ្រោះនៅដេកស្ងៀម ដើម្បីកាត់បន្ថយការធ្វើចលនាឱ្យនៅតិចបំផុត។

-បើឆ្អឹងបាក់ធ្លុះចេញមកក្រៅសាច់ ហាមទាញឆ្អឹងចូលទៅវិញ ព្រោះនឹងធ្វើឱ្យមេរោគ និងវត្ថុកខ្វក់ផ្សេងៗពីខាងក្រៅចូលទៅក្នុងមុខរបួស តែគួរប្រើក្រណាត់ស្អាតបិទមុខរបួស ហើយចងអប និងរង់ចាំរថយន្តសង្រ្គោះ។

– ក្នុងករណីជនរងគ្រោះបាក់ឆ្អឹងនៅត្រង់ភ្លៅ ឆ្អឹងខ្នង ក្បាល ឬក ឬឆ្អឹងត្រគាក មិនគួរធ្វើចលនារាងកាយជនរងគ្រោះជាដាច់ខាត និងរង់ចាំរហូតរថយន្តសង្រ្គោះមកដល់ ព្រោះការធ្វើចលនាដែលខុសវិធី នឹងធ្វើឱ្យកន្លែងរបួសកាន់តែធ្ងន់ធ្ងរឡើង។

– តមឱ្យជនរងគ្រោះញ៉ាំទឹក ឬចំណីអាហារ រហូតទាល់តែដល់ដៃគ្រូពេទ្យ ព្រោះជនរងគ្រោះខ្លះអាចចាំបាច់ត្រូវធ្វើការវះកាត់​ ភ្លាមៗ៕

Advertisement