COVID-19! អ្នក​ទោស​អាមេរិកាំង​ ​ចម្លង​​វីរុស​ដល់​ខ្លួន​ឯង ដើម្បី​បាន​រួច​ពី​ពន្ធ​នាគារ

COVID-19! អ្នក​ទោស​អាមេរិកាំង​ ​ចម្លង​​វីរុស​ដល់​ខ្លួន​ឯង ដើម្បី​បាន​រួច​ពី​ពន្ធ​នាគារ

អ្នក​ទោស​មួយ​ចំនួន​នៅ​ឯពន្ធ​នាគារ​​ក្នុង​រដ្ឋ​ California នៃ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​សមត្ថ​កិច្ច​រកឃើញ​ថា មាន​ការ​ព្យាយាម​​ក្នុង​ការ​ចម្លង​វីរុស​COVID-19​ មក​លើ​ខ្លួន​ឯង​ ក្នុង​បំណង​ជួយ​ឱ្យ​ពួកគេ​បាន​រួច​ខ្លួន​ពី​ពន្ធនាគារ​។

ស្នង​ការ​​នគរ​បាល​​ក្រុង​ Los Angeles នៃ​រដ្ឋ​ California លោក Alex Villanueva កាល​ ពី​ថ្ងៃទី​11​ឧសភា​ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​មាន​ភ័ស្តុ​តាង​បញ្ជាក់​ថា អ្នកទោស​មួយ​ចំនួន​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​នៅ​ Los Angeles កំពុង​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​បាន​ឆ្លង​វីរុស​COVID-19។

នៅក្នុង​ឃ្លីប​វីដេអូ​​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ទុក​ជា​ភ័ស្តុ​តាង គេ​ឃើញ​ថា​ អ្នក​ទោស​មួយ​ចំនួន​បាន​នាំ​គ្នា​ផឹក​ទឹក​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បំពង់​ទឹក​មួយ​ដែល​មាន​ផ្ទុក​វីរុស​COVID-19។ ក្រោយ​មក ពួក​គេ​បាន​លាក់​បំពង់​ទឹក​នេះ​ និង​រង់​ចាំ​ការ​ដោះ​លែង​​ព្រោះ​ឆ្លង​វីរុស​។

Villanueva បាន​ប្រាប់​សារ​ព័ត៌មាន​ Los Angeles Times ថា “ពិត​ជា​មាន​ការ​ពិបាក​ទ្រាំ​ណាស់​នៅ​ពេល​​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​​កំពុង​ព្យាយាម​ចម្លង​មេរោគ​មក​ឱ្យ​ខ្លួន​ពួក​គេ​ផ្ទាល់”។

សកម្ម​ភាព​នៃ​​ល្បិច​ខាង​លើនេះ​​ត្រូវ​បាន​ថត​ជា​វីដេអូ​ បន្ទាប់​ពី​សមត្ថ​កិច្ច​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ពី​អ្នក​ទោស​ម្នាក់​ដែល​បាន​រាយ​ការណ៍​ថា ខ្លួន​បាន​ឃើញសម្ភារ​មួយ​ចំនួន​ដែល​អ្នក​ទោស​ផ្សេង​ៗ​ជឿ​ថា វា​អាច​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​ឱ្យ​ពួកគេ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា អ្នកទោស​ដែល​បាន​រាយ​ការណ៍​នេះ​ ហាក់​ត្រូវ​បាន​អ្នក​ទោស​ដទៃ​វាយ​ដំ ក្រោយ​ពី​បាន​រំខាន​ដល់​សកម្ម​ភាព​នៃ​ការ​ព្យាយាម​បង្ក​ជំងឺ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​។

រាប់​ចាប់​ពី​វីរុស​COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​សហរដ្ឋ​អាមេរិក មាន​អ្នក​ទោស​357​នាក់​បាន​ឆ្លង​វីរុស​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​នេះ​​ ក្នុង​ចំណោម​នោះ​ មាន​អ្នក​ទោស​117​នាក់​បាន​ជា​សះស្បើយ​។

ចំនួន​អ្នក​ទោស​នៅ​ក្នុង​តំបន់ Los Angeles ត្រូវ​បាន​កាត់​បន្ថយ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លង​ទៅ បណ្ដា​ពន្ធ​នាគារ​ដែល​មាន​អ្នក​ទោស​ប្រមាណ​ជា​17,000​នាក់ ពេល​នេះ​នៅ​សល់​ត្រឹម​11,723​នាក់​ប៉ុណ្ណោះ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement