អតីត​ប្រធានាធិបតី​អាមេរិកាំង​ រិះគន់​លោក Trump យ៉ាង​ចាស់​ដៃ​ ខណៈ​ជាង​80,000​នាក់បាន​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហ​រដ្ឋអាមេរិក

អតីត​ប្រធានាធិបតី​អាមេរិកាំង​ រិះគន់​លោក Trump យ៉ាង​ចាស់​ដៃ​ ខណៈ​ជាង​80,000​នាក់បាន​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហ​រដ្ឋអាមេរិក

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Barack Obama បាន​បញ្ចេញ​មតិដ៏​កម្រ​មួយ​ ​រិះ​គន់​ទៅលើ​​វិធី​ទប់​ទល់​នឹង​ COVID-19 ​របស់​រដ្ឋាភិបាល​​លោក​ Trump ក្នុង​ពេល​ដែល​​​វីរុស​​កូរ៉ូណា​នេះបាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​​ជាង​80,000​នាក់​។

ទិន្នន័យ​នៅ​លើ​គេហទំព័រ​ Worldometers បាន​បង្ហាញ​ថា​ គិត​មក​ដល់​បច្ចុប្បន្ន​ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​​​ដល់​80,004​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​ជិត1.389​​នាក់​។ ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​​ជាង​24,000​នាក់ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​1,346,332​នាក់​។

ទស្សនាវដ្ដី​ Forbes ថ្ងៃ​នេះ​ បាន​នាំ​ពាក្យ​អតីត​មន្ត្រី​ជាន់​ខ្ពស់​3​រូប​ដែល​ធ្លាប់​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​លោក Barack Obama បាន​ឱ្យ​ដឹង​ថា លោក​ Obama បាន​រិះគន់​យ៉ាង​​ខ្លាំង​ទៅលើ​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​COVID-19 របស់​រដ្ឋាភិបាល​លោក​ Donald Trump ដោយ​បាន​ហៅ​​វិធី​ដែល​លោក​ Trump ប្រើ​ប្រាស់​នោះ​ថា​ជា “គ្រោះ​មហន្តរាយ​សុទ្ធ​សាធ​” (an absolute chaotic disaster)។

លោក​ Obama ថ្លែង​ថា ប្រការ​នេះ​គឺជា​ការ​ក្រើន​រំឭក​មួយ​ចំពោះ​មូលហេតុ​ដែល​គេ​ត្រូវ​ការ​ការ​ដឹក​នាំ​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រឈម​នឹង​វិបត្តិ​សកល​។

លោក​ Obama បាន​ថ្លែង​ថា​ “ការ​បោះ​ឆ្នោត​ដែល​ជិត​មក​ដល់​ គឺពិត​ជា​រឿង​សំខាន់​ ព្រោះ​ថា​ អ្វី​ដែល​យើង​កំពុង​ប្រឈម​មុខ​ននេះ មិន​មែនជា​បុគ្គល​មួយ​រូប​​ ឬ​បក្ស​នយោបាយ​មួយ​ក្រុម​នោះ​ទេ។ វា​គឺជា​និន្នា​ការ​យូរអង្វែង​​ ក្នុង​នោះ​មាន​​ភាព​អត្មានិយម​ រើសអើង និង​ការ​ចាត់​ទុក​​អ្នក​​ដទៃ​ជា​សត្រូវ​។ នេះ​គឺជា​​ផ្នែក​​មួយ​​នៃ​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ប្រតិកម្ម​ទៅ​នឹង​វិបត្តិ​សកល​នេះ​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។ល។ នេះ​គឺជា​ “គ្រោះ​មហន្តរាយ​សុទ្ធ​សាធ​”។

ក៏ប៉ុន្តែ ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​សេត​វិមាន លោក​ស្រី​​ Kayleigh McEnany បាន​ច្រាន​ចោល​ការ​រិះ​គន់​របស់​លោក​ Obama។ លោក​ស្រី​ថ្លែង​ថា “វិធាន​ការ​ទប់​ទល់​នឹង​មេរោគ​រាត​ត្បាត​ COVID-19 របស់​លោក​ប្រធានាធិបតី​ Trump គឺជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ និង​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​ទៀត​ផង”៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement