ជំនួយ​ការ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​ ឆ្លង​វីរុស​COVID-19

លេខា​ផ្នែក​សារ​ព័ត៌មាន​​របស់​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ឆ្លង​វីរុស​COVID-19។ នេះ​គឺជា​បុគ្គលិក​ទី2​របស់​សេតវិមាន​​ ដែល​វិជ្ជមាន​ជាមួយ​វីរុស​កូរ៉ូណា​នេះ​ បន្ទាប់​ពី​អ្នក​បម្រើ​ផ្ទាល់​របស់​ប្រធានាធិបតី Donald Trump។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​ថា ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​អនុប្រធានាធិបតី​ Mike Pence គឺ​លោក​ស្រី​ Katie Miller ទទួល​បាន​លទ្ធផល​វិជ្ជមាន​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​។ ដំណឹង​ក្ដៅ​មួយ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​ Trump ប្រកាស​​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​​កាល​ពី​ថ្ងៃទី​8​ឧសភា​។

“Katie Miller ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ក្នុង​មួយ​រយៈ​ពេល​វែង​ ប៉ុន្តែ​ថ្ងៃ​នេះ លោក​ស្រី​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​” លោក​ Trump បាន​ថ្លែង​បែប​នេះ​ និង​បន្ថែម​ថា លោក​មិន​បាន​នៅ​ក្បែរ​លេខា​​រូប​នេះ​​នោះ​ទេ ក្នុង​អំឡុង​ពេល​ថ្មី​ៗ​នេះ​។

លោក​ស្រី Katie Miller គឺជា​ភរិយា​របស់លោក Stephen Miller ដែល​ជា​ទីប្រឹក្សា​ជិត​ស្និទ្ធ​របស់​លោក​ប្រធានាធិបតី​ Donald Trump។ លោក​ស្រី Katie Miller តែង​តែ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​របស់​សេត​វិមាន​។

Katie Miller គឺជា​បុគ្គលិក​ទីពីរ​របស់​សេតវិមាន​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ មុន​នោះ ទាហាន​​ពិសេសម្នាក់​​មក​ពី​កង​ទ័ព​ជើង​ទឹក​ ដែល​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump នៅ​ឯសេត​វិមាន ​ក៏ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ​។ ព័ត៌មាន​ចុង​ក្រោយ​ពី​សេតវិមាន​ បាន​ឱ្យ​ដឹង​ថា ទាំង​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​រួច​ហើយ និង​​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​​ជា​មួយ​ COVID-19៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement