រុស្ស៊ី រកឃើញ​ករណី​ឆ្លង «COVID-19 ប្រភេទ​ថ្មី» ដែល​គ្រោះថ្នាក់​ជាង Delta ទៅទៀត!

ប្រទេស​រុស្ស៊ី បាន​រាយការណ៍​អំពី «ករណី​ឆ្លង COVID-19 ប្រភេទ​ថ្មី» នោះ​គឺ​វីរុស​បំប្លែង​ខ្លួន AY.4.2 ដែលជា​សាខា​មួយ​របស់​វ៉ា​រ្យ៉​ង់ Delta Plus ហើយ​ត្រូវបាន​គេ​ជឿថា ងាយ​ឆ្លង​ជាង បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ Delta ដំបូង។

អ្នកស្រាវជ្រាវ ជនជាតិ​រុស្ស៊ី  Kamil Khafizov ថ្ងៃនេះ​បានឱ្យដឹងថា COVID-19 បំប្លែង​ខ្លួន​ថ្មី ឈ្មោះ AY.4.2 ងាយ​ឆ្លង​ជាង​ប្រហែល 10% ធៀប​នឹង វ៉ា​រ្យ៉​ង់ Delta ដំបូង នាំឱ្យ​ករណី​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​នៅ ប្រទេស​រុស្ស៊ី កើនឡើង​ខ្ពស់បំផុត។ Kamil Khafizov បញ្ជាក់ថា AY.4.2 អាច​ចូលមក​ជំនួស Delta ប៉ុន្តែ នេះ​គឺជា​ដំណើរ​ការដែល​អាច​កើតឡើងយឺត។

លោក Kamil Khafizov អះអាងថា AY.4.2 អាច​ជ្រែកចូល​ទៅក្នុង​កោសិកា​ឈាម។ លោក​បន្ថែមថា «វ៉ាក់សាំង​បច្ចុប្បន្ន មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ»។

AY.4.2 ក៏​កំពុងមាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់​នៅ ប្រទេស​អង់គ្លេស ដោយ​វា​មាន​ប្រហែល 6% ធៀប​នឹង​ករណី​ឆ្លង​សរុប​ក្នុង​មួយ​សប្ដាហ៍ រាប់​ចាប់ពី​ថ្ងៃទី 27 កញ្ញា នេះ​បើតាម​របាយការណ៍​រប​ស់​ស្ថាប័ន​សុវត្ថិភាព​សុខាភិបាល អង់គ្លេស ដែល​បានប្រកាស​កាលពី​ថ្ងៃទី 15 តុលា។ ក៏ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid កាលពី​ថ្ងៃទី 20 តុលា បាន​អះអាងថា ពុំមាន​មូលហេតុ​ណាមួយ​ដែល​អាចឱ្យ​ជឿ​បាន​ថា AY.4.2 នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ជាង Delta នោះទេ។

Nikolay Kryuchkov អ្នកឯកទេស​ផ្នែក​ប្រព័ន្ធ​ភាពស៊ាំ​របស់ ប្រទេស​រុស្ស៊ី ថ្លែងថា Delta និង​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​វា នឹង​នៅតែមាន​ឥទ្ធិពល​ជាងគេ ហើយ​ក្នុង​អនាគត ពួកវា​អាច​សម្រប​ខ្លួន​ជាមួយនឹង​វ៉ាក់សាំង ពិសេស​នៅពេល​អត្រា​ការចាក់​វ៉ាក់សាំង ក្រោម ឬ​ប្រហាក់ប្រហែល​នឹង 50%។

ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ ក្រសួងសុខាភិបាល​រុស្ស៊ី មិនទាន់​បញ្ចេញមតិ​អ្វី​នៅឡើយ៕

Advertisement