រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​របស់​ប្រទេស​រុស្ស៊ី លោក​ស្រី​ Olga Lyubimova វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​សមាជិក​គណៈរដ្ឋ​មន្ត្រី​​ទី3​របស់​ប្រទេស​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​នេះ​។

លោក​ស្រី Olga Lyubimova អាយុ39​ឆ្នាំ មាន​រោគ​សញ្ញា​ស្រាល​ និង​កំពុង​បង្ខាំងខ្លួន​ដោយ​ឡែក​នៅ​ឯផ្ទះ​ ប៉ុន្តែ​ លោក​ស្រី​នៅ​តែ​បន្ត​បំពេញ​ការ​ងារ​ពីចម្ងាយ​ ជាមួយ​នឹង​កិច្ច​ប្រជុំ​តាម​អនឡាញ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​ Anna Usacheva នា​ថ្ងៃ​នេះ​។

លោក​ស្រី​ Olga Lyubimova ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​ និង​ជា​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​មួយ​រូប​ផងដែរ​។ លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​កាលពី​ខែ​មករា​2020 និង​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ដែល​មាន​វ័យ​នៅ​ក្មេង​ជាង​គេ​ក្នុង​គណៈរដ្ឋមន្ត្រី​រុស្ស៊ី​។

កាលពី​សប្ដាហ៍​មុន នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Mikhail Mishustin បាន​ប្រកាស​ថា​ លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​ព្យាបាល​ដាច់​ដោយ​ឡែក​។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ Andrei Belousov បាន​​ឡើង​កាន់កាប់​តំណែង​ជំនួយ​ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អវត្តមាន​។ រដ្ឋមន្ត្រី​ក្រសួង​សំណង់​នៃ​ប្រទេស​នេះ គឺ​លោក Vladimir Yakushev កាល​ពី​សប្ដាហ៍​មុន​ក៏បាន​ចូល​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​កូរ៉ូណា​នេះ​ដែរ​ ខណៈ​ដែល​អនុរដ្ឋ​មន្ត្រី​​ម្នាក់​របស់​លោក​​ ក៏​បាន​ឆ្លង​មេរោគ​នេះ​។

ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នកជំងឺ​កូរ៉ូណា​ជិត​166,000​នាក់ និង​អ្នក​ស្លាប់​សរុប​ជាង​1,500​នាក់​។ ក្នុង​រយៈ​ពេល​4​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ប្រទេស​រុស្ស៊ី​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ជាង​10,000​នាក់​រៀង​រាល់​ថ្ងៃ​។ ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​​ជូន​ប្រជា​ជន​ប្រមាណជា​ជាង​4.6​លាន​នាក់​​ ក្នុង​នោះ​ក៏កំពុង​តាម​ដាន​សុខ​ភាព​របស់​មនុស្ស​​ជាង​227,000​នាក់​​ផងដែរ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement