ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19
រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​​របស់​ប្រទេស​រុស្ស៊ី គឺ​លោក​ Yakushev ក៏បាន​ឆ្លង​វីរុស​COVID-19

​រយៈ​ពេល​1​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Mishustin បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​​របស់​ប្រទេស​រុស្ស៊ី គឺ​លោក​ Yakushev ​ក៏​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពីម្សិល​មិញ​ ដោយ​សារ​បាន​ឆ្លង​វីរុស​COVID-19។

“ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ម៉ូស្គូ” ​រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក Vladimir Yakushev បាន​ប្រាប់​ Interfax កាល​ពី​ថ្ងៃទី​1​ឧសភា​​បែប​នេះ​។

មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋ​មន្ត្រី​ Yakushev គឺ​លោកអនុរដ្ឋ​មន្ត្រី​ Dmitry Volkov ក៏បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​​​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ​។ អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក​ Nikita Stasishin ត្រូវ​បាន​​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​ស្ដី​ទី​​នៃ​ក្រសួង​មួយ​នេះ​ ជំនួស​ឱ្យ​លោក Yakushev​។

Yakushev គឺជា​មន្ត្រី​ជាន់​ខ្ពស់​ទី​2​របស់​​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin កាល​ពី​​ថ្ងៃទី​30​មេសា បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​កំពុង​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ទៅ​អ្នក​ផ្សេង។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ លោក Andrei Belousov ត្រូវ​បាន​ប្រធានាធិបតី​ Vladimir Putin តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​។

ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19សរុប​ ជាង​114,000​នាក់ ឈរ​លំដាប់​ទី​8​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​1,100​នាក់​បាន​បាត់​បង់ជីវិត​ ដែល​ភាគ​ច្រើន​នៅ​រដ្ឋ​ធានី​ម៉ូស្គូ និង​ទី​ក្រុង​ St. Petersburg។ ប្រទេស​នេះ​ បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា ប្រមាណ​ជា​3.7​លាន​លើក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement