COVID-19! ទ្វីប​​អាស៊ី​មាន​អ្នក​ជំងឺ​សរុបជាង​​435,000​នាក់ ខណៈ​ពិភព​លោក​​មាន​អ្នក​ស្លាប់​ជាង​190,000​​នាក់​

ពិភពលោក​ទាំង​មូល​ មាន​អ្នក​ស្លាប់​ជាង​190,000​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​COVID-19 ជាង​2.7​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។

ស្ថិតិ​របស់​សាកល​វិទ្យាល័យ Johns Hopkins ឱ្យ​ដឹង​ថា វីរុសCOVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ នៅក្នុង​ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ 2,708,590​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​​អ្នក​ជំងឺ​190,303​នាក់​​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​កើន​ 88,011​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​កើន​7,400​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ។ ចំនួន​ករណី​ដែល​បាន​ជា​សះ​ស្បើយ​ មាន​ចំនួន​744,866​នាក់​។

សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក។​ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​សរុប​49,751​នាក់​ និង​​អ្នក​ស្លាប់​ថ្មី​ជិត​2,100​នាក់​ ដោយ​សារ​​ឆ្លង​វីរុស​COVID-19 ​។ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ សហរដ្ឋ​អាមេរិក​ក៏មាន​អ្នក​ជំងឺ​ថ្មី​ជាង​ 30,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​879,000​នាក់​។

អេស្ប៉ាញ​ដែល​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2​ក្នុង​ពិភពលោក​ បាន​រាយ​ការណ៍​ថា មាន​អ្នក​ជំងឺ​ថ្មី​4,635​នាក់ អ្នក​ស្លាប់​ថ្មី​440​នាក់​។ អ្នក​ជំងឺ​សរុប​213,023​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​22,157​នាក់​។

អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​​2,646​នាក់ អ្នក​ស្លាប់​ថ្មី​464​នាក់ ចំណែក​អ្នក​ជំងឺសរុប​មាន​189,973​នាក់ និង​អ្នក​ស្លាប់​សរុប​ 25,549​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​ក្នុងពិភពលោក​ ប៉ុន្តែ​ជា​ “វាល​ពិឃាត​” ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។

បារាំង៖ អ្នកជំងឺ​ថ្មី​2,323​នាក់ អ្នក​ស្លាប់​ថ្មី​516​នាក់ ខណៈ​ដែល​អ្នក​ជំងឺ​សរុប​មាន​158,183​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​21,856​នាក់​។

អាល្លឺម៉ង់៖ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​1,136​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​126​នាក់ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​151,784​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​5,404​នាក់​។

នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​1,193,276​នាក់ អាមេរិក​ខាង​ជើង​មាន​​948,983​នាក់​ ទ្វីប​អាស៊ី​មាន​435,282​នាក់ អាមេរិក​ខាង​ត្បូង​មាន​103,336​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​28,104​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement