លោក​ Trump ប្ដូរ​គំនិត​លើ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ខណៈ​ពល​រដ្ឋ​​អាមេរិកាំង​ជិត​​50,000​នាក់​ ស្លាប់​ដោយ​សារ​ COVID-19!

លោក​ Trump ប្ដូរ​គំនិត​លើក​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ខណៈពល​រដ្ឋ​​អាមេរិកាំង​ជិត​​50,000​នាក់​ ស្លាប់​ដោយ​សារ​ COVID-19!

ប្រធានាធិបតី​​ Donald Drump បាន​ឱ្យ​ដឹង​ថា លោក​អាច​ពន្យារ​សុពល​ភាព​នៃ​ការ​ដាក់​សង្គម​ឱ្យ​ឃ្លាត់​ពី​គ្នា​រហូត​​ដល់​ប្រទេស​នេះ​មាន​សុវត្ថិ​ភាព​​នៅ​ចំពោះ​មុខ​ COVID-19 ដែល​ជា​វីរុស​ដ៏​សាហាវ​ សម្លាប់​មនុស្ស​ជិត​50,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​។

យោង​តាម​ស្ថិតិ​នៅ​លើ​ទំព័រ​ Worldometers គិត​មក​ដល់​ថ្ងៃទី​23​មេសា​​(ម៉ោង​ក្នុង​ស្រុក) សហរដ្ឋ​អាមេរិក​​មាន​អ្នក​ស្លាប់​សរុប​49,751​នាក់​ និង​​អ្នក​ស្លាប់​ថ្មី​ជិត​2,100​នាក់​ ដោយ​សារ​​ឆ្លង​វីរុស​COVID-19 ​។ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ សហរដ្ឋ​អាមេរិក​ក៏មាន​អ្នក​ជំងឺ​ថ្មី​ជាង​ 30,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​879,000​នាក់​។

រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​លើ​ការ​ដើរ​ហើរ​ ដើម្បី​ត្រៀម​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ដែល​នេះ​ជា​សកម្ម​ភាព​ត្រូវ​បាន​លោក​ Trump គាំទ្រ។ ក៏ប៉ុន្តែ​ មួយ​រយៈ​ពេល​ខ្លី​ចុង​ក្រោយ​នេះ លោក​ Trump ហាក់​បាន​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​អំពី​ការ​បើក​ដំណើរការ​សេដ្ឋី​កិច្ច​ឡើង​វិញ​នេះ​។ ជាក់​ស្ដែង​ លោក​បាន​បដិសេធ​​គម្រោង​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​​ឡើង​វិញ​របស់​រដ្ឋ​ Georgia។ លោក​ Trump ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី​22​មេសា​ថា “ខ្ញុំ​គិត​​ថា វា​ដូច​ជា​ឆាប់​ពេក​ហើយ​”។

កាល​ពី​ម្សិល​មិញ លោក​ក៏​បាន​លើក​បញ្ហា​ខាង​លើ​នេះ​មក​និយាយ​ម្ដងទៀត​៖ ខ្ញុំ​ចង់​ឱ្យ​រដ្ឋ​នានា​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​បាន​ឆាប់ គឺ​ឆាប់​ជាង​គាត់​ (អភិបាល​រដ្ឋ​ Georgia លោក Brian Kemp) ទៅ​ទៀត​។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឃើញ​​កន្លែង​ស្ប៉ា​បើក​ទ្វារ​​នៅ​ដំណាក់​កាល​ដំបូង​នេះ​ ហើយ​ក្រុម​គ្រូ​ពេទ្យ​ក៏ដូច​គ្នា​”។ លោក​ Trump បាន​និយាយ​ដល់​គម្រោង​របស់​អាជ្ញាធរ​រដ្ឋ Georgia ដែល​សម្រេច​​អនុញ្ញាត​ឱ្យ​អាជីវកម្ម​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​បន្ទប់​ហាត់​ប្រាណ ហាង​ធ្វើ​ក្រចកនិង​សក់​ និង​ហាង​ម៉ាស្សា​ជា​ដើម បើក​ទ្វារ​ចាប់​ពី​ថ្ងៃទី​24​មេសា​។

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ការ​ពី​ថ្ងៃទី​23​មេសា​ លោក​ Trump ឱ្យ​ដឹង​ថា លោក​អាច​សម្រេច​ពន្យារ​សុពល​ភាព​នៃ​ការ​ដាក់​សង្គម​ឱ្យ​នៅ​ឃ្លាត​ពី​គ្នា​រហូត​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​ បើ​សិន​ជា​លោក​យល់​ថា សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​សុវត្ថិ​ភាព​នៅ​ចំពោះ​មុខ​រោគ​រាត​ត្បាត​ COVID-19។ “យើង​អាច​អូស​បន្លាយ​ពេល​យូរ​ជាង​នេះ​…។ យើង​នឹង​ពន្យារ​សុពល​ភាព​ (បម្រាម​គោចរ​) រហូត​ដល់​ពេល​ដែល​យើង​មាន​សុវត្ថិ​ភាព​” លោក​ Trump សង្កត់​ធ្ងន់​បែប​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement