ជំងឺសួតធ្លុះ កើតចេញពីអ្វី?

Woman showing two artificial model lungs in front of chest. She carries both lungs of real size on her hands. Concept of anatomy, breat, breathing, medical, high school, education, science.

សួតធ្លុះ មានន័យថា ជាសភាវដែលមានលេចខ្យល់ចេញពីថង់ខ្យល់( alveoli ) ចូលទៅដក់នៅក្នុងប្រឡោះរុំសួត( pleuralcavity ) ខ្យល់ដែលលេចនោះនឹងកើនច្រើនឡើងជារឿយៗ និងរុញឱ្យសាច់សួតសំប៉ែតចុះ ធ្វើឱ្យមានអាការពិបាកដកដង្ហើម និងអាចកើតសភាវគាំងដល់ស្លាប់បាន តែជាសភាវដែលកម្រជួបប្រទះណាស់។

មូលហេតុរបស់ ជំងឺសួតធ្លុះ

អាចបណ្តាលមកពីការរងរបួសហៅថា ធ្លុះសួតដោយសាររបួស ដូចជា ត្រូវគ្រាប់កាំភ្លើង ត្រូវចាក់ដោយកាំបិត រថយន្តបុក ឬនៅសុខៗក៏អាចកើតឡើងដោយឯកឯងបានដែរ ហៅថា សួតធ្លុះដែលកើតឡើងឯង( spontaneous pneumothorax ) កើតឡើងដោយសារតែមានការបែករបស់ថង់ខ្យល់ដែលខុសប្រក្រតី ច្រើនជួបប្រទះនៅលើអ្នកដែលកើតជំងឺថង់ខ្យល់រីក ក្រៅពីនេះនៅអាចជួបប្រទះលើអ្នកដែលកើតជំងឺ ហឺត រលាកសួត របេងសួត ផងដែរ អ្នកខ្លះអាចកើតដោយមិនដឹងពីមូលហេតុក៏មាន ច្រើនជួបនៅលើមនុស្សដែលជក់បារី។ បើរន្ធលេចមិនច្រើន អាចគ្មានអាការធ្ងន់ធ្ងរទេ និងបាត់ទៅវិញបានដោយឯកឯងក្នុងរយៈពេលតែមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ តែបើលេចខ្យល់ចេញមកច្រើន ច្រើនតែធ្វើឱ្យកើតអាការដង្ហក់ធ្ងន់ធ្ងរ បើជួយសង្រ្គោះមិនទាន់អាចបណ្តាលឱ្យស្លាប់បាន។

អាការរបស់ សួតធ្លុះ

មានអាការដែលបង្ហាញឱ្យឃើញបានច្រើនយ៉ាង អាស្រ័យលើខ្នាតរបស់រន្ធដែលលេច និងសភាពរបស់អ្នកជំងឺ អ្នកខ្លះអាចមានអារម្មណ៍ឈឺដើមទ្រូងអួលឡើងភ្លាមៗ និងអាចឈឺរាលទៅរកស្មា ឬដៃ ហើយតមកមានអារម្មណ៍ដកដង្ហើមដង្ហក់ អ្នកខ្លះអាចមានអាការក្អកស្ងួតរួមជាមួយផង។ អ្នកខ្លះទៀតអាចគ្រាន់តែមានអារម្មណ៍ថាណែនថប់ក្នុងដើមទ្រូង ឬឈឺដើមទ្រូងម្តងម្កាលស្រដៀងនឹងអាការរលាកស្រទាប់រុំសួត នៅពេលបណ្តោយទុកចោលយូរថ្ងៃ បើខ្យល់នៅតែលេចចេញមករឿយរហូតធ្វើឱ្យសួតម្ខាងសំប៉ែតនោះ នឹងធ្វើឱ្យអ្នកជំងឺមានអាការដង្ហក់ខ្លាំង ជីពចរលោតញាប់ និងសម្ពាធឈាមធ្លាក់ចុះ។

អ្វីដែលពិនិត្យឃើញ

ដើមទ្រូងខាងដែលឈឺគោះទៅឮរាងស្រឡះជាងម្ខាងទៀត ប្រើប្រដាប់ស្តាប់នៅលើសួតនឹងមិនបានឮសូរសំឡេងដកដង្ហើមឡើយ ឬបានឮ តែតិចបំផុត បំពង់ខ្យល់ធំអាចវៀចទៅផ្នែកម្ខាងទៀត។

អាការជ្រៀតជ្រែក

បើកើតធ្ងន់ធ្ងរ អាចធ្វើឱ្យកើតសភាវគាំងបេះដូងទាន់ហន់( acute pulmonary failure ) ឬកើតសភាវគាំងសន្លប់បាន។

ការព្យាបាលអាការសួតធ្លុះ

1- បើសិនមានការសង្ស័យ ចូរប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ លោកគ្រូពេទ្យអាចនឹងត្រូវឆ្លុះអេក្សរេយ៍មើលដើម្បីឱ្យប្រាកដក្នុងចិត្ត ឬប្រើម្ជុលតភ្ជាប់ជាមួយបំពង់សេរ៉ាំងចាក់ថ្នាំចោះនៅកន្លែងចន្លោះឆ្អឹងជំនីទី 2 (ដោយចាក់ថ្នាំស្ពឹក​ជាមុន) បើសិនមានខ្យល់បាញ់ចូលមកក្នុងបំពង់សេរ៉ាំងចាក់​ថ្នាំនោះ សម្តែងថា ពិតជាមានខ្យល់នៅក្នុងចន្លោះរុំសួតមែន ក៏នឹងធ្វើការចោះទម្លាយឱ្យខ្យល់ចេញ។ បើរកឃើញមូលហេតុច្បាស់លាស់ លោកគ្រូពេទ្យក៏នឹងធ្វើការព្យាបាលជំងឺដែលជាដើមហេតុនោះផងដែរ។

2- លើអ្នកជំងឺដែលមានអាការដង្ហក់ខ្លាំង និងរកឃើញថាបំពង់ខ្យល់ធំត្រូវបានរុញទៅផ្នែកផ្សេង តែមិនអាចបញ្ជូនទៅមន្ទីរពេទ្យបាន ចូរធ្វើការជួយសង្រ្គោះបថម ដោយប្រើម្ជុលតចូលជាមួយខ្សែសេរ៉ូមឱ្យណែន ព្រលែងចុងខ្សែសេរ៉ូមម្ខាងទៀតចូលទៅក្នុងដបទឹក ឬអាងដាក់ទឹកដែលមានកំពស់ទឹក 15 – 20 សង្ទីម៉ែត្រ ហើយចាក់ម្ជុលចូលទៅចន្លោះឆ្អឹងជំនីទី 2 ឱ្យធ្លុះស្រទាប់សាច់ទ្រូង នឹងឃើញមានពពុះខ្យល់ចេញមកឱ្យឃើញ រួចហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ និងត្រូវប្រយ័ត្នកុំឱ្យចុងខ្សែសេរ៉ូមចេញផុតពីទឹកជាដាច់ខាត។ នៅពេលឃើញថាពពុះខ្យល់ចេញមកតិចហើយ និងអាការរបស់អ្នកជំងឺធូរស្រាលហើយនោះ អាចដកម្ជុលចេញបាន។

ចំណុចណែនាំ

អ្នកជំងឺដែលមានសភាវ សួតធ្លុះ កើតឡើងឯងដោយមិនដឹងពីមូលហេតុ នៅពេលព្យាបាលជាហើយ ប្រមាណជា 50% អាចមានអាការកម្រើកឡើងវិញ និងបើមានប្រវត្តិធ្លាប់ជក់បារីផងនោះ គួរតែតមជក់បារីដើម្បីកុំឱ្យមានការកម្រើកឡើងវិញ៕

Advertisement