មហា​សេដ្ឋី​ចំណាយ 2 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ដើម្បី​បាន​រូបរាង​ដូច​អាយុ 18 ឆ្នាំ

(សហរដ្ឋ​អាម៉េរិក) – មហាសេដ្ឋី Bryan Johnson អាយុ 45 ឆ្នាំ ចំណាយ​ប្រាក់​ប្រហែល 2 លាន​ដុល្លារ​អាម៉េរិក​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​មាន​រូបរាង និង​កម្លាំងកាយ​ដូច​កំលោះ​វ័យ 18 ឆ្នាំ។

មហាសេដ្ឋី Johnson បានឱ្យដឹងថា គាត់​មាន «បេះដូង​របស់​មនុ​ស្សវ័យ 37 ឆ្នាំ, ស្បែក​របស់​មនុ​ស្សវ័យ 28 ឆ្នាំ, សួត និង​កម្លាំងកាយ​របស់​កំលោះ​វ័យ 18 ឆ្នាំ»។ ដើម្បី​ធ្វើបាន​ដូច្នេះ Johnson បង្កើត​ក្រុម​ពិ​សេសមួយ​ដែលមាន​វេជ្ជបណ្ឌិត និង​អ្នកជំនាញ​ចំនួន 30 នាក់ សម្រាប់​តាមដាន​របប​អាហារ ការរស់នៅ និង​ការ​ហាត់ប្រាណ​របស់ខ្លួន។ គោលដៅ​ចុងក្រោយ​របស់​មហាសេដ្ឋី​រូបនេះ​គឺ​ធានា​ឱ្យ​ខួរក្បាល ថ្លើម តម្រងនោម ធ្មេញ ស្បែក សក់ ប្រដាប់ភេទ និង​ពោះវៀន​ដំណើរ​ការល្អ​ដូច​មនុស្ស​វ័យ​កំលោះ។

លោក Johnson បាន​បង្កើត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Project Blueprint ដែល​តម្រូវឱ្យ​គាត់​គោរព​តាម​របប​អាហារ​សម្បូរ​បន្លែស្រស់ បញ្ចូល 1,977 កាឡូរី និង​ហាត់ប្រាណ​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ។ គាត់​ក៏​ហាត់​ប្រាណ​ធ្ងន់ 3 ដង/សប្ដាហ៍ និង​ចូល​ទទួលទានដំណេក​ក្នុង​ពេលវេលា​ជាក់លាក់​តាម​ការកំណត់។

«អ្វីដែល​ខ្ញុំ​ធ្វើ ស្ដាប់ទៅ​ដូច​ជ្រុល​ពេក ប៉ុន្តែ​ខ្ញុំ​កំពុង​ព្យាយាម​បញ្ជាក់ថា អ្នក​អាច​ទប់ស្កាត់​ភាព​ចាស់ និង​ឥទ្ធិពល​អាក្រក់​ដល់​ខ្លួនឯង» មហាសេដ្ឋី Johnson ថ្លែង​ដូច្នេះ។ Oliver Zolman ដែលជា​វេជ្ជបណ្ឌិត​វ័យ 29 ឆ្នាំ និង​បច្ចុប្បន្ន​​ជា​ប្រធាន​ក្រុមសុខាភិបាល​របស់​មហា​សេដ្ឋី Johnson ឱ្យដឹងថា គោលដៅ​របស់លោក Johnson គឺ​ចង់​បញ្ជាក់ថា មនុស្ស​អាច​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​អវយវៈ​នានា​របស់​រាង​កាយ​បាន 25%។

តាម​ធម្មតា លោក Johnson ក្រោក​ពី​គេង​នៅ​ម៉ោង 05 ព្រឹក, លេប​អាហារ​បំប៉ន 20 ប្រភេទ, ហាត់ប្រាណ 1 ម៉ោង, ផឹកទឹក​ផ្លែឈើ​ដែលមាន​ផ្ទុក creatine និង collagen peptide, ដុសធ្មេញ​ដោយ​ថ្នាំ​ផលិត​ពី​ប្រេង​ដើម​តែ និង​ជែ​ល​ប្រឆាំង​អុកស៊ីតកម្ម។

មុនពេល​ចូល​ទទួលទានដំណេក មហាសេដ្ឋី​រូបនេះ​ពាក់​វ៉ែនតា​ទប់ស្កាត់​ពន្លឺ​ខៀវ​ក្នុង​រយៈពេល​ច្រើន​ម៉ោង។ គាត់​ក៏ត្រូវ​តាមដាន​សុខភាព​តាម​កាលកំណត់​របស់​ក្រុម​វេជ្ជបណ្ឌិត ក្នុងនោះ​មានដូចជា​ពិនិត្យ​ឈាម អេកូ​មើល​គ្រឿងក្នុង ថតកាំរស្មីអ៊ិច​ជាដើម។ល។

ដើម្បី​ព្យាបាល​ស្បែក​ដែល​រងរបួស​ដោយសារ​កម្ដៅថ្ងៃ Johnson ត្រូវ​លាប​ឡេ 7 ប្រភេទ​រាល់ថ្ងៃ ហើយ​ខាត់​ស្បែក​ដោយ​អាស៊ីត និង​ព្យាបាល​ដោយ​រស្មី​ឡាស៊ែរ​រាល់​សប្ដាហ៍។ គាត់​ក៏​ថ្លឹង​ទម្ងន់ វាស់វែង និង​គណនា​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ (BMI), ពិនិត្យ​ជាតិ​ខ្លាញ់ ស្ករ​ក្នុង​ឈាម និង​វាស់​ចង្វាក់បេះដូង​ជា​រៀងរាល់ថ្ងៃ​ផងដែរ៕

Advertisement