វីរុស​COVID-19 ធ្វើ​ឱ្យ​សម្បុរ​​ស្បែក​របស់​អ្នក​ជំងឺ​ ប្រែ​ពី​សទៅ​ខ្មៅ​! ហេតុ​អ្វី​?

វីរុស​COVID-19 ធ្វើ​ឱ្យ​សម្បុរ​​ស្បែក​របស់​អ្នក​ជំងឺ​ ប្រែ​ពី​សទៅ​ខ្មៅ​! ហេតុ​អ្វី​?

ថ្មី​ៗ​នេះ​ សារ​ព័ត៌មាន​​ចិន​បាន​ចេញ​ផ្សាយ​ថា អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 មិន​ត្រឹម​តែ​ត្រូវ​រង​របួស​ធ្ងន់​ធ្ងរ​ទៅ​លើ​សួត​នោះ​ទេ ប៉ុន្តែក៏​មាន​ករណី​ខ្លះ​​ វីរុស​នេះ​​ធ្វើ​ឱ្យសម្បុរ​ស្បែក​របស់​​អ្នក​ជំងឺ ​​ប្រែ​​ពី​​ពណ៌​ស​ ទៅ​ខ្មៅ​ទៀត​ផង។

យោង​តាម​សារ​ព័ត៌មាន​តៃវ៉ាន់​ CNA បាន​ឱ្យ​ដឹង​ថា វេជ្ជ​បណ្ឌិត​ Yi Fan (ដែល​ជា​អនុ​ប្រធាន​ផ្នែក​សរសៃ​ឈាម​​បេះ​ដូង​​ នៃ​មន្ទីរពេទ្យ​ Wuhan City Central Hospital ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubei ប្រទេស​ចិន) និង​វេជ្ជ​បណ្ឌិត​ Hu Weifeng (អនុប្រធាន​ផ្នែក​តម្រង​នោម​) ដែល​បាន​ឆ្លង​វីរុស​COVID-19 អាច​​រួច​ពី​ការ​ស្លាប់​ដោយ​សារ​​ការ​ប្រើ​​ម៉ាស៊ីន ECMO

តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម បង្ហាញ​ថា​ កាល​ពី​មិន​ទាន់​ឆ្លង​វីរុស លោក​វេជ្ជបណ្ឌិត​ Yi Fan គឺជា​បុរស​ដែល​មាន​សម្បុរ​ពណ៌​ស ប៉ុន្តែ​ពេល​​បាន​ឆ្លង​វីរុស​កូរ៉ូណា ស្បែក​របស់​លោក​ក៏បាន​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ដូច​ទៅ​នឹង​អ្នក​ស្រុក​អាហ្វ្រិក​​យ៉ាង​ដូច្នោះ​ដែរ​។ ចំណែក​ សម្បុរ​ស្បែក​របស់​វេជ្ជ​បណ្ឌិត​ Hu Weifeng ក៏បាន​ប្រែ​ប្រួល​ដូច​គ្នា​នេះ​ដែរ​។

វីរុស​COVID-19 ធ្វើ​ឱ្យ​សម្បុរ​​ស្បែក​របស់​អ្នក​ជំងឺ​ ប្រែ​ពី​សទៅ​ខ្មៅ​! ហេតុ​អ្វី​?
បញ្ហា​នេះ ត្រូវ​បាន​វេជ្ជ​បណ្ឌិត​ Song Jianxin (សមាជិក​នៃ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ការ​ពារ​រោគ​ឆ្លង​​របស់​ខេត្ត Hubei និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរ​ពេទ្យ​ Tongji Hospital) ពន្យល់​ថា ចំពោះ​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 គឺជា​ “សង្គ្រាម​ដែល​សម្លាប់​ទ័ព​សត្រូវ​បាន​10,000​នាក់ ហើយ​ទ័ព​យើង​ត្រូវ​របួស​8,000​នាក់​” បើ​ទោះ​ជា​សង្គ្រោះ​ជីវិត​បាន​ក៏ពិត​មែន​ ប៉ុន្តែ​សរី​រាង្គ​ក្នុង​ខ្លួនរបស់​អ្នក​ជំងឺ​ ​​ត្រូវ​រង​របួស​ធ្ងន់​ណាស់​ទៅ​ហើយ​។

លោក​ Song Jianxin បាន​បន្ត​ថា ជាតិ​ដែក​ក្នុង​រាងកាយ​ត្រូវ​បាន​ថ្លើម​បញ្ចេញ​ និង​រក្សា​ទុក​ បើ​សិន​ថ្លើម​​រង​របួស​ និង​មិន​អាច​ធ្វើ​ការ​ដូច​ធម្មតា​ នោះ​ជាតិ​ដែក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សរសៃ​ឈាម​ ធ្វើ​ឱ្យ​ជាតិ​ដែក​នៅ​ក្នុង​ឈាម​កើន​ឡើង​ច្រើន​ ដូច្នេះ​ពេល​ជាតិ​ដែកក្នុង​សរសៃ​ឈាម​​រត់​ទៅ​​ដល់​ស្បែក​មុខ ឬ​ស្បែក​កន្លែង​ផ្សេង​ៗ វា​នឹង​ធ្វើ​ឱ្យ​សម្បុរ​របស់​ស្បែកកន្លង​នោះ​ ​ត្រូវ​ប្ដូរ​ទៅ​ជា​ខ្មៅ​ជាំ​។ ក្រៅ​ពី​នេះ បញ្ហា​ខាង​លើ​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ជំងឺ​ខ្លះ​​ត្រូវ​ប្រេះ​ និង​របក​ទៀត​ផង​។

ដូច្នេះ បើ​ទោះ​ជា​វេជ្ជ​បណ្ឌិត Yi Fan និង​វេជ្ជ​បណ្ឌិត​ Hu Weifeng ដែល​បាន​ឆ្លង​វីរុស​ និង​បាន​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ក៏ពិត​មែន ប៉ុន្តែ គ្រឿង​ក្នុង​របស់​ពួក​គាត់​​មាន​របួស​ធ្ងន់​ធ្ងរ​ទៅ​ហើយ​។ បច្ចុប្បន្ន មិន​ត្រឹម​តែ​ស្បែក​មុខ​ត្រូវ​ខ្មៅ​នោះ​ទេ សូម្បី​តែ​ដង​ខ្លួន​ក៏​ប្រែ​ទៅ​ជា​ជាំ​ខ្មៅ​អស់​ទៅ​ហើយ​ដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement