លោក​ Trump ថា អាមេរិកកំពុង​គ្រប់​គ្រង​​អាសន្ន​រោគ​កូរ៉ូណា​បាន​ល្អ​ ខណៈ​អ្នក​ជំងឺ​ថ្មី​កើន​ឡើង​55%

ប្រធានា​ធិប​តី​អាមេរិក លោក​ Donald Trump បាន​អះអាង​ថា ទីក្រុង​ Washington កំពុង​គ្រប់​គ្រង​លើ​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 បាន​យ៉ាង​ល្អ ខណៈ​ដែល​តួលេខ​​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក នៅ​តែ​បន្ត​កើន​ឡើង​។

“វីរុស​កូរ៉ូណា​ កំពុង​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ល្អ​នៅ​អាមេរិក​។ យើង​កំពុង​រក្សា​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ និង​ភាគី​ពាក់​ព័ន្ធ​។ មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​អាមេរិក​ (CDC) រួម​ជាមួយ​នឹង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​មាន​ភាព​ឆ្លាត​វៃ​។ ទីផ្សារ​មូល​បត្រ​ចាប់​ផ្ដើម​មាន​សញ្ញា​ល្អ​វិញ​ហើយ” នេះ​បើ​តាម​ការ​រៀប​រាប់​​របស់​លោក​ Donald Trump នៅ​លើ​ទំព័រ​ Twitter កាល​ពី​​ម្សិល​មិញ​។

ការ​អះអាង​ខាង​លើ​របស់​ប្រធានាធិបតី​អាមេរិក ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ទី​ផ្សារ​មូល​បត្រ​ពិភពលោក​​ កំពុង​បាត់​បង់​ស្ថេរ​ភាព​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អាសន្នរោគ​កូរ៉ូណា COVID-19 ខណៈ​ដែល​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​ឆ្លង​រាល​ដាល​ទៅដល់​​ប្រទេស​ និង​ដែន​ដី​ចំនួន​37​​ក្នុង​ពិភពលោក​។

សារ​ព័ត៌មាន​ Washington Post របស់​អាមេរិក កាល​ពី​ម្សិល​មិញ​បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ សេត​វិមាន​អាច​នឹង​ស្នើ​សុំ​សភា​ដើម្បី​ចំណាយ​ប្រាក់​ជិត​1ពាន់​លាន​ដុល្លារ​ សម្រាប់​បង្កើន​សមត្ថ​ភាព​ទប់​ស្កាត់​អាសន្ន​រោគ​ COVID-19 ដែល​មក​ដល់​ពេល​នេះ វា​បាន​សម្លាប់​មនុស្ស​​2,699​នាក់​និង​ 80,146​នាក់​​ បាន​ផ្ទុក​មេរោគ​នេះ​។

Hogan Gedley ដែល​ជាអ្នក​នាំ​ពាក្យ​របស់​សេត​វិមាន​បាន​អះអាង​ថា​ រដ្ឋា​ភិបាល​ត្រូវ​ការ​ថវិកា​ដើម្បី​ “ការ​ពារ​ពល​រដ្ឋ​អាមេរិកាំង​​ទាំង​មូល​” ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹក​ប្រាក់​1ពាន់​លាន​ដុល្លារ​ដែល​សារ​ព័ត៌មាន​បាន​លើក​ឡើង​នោះ​ទេ​។ លោក​ស្រី Hogan Gedley បាន​បន្ត​ថា “ខ្ញុំ​មិន​ទាន់​ទទួល​បាន​ឯក​សារ​ទាក់​ទិន​នឹង​ចំនួន​ទឹក​ប្រាក់​នៅ​ឡើយ ប៉ុន្តែ យើង​ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​”។

កាល​ពី​ម្សិល​មិញ(25កុម្ភៈ) ស្ថាប័ន​ CDC បាន​ឱ្យ​ដឹង​ថា សហ​រដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន​53​នាក់​ ដោយ​​បូក​រួម​ទាំង​អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះ និង​ពលរដ្ឋ​ដែល​បាន​ត្រឡប់​មក​ពី​ទីក្រុង​ Wuhan និង​នាវា​ទេស​ចរណ៍ Diamond Princess។ តួលេខ​ស្ដីអំពី​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ កើន​ឡើង​55% បើ​ធៀប​នឹង​តួលេខ​កាល​ពី​ថ្ងៃទី​22កុម្ភៈ៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement