WHO ព្រមាន​ថា​ បញ្ហា​អាក្រក់​បំផុត​​នៃ​ COVID-19 កំពុងរង់​ចាំ​​នៅ​ខាង​​មុខ​

WHO ព្រមាន​ថា​ បញ្ហា​អាក្រក់​បំផុត​​នៃ​ COVID-19 កំពុងរង់​ចាំ​​នៅ​ខាង​​មុខ​
ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ WHO លោក Tedros Adhanom Ghebreyesus

ខណៈ​ដែល​​ប្រទេស​មួយ​ចំនួន​ បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ ឬ​បន្ថយ​ការ​រឹត​បន្តឹង​ទៅ​លើ​ការ​ដើរ​ហើរ​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កន្លង​មកដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ COVID-19 អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​ចេញ​មក​ព្រមាន​ថា បញ្ហា​អាក្រក់​បំផុត​នៅ​តែ​ស្ថិត​នៅ​ខាង​មុខ​នៅ​ឡើយ​។

AFP ដក​ស្រង់​សម្ដី​របស់​ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus ដែល​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃទី​20​មេសា បាន​ឱ្យ​ដឹដង​ថា “យើង​ត្រូវ​ការ​សាមគ្គី​ភាព​ទូទាំង​ពិភពលោក​ ដោយ​យោង​ទៅ​លើ​ការ​ប្រមូល​ផ្ដុំ​នៃ​សាមគ្គី​ភាព​របស់​បណ្ដា​ប្រជាជាតិ​។ បើ​សិន​ជា​មិន​មាន​ប្រការ​ទាំង​2នេះ​ទេ សូម​ជឿ​យើង​ខ្ញុំ​ថា បញ្ហា​អាក្រក់​បំផុត​នៅ​តែមាន​វត្តមាន​​នៅ​ខាង​មុខ​។ ចូរ​ទប់​ស្កាត់​សោក​នាដ​កម្ម​នេះ​។ នោះ​គឺជា​វីរុស​ដែល​មនុស្ស​ជា​ច្រើន​មិន​ទាន់​យល់​អំពី​វា​”។

មេដឹក​នាំ​អង្គ​ការ​ WHO បាន​បន្ថែម​ថា “យើង​បាន​ព្រមាន​រួច​ហើយ​ថា វីរុស​នេះ​ថែម​ទាំង​អាច​គ្រប​ដណ្ដប់​ទាំង​បណ្ដា​ប្រទេស​អភិវឌ្ឍ​។ ហើយ​ជាក់​ស្ដែង​ វា​ពិត​ជា​ដូច្នេះ​មែន​។ យើង​និយាយ​ថា វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​អ្នក​មាន​ នឹក​ស្មាន​មិន​ដល់​។ ចូរ​ទប់​ស្កាត់​សោក​នាដ​កម្ម​នេះ​។ មនុស្ស​រាប់​សែន​នាក់​កំពុង​តែ​ស្លាប់​ជា​បន្ត​​បន្ទាប់​។ ជីវិត​មនុស្ស​ម្នាក់​ក៏​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​។ ចូរ​និយាយ​ថា៖ មក​ដល់​ត្រឹម​នេះ​គឺ​គ្រប់​គ្រាន់​ហើយ​”។

លោក Tedros ក៏បាន​ថ្លែង​ថា​ ការ​មិន​ចុះ​សម្រុង​គ្នា​ផ្នែក​នយោបាយ​នៃ​បណ្ដា​ប្រទេស ​ក៏អាច​បណ្ដាល​ឱ្យ​ស្ថាន​ភាព​នៃ​រោគ​រាតត្បាត​កាន់​តែ​អាក្រក់​ជាង​មុន បើ​សិន​ជា​មេដឹក​នាំ​ប្រទេស​នានា​ មិន​សហការ​គ្នា​ក្នុង​ការ​ទប់​ទល់​នឹង​វីរុស​នេះ​។ លោក​បន្ត​ថា “ចូរ​កុំ​កេង​ចំណេញ​ទៅលើ​វិបត្តិ​សុខភាព​នេះ​ដើម្បី​ធ្វើ​ជា​ទីលាន​ប្រយុទ្ធ​គ្នា​ ឬ​ដើម្បី​បាន​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​។ ប្រការ​នេះ​ពិតជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​វា​ដូច​ទៅ​នឹង​ការ​ដែល​យើង​ប្រលែង​ជា​មួយ​ភ្លើង​យ៉ាង​ដូច្នោះ​ដែរ​។ ចូរ​សហការ​គ្នា​។ យើង​ត្រូវ​ការ​សាមគ្គី​ភាព​រវាង​ប្រជា​ជាតិ​”។

ការ​ព្រមាន​ និង​ការ​អំពាវ​នាវ​របស់​លោក Tedros ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ COVID-19 បាន​សម្លាប់​មនុស្ស​ជាង​170,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺសរុប​ជិត​2.5​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ប្រទេស​មួយ​ចំនួន​​បាន​ និង​កំពុង​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ការ​ដើរ​ហើរ​ ហើយ​ប្រទេស​ខ្លះ​ក៏​កំពុង​រៀប​ចំ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ប្រទេស​ជាតិ​ឡើង​វិញ ដោយ​ពួកគេ​យល់​ថា “ដំណាក់​កាល​អាក្រក់​បំផុត​” បាន​កន្លង​ផុត​ទៅ​ហើយ៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement