COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

នៅ​អាស៊ីអាគ្នេយ៍​ តួលេខ​នៃ​អ្នក​ជំងឺ​ COVID-19 បាន​កើន​លើស​30,000​នាក់​។ សិង្ហបុរី​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​8,014​នាក់ កើន​1,426​ករណី ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​11​នាក់​។

ក្រសួង​សុខាភិបាល​សិង្ហបុរី​ បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​ភាគ​ច្រើន​នៅ​ក្នុង​ជំរំ​ស្នាក់​នៅ​របស់​ពលករ​បរទេស​ ខណៈ​ដែល​16​ករណី​គឺជា​ជនជាតិ​សិង្ហបុរី​ និង​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​។ 90%​នៃ​អ្នក​ជំងឺ​សរុប​នៅ​សិង្ហបុរី​ គឺជាប់​ទាក់​ទង​ជាមួយ​​បុគ្គលិក​បរទេស​។

ឥណ្ឌូនេស៊ី មាន​អ្នកជំងឺ​ថ្មី​185​នាក់ និង​អ្នក​ជំងឺសរុប​6,760​នាក់​ ខណៈ​អ្នកស្លាប់​ថ្មី​មាន​8​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​590​នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​20​រូប​ផងដែរ​។

ហ្វីលីពីន​៖ អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​428​នាក់ បន្ទាប់​ពី​មាន​ករណី​ស្លាប់​ថ្មី​19​នាក់​កាល​ពី​ម្សិល​មិញ​។ អ្នក​ជំងឺថ្មី​មាន​ចំនួន​200​នាក់ និង​អ្នក​ជំងឺ​សរុប​មាន 6,459​នាក់​។

ម៉ាឡេស៊ី មាន​អ្នក​ជំងឺ​ថ្មី​36​នាក់ និង​អ្នក​ជំងឺសរុប​មាន 5,425​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​89​នាក់​។

ប្រទេសថៃ​៖ ថ្ងៃ​នេះ​បាន​រាយការណ៍​ថា មាន​អ្នក​ជំងឺ​ថ្មី​27​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺសរុប​2,792​នាក់។ ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះមាន​47​នាក់​។

ឡាវ និង​ទីម័រ​ខាង​កើត​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នកជំងឺCOVID-19 តិច​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ិអាគ្នេយ៍​ ដោយ​មាន​អ្នកជំងឺ​សរុប​ជា​បន្ត​បន្ទាប់​គឺ​19 និង​22​នាក់​។ វៀតណាម ឡាវ​ កម្ពុជា​ និង​ទីម័រ​ខាង​កើត​គឺជា​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​ COVID-19 នៅ​ឡើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement