ប្រធានាធិបតី​​ប្រទេស​ប្រេស៊ីល ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន
ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

ប្រធានាធិបតី​ Jair Bolsonaro រួម​ជាមួយ​មនុស្ស​រាប់​រយ​នាក់​ នាំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ខាង​ក្រៅ​អគ្គ​បញ្ជា​ការដ្ឋាន​កង​ទ័ព​នៅ​ Brasilia ដើម្បី​ប្រឆាំង​ទៅ​​នឹង​បទ​​បម្រាម​គោចរ​​របស់​អភិបាល​រដ្ឋ​នានា​ក្នុង​ប្រទេស​នេះ​។

មនុស្ស​ប្រមាណ​ជា​600​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​កាល​ពី​ថ្ងៃទី​19​មេសា អំពាវ​នាវ​ឱ្យ​កង​ទ័ព​ ធ្វើ​អន្តរាគមន៍​ទៅ​លើ​វិធាន​ការ​ទប់​ទល់​នឹង​ COVID-19 ព្រម​ទាំង​ស្នើ​ឱ្យ​បិទ​ទ្វារ​សភា​ជាតិ​ផងដែរ​។ មនុស្ស​មួយ​ចំនួន​ លើក​បដា​ដែល​មាន​សរសេរ​ថា “យោធា​ធ្វើ​អន្តរា​គមន៍​ជាមួយ​ប្រធានា​ធិបតី​ Bolsonaro”។

ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ បាន​ឱ្យ​ដឹង​ថា ក្រុម​បាតុ​ករ​នេះ​គឺជា​អ្នក​គាំទ្រ​របស់​ប្រធានា​ធបិតី​ Jair Bolsonaro។​ ពួក​គេ​បាន​អំពាវ​នាវ​ឱ្យ​កង​ទ័ព​ ជួយ​ដល់​ប្រធានាធិបតី​ ដោយ​សារ​ពួកគេ​យល់​ថា តុលា​ការ​ជាន់​ខ្ពស់​ និង​សភា​ជាតិ​ កំពុង​តែ​រារាំង​ប្រធានាធិបតី​ ក្នុង​ការ​​ប្រឆាំង​ទៅ​នឹង​បទ​បញ្ជា​បម្រាម​គោចរ​ ទប់​ស្កាត់​ COVID-19 ដែល​​​អភិបាល​រដ្ឋ​នានា​ក្នុងប្រទេស​ បាន​ដាក់​ចេញ។

“ខ្ញុំ​នៅ​ទី​នេះ​ ព្រោះ​តែ​ជឿ​ជាក់​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​ទាំង​អស់គ្នា​នៅ​ទី​នេះ​ក៏ព្រោះ​តែ​ជឿ​ជាក់​ប្រេស៊ីល” ប្រធានាធិបតី​ Bolsonaro មាន​ប្រសាសន៍​​នៅ​លើ​រថយន្ត ទៅ​កាន់​ក្រុម​បាតុ​កម្ម​។ លោក​បន្ត​ថា “ចូរ​ប្រយុទ្ធ​ដើម្បី​ប្រទេស​ជាតិ​។ ចូរ​ជឿ​ជាក់​លើ​ប្រធានាធិបតី​របស់​អ្នក​ ជា​មនុស្ស​ដែល​នឹង​ធ្វើ​អ្វី​ៗ​ដែល​ចាំបាច់​ដើម្បី​ការ​ពារ​ខឿន​ប្រជា​ធិបតេយ្យ​ និង​សេរី​ភាព​ ដែលជា​ប្រការ​ដ៏​សំខាន់​សម្រាប់​យើង​គ្រប់​គ្នា​”។

ក៏ប៉ុន្តេ ប្រធានាធិបតី​​រូប​នេះ មិន​បាន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់​ជុំ​វិញ​​ការ​អំពាវ​នាវ​របស់​ក្រុម​បាតុ​ករ​ ដែល​ស្នើ​ឱ្យ​កង​ទ័ព​ធ្វើ​អន្តរាគមន៍​ ក៏ដូច​ជា​ការ​ស្នើ​ឱ្យ​បិទ​សភា​ជាតិនោះឡើយ​។

ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន
ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

Bolsonaro ដែល​ជា​អតីត​មន្ត្រី​យោធា​ម្នាក់​ដែរ​នោះ បាន​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅលើ​វិធាន​ការ​ដាក់​បម្រាម​គោចរ​ទប់ស្កាត់​ COVID-19 ពី​សំណាក់​អភិបាល​រដ្ឋ​នានា​នៃ​ប្រទេស​នេះ ដែល​ក្នុង​នោះ​ក៏​មាន​បណ្ដា​រដ្ឋ​ដែល​មាន​ប្រជា​ជន​ច្រើន​បំផុត​នៅ​ប្រេស៊ីល ដូចជា​រដ្ឋ Sao Paulo និង​រដ្ឋ​ Rio de Janeiro ជា​ដើម​។

សូម​រំឭក​ថា កាល​ពី​ថ្ងៃទី​17​មេសា លោក​ Bolsonaro បាន​ដក​តំណែង​​​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ដែល​ជា​អ្នក​គាំទ្រ​វិធាន​ការ​ទប់​ស្កាត់​ COVID-19 ដែល​ត្រូវ​បាន​ប្រធានាធិបតី​ Bolsonaro យល់​ថា អាច​បំផ្លាញ​សេដ្ឋ​កិច្ច​ប្រទេស​នេះ​។

គិត​ត្រឹម​ថ្ងៃទី​20មេសា​នេះ ប្រេស៊ីល​ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​សរុប​ជាង​200​លាន​នាក់​នេះ ​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ចំនួន​ 38,654​នាក់ ក្នុង​នោះ​មាន​2,462​នាក់​បាន​បាត់បង់​ជីវិត​៕

ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

Advertisement