COVID-19! នាយក​រដ្ឋ​មន្ត្រី​​ប្រទេស​នូវែលហ្សេឡង់ត្រូវ​​គេ​ប្ដឹង​ ដោយ​សារ​ចេញ​បម្រាម​គោចរ​

COVID-19! នាយក​រដ្ឋ​មន្ត្រី​នូវែលហ្សេឡង់ត្រូវ​​គេ​ប្ដឹង​ ដោយ​សារ​ចេញ​បម្រាម​គោចរ​

បុរស​2នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ Jacinda Ardern ដោយ​សារ​តែ​ពួកគេ​យល់​ថា លោក​ស្រី​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​នូវែលហ្សេ​ឡង់​ដើម្បី​ទប់​ស្កាត់​​COVID-19 គឺដើម្បី​ “ផល​ប្រយោជន៍​នយោបាយ​”។

ដើម​បណ្ដឹង​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ ថ្ងៃនេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​នៃ​ទីក្រុង​​ Auckland ប្រទេស​នូវែលហ្សេឡង់​ ដោយ​ចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី​ Ardern ថា បាន​ប្រកាស​អាសន្ន​កម្រិត​4 នៅ​ទូទាំង​ប្រទេស​ ធ្វើ​ឱ្យ​ពួកគេ​ “ត្រូវ​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ​ដោយ​ខុស​ច្បាប់​ និង​មិន​គួរ​ប្ដូរ​ជា​មួយ​នឹង​ការ​ខាត​បង់​សេដ្ឋី​ ព្រោះ​តែ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 មាន​កម្រិត​ទាប​”។ ពួកគេ​យល់​ថា បទ​បញ្ជា​ដាក់​បម្រាម​គោចរ​របស់​លោក​ស្រី Ardern “ទាំង​អស់​សុទ្ធ​តែ​ដោយ​សារ​ផល​ប្រយោជន៍​នយោបាយ”។

ដើម​បណ្ដឹង​ទី​1​ បាន​និយាយ​ជា​មួយ​ Mary Peters ដែល​ជា​​តំណាង​តុលាការ​​ថា ការ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​ “គឺជា​ការ​លេង​សើច” ហើយ​ COVID-19 គ្រាន់​តែ​ជា​ “ការ​ភ័យ​ស្លន់​ស្លោ​ប៉ុណ្ណោះ គឺ​វា​មិន​មែនជា​រោគ​រាត​ត្បាត​អ្វី​នោះ​ទេ​” បើទោះ​ជា​គាត់​ទទួល​បាន​សិទ្ធិ​ចេញពី​ផ្ទះ​ចាប់​ពី​ម៉ោង​​8ដល់​ម៉ោង​17​ ក៏ដោយ។

ដើម​បណ្ដឹង​រូប​នេះ​យល់​ថា នាយក​រដ្ឋ​មន្ត្រី​ Ardern មិន​មាន​មូល​ដ្ឋាន​ដើម្បី​ដាក់​បម្រាម​គោចរ​នោះ​ទេ។​ ទន្ទឹម​នឹង​នេះ បុរស​នេះ​ក៏បាន​ចោទ​លោក​ស្រី​ថា បាន​ឃុបឃិត​ជា​មួយ Stephen Tindall ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន​លក់​រាយ​ធំបំផុត​នៅ​ប្រទេស​នូវែល​ហ្សេឡង់ ដើម្បី​បំផ្លាញ​សេដ្ឋ​កិច្ច​ ហើយ​ការ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​នេះ គួរ​តែ​ត្រូវ​បាន​ពិគ្រោះ​​យោបល់​ជា​មួយ​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​។

ដើមបណ្ដឹង​ថែមទាំង​បាន​ប្រៀប​ធៀប​លោក​ស្រី Ardern ទៅ​នឹង​ Adolf Hitler ផងដែរ​ ហើយ​ប្រៀប​ធៀប​ការ​ដាក់​បម្រាម​គោចរ​ដូច​ទៅ​នឹង​ “ការ​សម្លាប់​រង្គាល”។ បុរស​នេះ​និយាយ​ថា ការស្លាប់​ចំនួន​9ករណី​ដោយ​សារ​វីរុស​COVID-19 នៅ​នូវែលហ្សេឡង់​បាន​កើត​ឡើង​ក្នុង​ពេលដែល​ពួក​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ នេះ​បង្ហាញ​ថា ការ​ដាក់​បម្រាម​គោចរ​​គឺ​មិន​សម​ហេតុ​ផល​ជាមួយ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​។

ចំណែក​ដើម​បណ្ដឹង​ទី​2 យល់​ថា តួលេខ​​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេង​ៗដូច​ជា​មហារីក​ជា​ដើម​ វា​មាន​អត្រា​ខ្ពស់​ជាង​ COVID-19 ទៅ​ទៀត​ ប៉ុន្តែមិន​ត្រូវ​បាន​ពិនិត្យ​ និង​ព្យាបាល ដោយ​សារ​តែ​ធន​ធាន​របស់​មន្ត្រី​ពេទ្យ ផ្ដោត​ទៅ​លើ​តែ​ការ​ទប់​ស្កាត់​COVID-19។ “នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ចិត្ត​ខុស​ ទាំង​អស់​គឺ​​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​លោក​ស្រី​តែប៉ុណ្ណោះ​”។

មេធាវី​ Austin Powell ​របស់​នាយក​រដ្ឋ​មន្ត្រី​ Ardern បក​ស្រាយ​ថា បម្រាម​គោចរ​​ បង្ក​ផល​ប៉ះពាល់​ច្រើន​គួរ​សម​ដល់​សិទ្ធិ​នៃ​ការ​ដើរ​ហើរ​របស់​អ្ន​ក​រាល់​គ្នា​ ក៏ប៉ុន្តែ ប្រជាជន​នៅ​តែ​មាន​សិទ្ធិ​ដើរ​ ពេល​មាន​ការ​ចាំបាច់​។ មេធាវីខាង​លើ​ក៏បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ដើមបណ្ដឹង​ និង​បាន​បក​ស្រាយ​ថា ច្បាប់​សុខ​ភាព​​អនុញ្ញាត​ឱ្យ​ក្រសួង​សុខាភិបាល​មាន​សិទ្ធិ​អនុវត្ត​វិធានការ​រឹត​បន្តឹង​​នានា​ទាក់​ទិន​នឹង​បម្រាម​គោចរ​។ តំណាង​តុលាការ​ លោក​ស្រី​ Peters បាន​ឱ្យ​ដឹង​ថា លោក​ស្រី​នឹង​កាត់​ក្ដី​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ​ខា​ង​មុខ​។

នាយក​រដ្ឋមន្ត្រី​ Ardern កាល​ពី​ខែ​មីនា បាន​ប្រកាស​អាសន្ន​កម្រិត​4​(កម្រិត​ខ្ពស់​បំផុត) ទូទាំង​ប្រទេស​ ព្រោះ​តែ​COVID-19។ តាម​រយៈ​ការ​ប្រកាស​អាសន្ន​ដែល​មាន​សុពល​ភាព​4​សប្ដាហ៍នេះ សាលា​រៀន ភោជនីយដ្ឋាន បារ រោងកុន រួម​នឹង​កន្លែង​ដែល​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​ ត្រូវ​បាន​ផ្អាកដំណើរ​ការ​ទាំង​ស្រុង។

វិធានការ​ខ្លាំង​ក្លា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ និង​កំពុង​ជួយ​ប្រទេស​នូវែលហ្សេឡង់​ ​គ្រប់​គ្រង​វីរុស​COVID-19 បាន​ឆាប់​រហ័ស​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement