យាន​អវកាស​ជប៉ុន ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទ

យាន​អវកាស SLIM នឹង​ត្រៀម​ខ្លួន​ចុះ​ចត​លើ​ផ្ទៃ​របស់​​ព្រះចន្ទ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ 2024​ ដែល​អាច​នាំ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ធ្វើ​បាន​ដូច្នេះ​ បន្ទាប់​ពី​ សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។

យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ស្វ័យ​ប្រវត្ត​ SLIM របស់​ជប៉ុន​ បាន​ហោះ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​ ដូច​ការ​គ្រោង​ទុក។ នេះ​បើ​តាម​ទីភ្នាក់​ងារ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ នៅ​វេលា​ម៉ោង​ 13 និង 51 នាទី ថ្ងៃទី 25 ធ្នូ ម៉ោង​នៅ​កម្ពុជា​។

យោង​តាមចាសា យាន​ SLIM កំពុង​ហោះ​ហើរ​​ទៅ​​តាម​គន្លង​គោចរ​រាង​ពង​ក្រពើ និង​ចំណាយ​ពេល​ 6.4 ម៉ោង​ ដើម្បី​ហោះ​បាន​មួយ​ជុំ​ព្រះ​ចន្ទ​ ពីកម្ពស់​ 600 គីឡូម៉ែត្រ​នៅ​តំបន់ដែល​ជិត​បំផុត និង​ 4,000 គីឡូម៉ែត្រ នៅ​តំបន់​ដែល​ឆ្ងាយបំផុត​។ នេះ​គឺជា​ជំហាន​ថ្មី​ដែល​បញ្ជាក់​ថា SLIM កំពុង​ឆ្ពោះ​ជិត​ដល់​គោលដៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 19 មករា ឆ្នាំ 2024​។

នេះ​នឹង​ជា​ជោគ​ជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះថា មក​ដល់បច្ចុប្បន្ន មាន​តែ​ប្រទេស​ចំនួន​បួន​ប៉ុណ្ណោះ រួម​មាន សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​ ​ដែល​បាន​បញ្ជូន​យាន​អវកាសទៅ​​ចុះ​ចត​លើផ្ទៃ​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​។

យាន​ SLIM ដែល​មាន​ប្រវែង 2.7 ម៉ែត្រ ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 06 កញ្ញា 2023 រួម​ជាមួយ​នឹង XRISM ជា​តេឡេស្កុប​អវកាស​ប្រើ​កាំរស្មី​ X កម្លាំង​ខ្លាំង​។

ចាសា​ឱ្យ​ដឹង​ថា SLIM មាន​បេសកកម្ម​ស្វែងរក​វិធី​ចុះ​ចត​ប្រកប​ដោយ​សុវត្ថិភាព​ ដែល​ជារឿង​​ចាំ​បាច់​សម្រាប់​យាន​ចុះ​ចត​នា​ពេល​អនាគត​៕

Advertisement