COVID-19! ជប៉ុន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​

COVID-19! ជប៉ុន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ​ប្រកាស​ដាក់​ប្រទេសទាំង​មូល​​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ ដែល​នឹង​អូស​បន្លាយ​ពេល​ដល់​ថ្ងៃទី​6ឧសភា​ ដោយ​សារ​តែ​ COVID-19។

“បណ្ដា​តំបន់​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​នឹង​ពង្រីក​ពី​7ខេត្ត​-ក្រុង ឡើង​ដល់​បណ្ដា​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​” នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​ ជាមួយ​ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​ដើម្បី​ពិភាក្សា​អំពី​COVID-19។

លោក Abe កាល​ពី​ថ្ងៃទី​7មេសា​​បាន​ប្រកាស​អាសន្ន​ចំពោះ​ទីក្រុង​តូក្យូ និង​ទីក្រុង​អូសាកា រួម​នឹង​5ខេត្ត​ផ្សេង​ទៀត​ ដែល​មាន​ប្រជា​ជន​សរុប​ប្រមាណជា​44​%​ ក្នុង​ចំណោម​ប្រជា​ជន​សរុប​ទូទាំង​ប្រទេស​។ សុពលភាព​នៃ​បទបញ្ជា​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន​នេះ​នឹង​អូស​បន្លាយ​ដល់​ថ្ងៃទី​6​ឧសភា​ឆ្នាំ​2020។

ការ​ប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​នេះ​ក៏​នឹង​អនុញ្ញាត​ឱ្យ​អភិបាល​ខេត្ត​ក្រុង​នានា​អាច​ស្នើ​ឱ្យ​ពល​រដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​អាច​ផ្អាក​អាជីវកម្ម​នានា​ផងដែរ​។ ក៏ប៉ុន្តែ មិន​ទាន់​មាន​យន្ត​ការ​ជាក់​លាក់​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​​ ឬ​ពិន័យ​ទៅ​លើ​អ្នកដែល​មិន​គោរព​បទបញ្ជា​នៅ​ឡើយ​។

នៅ​ក្នុង​ទីក្រុង​តូក្យូ អភិបាល​ក្រុង​បាន​ស្នើ​ឱ្យ​ប្រជាជន​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​។ ចំនួន​អ្នក​ចេញទៅ​ធ្វើ​ការ​ បាន​ថយ​ចុះ​ច្រើន​ដែល​គេ​អាច​សង្កេត​ឃើញ​​នៅ​តាម​ដង​ផ្លូវ​។ ប៉ុន្តែ ស្ថាន​ភាព​មនុស្ស​ជុំ​គ្នា​ច្រើន​នៅ​តែ​កើត​មាន​ឡើង​ក្នុង​តំបន់​ប្រជុំជន ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា វិធាន​ការ​នានា​មិន​អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​នេះ​បាន​។

ជប៉ុន បាន​រកឃើញ​អ្នកជំងឺ​សរុប​ជាង​8,600​នាក់ ក្នុង​នោះ​មាន​ជិត​180​នាក់​បាន​ស្លាប់​។ ក្រុម​អ្នកជំនាញ​ការ​ព្រមាន​ជា​ច្រើន​លើក​មក​ហើយ​ថា COVID-19 នឹង​បង្ក​ផលវិបាក​ធ្ងន់​ធ្ងរ​បំផុត​ បើសិន​វា​កើន​ឡើង​រហូត​ដល់​លែង​គ្រប់​គ្រង​បាន​ ពិសេស​គឺ​ចំពោះ​ប្រទេស​ដែល​មាន​ប្រជា​ជន​ចាស់​ជរា​ច្រើន​ដូច​ប្រទេស​ជប៉ុន​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement