Trump បង្ហើប​ឱ្យ​ដឹងអំពី​​ “ថ្ងៃ​រន្ធត់​បំផុត​ក្នុង​ជីវិត​” របស់​លោក​

Trump បង្ហើប​ឱ្យ​ដឹងអំពី​​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា “ថ្ងៃ​រន្ធត់​បំផុត​” ក្នុងឆាក​​ជីវិត​របស់​លោក​ នោះ​គឺ​ពេល​ដែល​បាន​ដឹង​ថា ប្រទេស​នេះ​មិន​មាន​ម៉ាស៊ីន​ជំនួយ​ដង្ហើម​គ្រប់​គ្រាន់​នៅ​ក្នុង​ឃ្លាំង​ដើម្បី​ទប់​ទល់​នឹង​COVID-19 កាលពី​ខែ​មីនា​។

“ថ្ងៃ​ដែល​រន្ធត់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​នោះ​គឺ​កាល​ពី​1ខេមុន​ ក្រោយ​ពី​កិច្ច​ប្រជុំ​1​ថ្ងៃ​ពេញ ក្រុម​មន្ត្រី​​និយាយ​ជាមួយ​ខ្ញុំ​ថា យើង​ត្រូវ​ការ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដល់​ទៅ​130,000​គ្រឿង​ ហើយ​ថា​ យើង​នៅ​ខ្វះ​រាប់​សែន​គ្រឿង​ទៀត​” លោក​ Trump ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​និយាយ​អំពី COVID-19 ដែលធ្វើ​ឡើង​នៅ​ក្នុង​សេតវិមាន​​កាលពី​ថ្ងៃទី​14​មេសា​។

លោក​ Trump បាន​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋ​អំណាច​មុន​ដែល​ខ្វះ​ចក្ខុវិស័យ​លើ​បញ្ហា​នេះ​។ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​រិះ​គន់​អភិបាល​រដ្ឋ​នានា​ ព្រោះ​តែ​បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ “មិន​សម​ហេតុ​ផល” ពី​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

“នេះ​គឺជា​ប្រព័ន្ធ​ដែល​ជំនាន់​មុន​បាន​បន្សល់​ទុក​” លោក​ Trump បន្ត​ថា “អភិបាល​រដ្ឋ​នានា​ បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដោយ​មិន​សម​ហេតុ​ផល​ ដែល​រដ្ឋាភិបាល​​មិន​មាន​ ចំណែក​រដ្ឋ​នានា​បែរ​ជា​មិន​ត្រៀម​ទៅ​វិញ​។ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​ម៉ាស៊ីន​នេះ ហើយ​បើ​មិន​មាន​ ពួក​គេ​នឹង​ស្លាប់​”។

លោក​ Trump បាន​ឱ្យ​ដឹង​ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ រៀប​ចំ​ ផ្គត់​ផ្គង់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទៅ​ឱ្យ​អ្នក​ដែល​ត្រូវ​ការ​បំផុត​។ កាល​ពី​ខែ​មុន លោក​ Trump ក៏បាន​​យក​ច្បាប់​ Defense Production Act មក​ប្រើ​ប្រាស់​ដើម្បី​ជំរុញ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ និង​រោង​ចក្រ បង្កើន​ផលិត​កម្ម​របស់​ខ្លួន​ក្នុង​ការ​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម​នេះ​ផងដែរ​។

“ឆ្នាំ​មុន អាមេរិកាំង​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម 30,000​គ្រឿង​។ ឆ្នាំ​នេះ តួលេខ​នេះ​នឹង​កើន​ដល់​ជាង​150,000​គ្រឿង​ ឬ​200,000​គ្រឿង​ ដែល​នឹង​ច្រើនជាង​អ្វី​ដែល​យើង​ត្រូវការ​” លោក​ប្រធានាធិបតី​អាមេរិកាំង​មាន​ប្រសាសន៍​បែប​នេះ​។

បច្ចុប្បន្ន សហរដ្ឋ​អាមេរិក គឺជា​សម្បុក​មេរោគ​COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ជាង​600,000​នាក់ និង​អ្នកស្លាប់​ជាង​26,000​នាក់​ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះដល់​ទៅ​ជាង126,800​នាក់​ នៅ​ក្នុង​ចំណោម​អ្នកជំងឺជាង​​​2,004,000​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement