“មហារីកសុដន់” ឆាប់ដឹងមុន មានសង្ឃឹមព្យាបាលបាន ដោយមិនបាច់វះកាត់

ជំងឺមហារីកសុដន់នៅតែជាប្រភេទជំងឺមហារីកលំដាប់ទី1 ដែលកើតមានចំពោះស្ត្រីនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីយើងមិនគួរបណ្ដោយខ្លួនឱ្យកើតជំងឺដ៏អាក្រក់មួយនេះ ដែលមកបំផ្លាញទឹកចិត្ត និងបំផ្លាញក្ដីសង្ឃឹមនៅក្នុងជីវិតរបស់យើងនោះទេ។ សម័យវិទ្យាសាស្ត្រទំនើបនេះ ជំងឺមហារីកសុដន់ លែងជាបញ្ហាចោទគួរឱ្យព្រួយបារម្ភក្នុងការព្យាបាលមិនជាសះស្បើយទៀតហើយ ដោយមានវិធីព្យាបាលដោយការវះកាត់សុដន់ចេញជាដើម។ ក៏ប៉ុន្ដែ ហេតុអ្វីស្ដ្រីយើងចាំបាច់ត្រូវឱ្យជំងឺដ៏អាក្រក់នេះមករុករានរាងកាយរបស់យើងដល់កម្រិតមួយព្យាបាលមិនជានោះ? ស្ត្រីយើងគួរតែមានវិធានការប្រុងប្រយ័ត្នខ្លួនជាមុន ទើបជាការប្រសើរ។ ថ្ងៃនេះ ឡារ៉ែន សូមណែនាំនារីទាំងអស់ ដើម្បីឱ្យអ្នកឆាប់ដឹងបានឆាប់រហ័សពីជំងឺមហារីកសុដន់ដូចខាងក្រោមនេះ។

ការពិនិត្យរកមើលជំងឺមហារីកសុដន់តាំងពីដំណាក់កាលដំបូងគឺជាវិធីដ៏ល្អបំផុត ដើម្បីឱ្យការព្យាបាលបានទាន់ពេលវេលា និងមានឱកាសខ្ពស់ក្នុងការជាសះស្បើយ ដោយមិនចាំបាច់ធ្វើការកាត់សុដន់ចេញ ហើយនៅមានជីវិតបន្ដរស់រាន្តទៅថ្ងៃខាងមុខទៀត។ ជំងឺមហារីកសុដន់ដំណាក់កាលដំបូង មិនអាចប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯងបាននោះទេ អ្នកត្រូវតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យដឹងជាក់ច្បាស់អំពីអាការជំងឺ និងទទួលបានការណែនាំក្នុងការព្យាបាលឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងចៀសវាងទុកឱ្យជំងឺនេះកាន់តែរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង។

តើអ្វីទៅជាជំងឺមហារីកសុដន់?
មហារីកសុដន់ គឺជាទម្រង់ពិសេសមួយនៃជំងឺមហារីក ដូចជាជំងឺមហារីកផ្សេងទៀតដែរ ដែលកោសិកាធ្វើការវិវឌ្ឍលូតលាស់យ៉ាងលឿនបំផុត។ កោសិកាមានជំងឺ (សាច់កាច) បង្កើនខ្លួនច្រើនឡើងៗ ដោយមិនមានសណ្តាប់ធ្នាប់ រហូតបង្កើតជាដុំពក ដែលមានសមត្ថភាពវាយប្រហារជាលិកាសរីរាង្គល្អៗនៅជិតនោះ និងអាចពង្រីកការរាតត្បាតជាកោសិកាមហារីកពេញខ្លួន ដែលគេហៅថា ដំណើរប្តូរកន្លែងឈឺ ឬការឆ្លងជំងឺពីតំបន់មួយទៅតំបន់មួយទៀតនៃរាងកាយ។ បើពន្យល់យ៉ាងងាយស្រួល គឺអ្នកប្រហែលជាធ្លាប់ឮថា ជំងឺមហារីកសុដន់តែងតែកើតមានឡើងក្នុងរូបរាងជាដុំពក។ នោះជាការពិត វាជារោគសញ្ញាជំងឺមហារីកសុដន់ទូទៅ។ នោះហើយជាមូលហេតុ ដែលគ្រូពេទ្យជំនាញចង់ណែនាំឱ្យអ្នកទៅពិនិត្យមើលដុំពកថ្មីនៅក្នុងសុដន់ ប្រសិនបើវានៅតែមិនបាត់ទៅវិញក្រោយពេលវដ្តរដូវច្រើនដងហើយ។

ការវះកាត់កោសិកាមហារីក
2ភាគ3នៃជំងឺមហារីកសុដន់ មានកើតនៅលើស្ត្រីដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅ។ ផ្ទុយទៅវិញ គេកម្រឃើញជំងឺនេះកើតមានចំពោះស្ត្រីក្រោមអាយុ35ឆ្នាំណាស់ ហើយកាន់តែកម្រ ឬអាចជាករណីពិសេសផង បើមានកើតលើស្ត្រីក្រោមអាយុ20ឆ្នាំ។ ក្នុងករណីនេះ សូមគិតគូរដល់បញ្ហាពូជអម្បូររបស់អ្នកផងដែរ។ នៅក្នុងការព្យាបាលជំងឺមហារីកសុដន់ វិធីសាស្ត្រដែលប្រើញឹកញាប់ជាងគេនោះគឺ ការវះកាត់សុដន់។ សព្វថ្ងៃនេះ ប្រសិទ្ធភាពក្នុងការព្យាបាលក៏មានខ្ពស់ផងដែរ ហើយគ្រោះបាត់បង់សរីរាង្គក៏មានកាន់តែតិចទៅដែរ។ ប្រសិនបើដុំមហារីកមានទំហំតូចជាង3សង់ទីម៉ែត្រ គ្រូពេទ្យជំនាញនឹងសាកល្បងវះឆ្កៀលកាត់យកសាច់នោះចេញ និងស្រាវផ្តាច់ឱ្យអស់ (យកតែដុំមានជំងឺចេញ) ដោយរក្សាក្រពេញផ្សេងៗទៀត ពោលគឺរក្សាសុដន់ឱ្យនៅដដែល។ ចំណែកការវះកាត់តាមបែបវិទ្យុសកម្ម (កាំរស្មី) ឬគីមីវិទ្យា ក៏មានអមជាមួយផងដែរ។ ប្រសិនបើដុំមហារីកធំខ្លាំង គ្រូពេទ្យនឹងវះកាត់ចេញទាំងអស់នូវក្រពេញទឹកដោះ ក្រពេញកូនកណ្តុរ ដោយរក្សាទុកតែសាច់ដុំសុដន់ ដើម្បីឱ្យអ្នកជំងឺអាចធ្វើការវះកាត់កែទម្រង់សុដន់ឡើងវិញបាននៅថ្ងៃក្រោយ។

យើងនឹងបង្ហាញអ្នកនូវរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែចាប់អារម្មណ៍ ដើម្បីទទួលបានការពិនិត្យឱ្យបានទាន់ពេលវេលាដូចខាងក្រោមនេះ៖
ការឈឺចាប់ : មានអារម្មណ៍ឈឺចាប់ ភាគច្រើនមិនសូវទាក់ទងទៅនឹងមហារីកសុដន់នោះទេ។ តែវាជាការឈឺចាប់របស់សុដន់ ដែលជាទូទៅកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន គីសសុដន់ ភាពតានតឹង ឬការប្រើថ្នាំពន្យារកំណើតជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះជំងឺមហារីកសុដន់អាចមានការឈឺចុកចាប់តែម្ខាង ឬទាំងសងខាងនៃសុដន់របស់អ្នក។
ក្បាលសុដន់លិបចូលក្នុង : ដោយសារតែមានការប្រែប្រួលកោសិកា នោះទើបធ្វើឱ្យក្បាលដោះដែលមានបញ្ហាទាញលិបចូលទៅខាងក្នុងអស់។
មានអាការហើមសុដន់ : ទោះបីជាអ្នកមិនបានពិនិត្យឃើញដុំពកនៅលើសុដន់ក៏ដោយ តែសភាពរបស់សុដន់ ឬផ្នែកណាមួយរបស់វាមានលក្ខណៈហើម និងតឹងជាដើម ក៏អ្នកត្រូវទៅពិនិត្យឱ្យបានល្អិតល្អន់ជាមួយគ្រូពេទ្យជំនាញដែរ។
សុដន់មានសភាពគគ្រាមដូចសម្បកផ្លែក្រូច : នេះជាសញ្ញាសម្គាល់សំខាន់បំផុត ដើម្បីកំណត់លក្ខណៈរបស់ជំងឺមហារីកសុដន់ ដោយវាមានសភាពខួចនៅលើសុដន់ ដែលមើលទៅស្រដៀងនឹងសម្បកក្រូចដែរ។
កើតកូនកណ្តុរឡើងធំនៅលើសុដន់ : ចំពោះជំងឺមហារីកសុដន់ អ្នកអាចសម្គាល់បានថា មានកើតកូនកណ្តុររីកធំនៅក្នុងតំបន់ក្លៀក ដែលនេះជាសញ្ញាបញ្ជាក់ថា មានការរីករាលដាលពីសុដន់ទៅដល់ប្រព័ន្ធកូនកណ្តុរហើយ។
ការហូរទឹកពីសុដន់មិនធម្មតា : ការហូរទឹកមិនធម្មតាចេញពីសុដន់ ក្រៅពីទឹកដោះ (ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះម្តាយ) គឺជាសញ្ញាអាសន្នមួយនៃជំងឺមហារីកសុដន់ ប្រសិនបើមានរោគសញ្ញានេះ អ្នកមិនត្រូវបង្អង់យូរ ក្នុងការពិនិត្យព្យាបាលនោះទេ។
ការស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ : ជំងឺមហារីក ជាធម្មតាគឺបណ្តាលឱ្យបាត់បង់ចំណង់អាហារ និងបញ្ហាស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ។
ពណ៌នៃក្បាលសុដន់ប្រែប្រួល : ជំងឺមហារីកសុដន់ អាចធ្វើឱ្យសុដន់ ឬក្បាលសុដន់របស់អ្នកមានពណ៌ក្រហម សំប៉ែត និងមានពងបែកនៅបរិវេណសុដន់។
ការផ្លាស់ប្តូរទំហំរបស់សុដន់ : វាជារឿងធម្មតាទេ ដែលស្រ្តីមានទំហំ ឬរាងសុដន់មិនស្មើគ្នា។ ប៉ុន្តែប្រសិនបើ វាមានការផ្លាស់ប្តូរទំហំ ឬរូបរាងរបស់វាភ្លាមៗ នោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យឱ្យបានច្បាស់។

ការព្យាបាលដំណាក់កាលដំបូងនេះជួយឱ្យអ្នកជំងឺមានទំនុកចិត្តខ្ពស់។ យ៉ាងណាមិញចំពោះការវះកាត់សុដន់ អាចធ្វើឡើងនៅក្នុងរយៈពេលមិនលើសពី4-6ម៉ោង អ្នកជំងឺភាគច្រើនអាចអង្គុយលើគ្រែ និងអាចដើរបាន អាចសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល5-7ថ្ងៃ បន្ទាប់មកអ្នកជំងឺអាចទៅផ្ទះវិញបានហើយ។ ប្រសិនបើអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ នោះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា៕

Advertisement