ករណីឆ្លង​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​៖ ហ្វីលីពីន​នាំ​មុខ​គេ​​ ខណៈ​ម៉ាឡេស៊ី​ថយ​ចុះ​1កម្រិត​ ឯកម្ពុជា​គឺ​នៅ​ដដែល​

ករណីឆ្លង​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​៖ ហ្វីលីពីន​នាំ​មុខ​គេ​​ ខណៈ​ម៉ាឡេស៊ី​ថយ​ចុះ​1កម្រិត​ ឯកម្ពុជា​គឺ​នៅ​ដដែល​

នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​ហ្វីលីពីន​បាន​ចូល​មក​ជំនួស​ម៉ាឡេស៊ី​ ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​ ដោយប្រទេស​នេះ​​មាន​អ្នកជំងឺ​COVID-19 សរុប​5,223​នាក់ និង​ស្លាប់​335​នាក់​ ខណៈ​ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 សរុប​4,987​នាក់ និង​ស្លាប់​82​នាក់​។

អាជ្ញាធរ​ហ្វីលីពីន រង​ការ​រិះគន់​ខ្លាំង ដោយ​សារ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ ប៉ុន្តែ​ដើម​ខែ​មេសា ពួកគេ​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​​ដោយ​ការ​បន្ថែម​ឧបករណ៍​ធ្វើ​តេស្ត​ និង​បន្ថែម​កម្លាំង​ប្រតិបត្តិ​ការ​​ក្នុង​បន្ទប់​ធ្វើ​តេស្ត​។ ប្រធានា​ធិបតី​ហ្វីលីពីន​ លោក​ Duterte កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​បញ្ចេញ​ថវិកា​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​ចំនួន​900,000​ឈុត​ បន្ថែម​ពី​លើ​100,000​ឈុត​ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។

ឥណ្ឌូនេស៊ី​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​នៅ​អាស៊ី​អាគ្នេយ៍​ បន្ទាប់​ពី​ហ្វីលីពីន និង​ម៉ាឡេស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​4,839​នាក់​ និង​ស្លាប់​459​នាក់​។ ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែល​មាន​អត្រា​នៃ​ការ​ស្លាប់​ខ្ពស់​ជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

ឥណ្ឌូនេស៊ី ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ខាង​សុខាភិបាល​ ព្យាករ​ថា អ្នក​ជំងឺ​COVID-19 នៅ​ក្នុង​ប្រទេស​នេះ​ អាច​កើន​ឡើង​ដល់​1.6​លាន​នាក់​។ បន្ទប់​ព្យាបាល​បន្ទាន់​នានាក្នុង​ប្រទេស​នេះ ក៏​កំពុង​តែ​ទទួល​ព្យាបាល​ដោយ​លើស​ចំណុះ​ បើ​ទោះ​អាជ្ញាធរ​បាន​ និង​កំពុង​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​យ៉ាង​សកម្ម​ក៏ដោយ​។

សិង្ហ​បុរី​ឈរ​លំដាប់​ទី​4​ ដោយ​មាន​អ្នក​ជំងឺ​សរុប​3,252​នាក់ ក្នុង​នោះ​មាន​10​នាក់​បាន​ស្លាប់​។ ក្រុម​មន្ត្រី​សុខាភិបាល​ប្រទេស​នេះ​ឱ្យ​ដឹង​ថា ការ​ត្រឡប់​មក​កាន់​ប្រទេស​​កំណើត​របស់​ពលរដ្ឋ​ប្រទេស​នេះ​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​មីនា បាន​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ “នាំ​ចូល” មាន​ការ​កើន​ឡើង​ខ្ពស់​ ប៉ុន្តែ​បញ្ហា​នេះ​ក៏បាន​ថយ​ចុះ​បន្តិច​ម្ដង​ៗ​ ក្រោយ​រយៈ​ពេល​ប្រហែល​1ខែ​។ ក៏ប៉ុន្តែ ករណី​ឆ្លង​វីរុស​​COVID-19 នៅ​ក្នុង​ស្រុក​ បែរ​ជា​កើន​ឡើង​ទៅ​វិញ​។

ប្រទេស​ថៃ មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​2,613​នាក់ និង​អ្នក​ស្លាប់​សរុប​41​នាក់ ខណៈ​ប្រទេស​វៀតណាមមាន​អ្នក​ជំងឺ​267​នាក់ (មិន​ទាន់​មាន​អ្នក​ស្លាប់) ប្រទេស​ប៊្រុយ​ណេ​មាន​អ្នកជំងឺ136​នាក់​(​​ស្លាប់​ម្នាក់) ប្រទេស​កម្ពុជា​មាន​អ្នកជំងឺ​122​នាក់​(មិន​ទាន់​មាន​អ្នកស្លាប់) ​ប្រទេស​មីយ៉ានម៉ារ​មាន​អ្នក​ជំងឺ​63​នាក់(​ស្លាប់​4​នាក់) ប្រទេស​ឡាវ​មាន​អ្នកជំងឺ​19​នាក់(មិន​ទាន់​មាន​អ្នក​ស្លាប់) និង​ប្រទេស​ទីម័រ​ខាង​កើត​មាន​អ្នកជំងឺ​សរុប​6​នាក់(មិន​ទាន់​មាន​អ្នក​ស្លាប់​)៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement