មនុស្ស​ជាង​12,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អង់គ្លេស​

មនុស្ស​ជាង​12,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អង់គ្លេស​

ប្រទេស​អង់គ្លេស​មាន​អ្នក​ស្លាប់ថ្មី​​ដោយ​សារ​វីរុស​COVIDD-19​ ចំនួន​778​នាក់​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ កើន​ឡើង​ដល់​12,107​នាក់​។

ក្រសួង​សុខាភិបាល​អង់គ្លេស កាល​ពី​យប់​មិញ​(14មេសា) បាន​ឱ្យ​ដឹង​ថា​ តួលេខ​នៃ​អ្នក​ស្លាប់​ថ្មី កើន​8.5​% បើធៀប​នឹង​717​នាក់​កាល​ពី​មុន​នេះ​មួយ​ថ្ងៃ​។ ចំណែក​អ្នកជំងឺ​ថ្មី​ មាន​ចំនួន​5,252​នាក់​ នាំ​ឱ្យ​ចំនួន​​អ្នក​ជំងឺ​សរុប​ឡើង​ដល់​93,873​នាក់​។

អង់គ្លេស​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 លើ​មនុស្ស​ជាង​​302,599​នាក់​។ ចំនួន​ករណី​ធ្វើ​តេស្ត​ បាន​ថយ​ចុះ​​មក​នៅ​ត្រឹម​​15,000​នាក់ បើ​ធៀប​នឹង​18,000​ករណី​កាល​ពី​ថ្ងៃទី​12​មេសា​។ ប្រទេស​នេះ​បាន​ដាក់​ផែន​ការ​ធ្វើ​តេស្ត​ឱ្យ​បាន​100,000​នាក់​/ថ្ងៃ​ នៅ​ចុង​ខែ​មេសា​នេះ​។

មណ្ឌុល​ចាស់​ជរា​នៅ​អង់គ្លេស​កំពុង​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​វិបត្តិ​សុខភាព​នៅ​អង់គ្លេស​។ តួលេខ​នៃ​ករណី​ស្លាប់​ទាក់​ទិន​នឹង​COVID-19 នៅ​ក្នុង​បណ្ដា​មណ្ឌុល​ចាស់​ជរា​ បាន​កើន​ឡើង​10​ដងក្នុង​រយៈ​ពេល​1សប្ដាហ៍​។ នេះ​បើ​តាម​​ទិន្ន​ន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​។

ចំណែក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក Boris Johnson ដែល​ទើប​តែ​ចេញ​ពី​មន្ទីរ​ពេទ្យ ក្រោយ​ពី​បានជា​ពី​ជំងឺ​កូរ៉ូណា​ ត្រូ​វ​បាន​អ្នក​នាំពាក្យ​របស់​លោក​រាយ​ការណ៍​ថា លោក​កំពុង​សម្រាក​យក​កម្លាំង​នៅ​ឯវិមាន​ Chequers។ អ្នក​នាំ​ពាក្យ​ខាង​លើ​នេះ​និយាយ​ថា “អាទិភាព​របស់​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​នេះ​គឺការ​សម្រាក​យក​ម្លាំង​។ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ស្នើ​ឱ្យ​លោក​សម្រាក​ និង​មិន​គួរ​ទៅ​ធ្វើ​ការ​ភ្លាម​នោះ​ទេ​”។

COVID-19​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​នៅ​ក្នុង​ពិភពលោក ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​​ចិន ហើយ​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​ធ្វើ​ឱ្យ​​សហ​រដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុងសកល​លោក​។ ពិភពលោក​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19 ប្រមាណ​ជាជិត​​2,000,000​នាក់ ក្នុង​នោះ​មាន​121,000​នាក់​បាន​ស្លាប់ ខណៈ51,566​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement