នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើឱ្យ​ពិចារណា​លើ​ការអនុញ្ញាតឱ្យ​ប្ដូរ​ក្រលៀន នៅក្នុង​ស្រុក

សម្ដេច ហ៊ុន សែន ក្នុង​​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន យល់ថា គួរ​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្រលៀន (ឬ​ហៅ​ថា តម្រង​នោម​) ​ស្របច្បាប់ នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ការព្យាបាល​នៅក្រៅ​ប្រទេស។

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា សម្ដេច ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ឱ្យមាន​ការពិចារណា​ដើម្បី​អនុញ្ញាតឱ្យ​ការផ្លាស់ប្ដូរ​ក្រលៀន​ក្នុងស្រុក ទៅជា​បញ្ហា​ស្របច្បាប់។

សម្រាប់​មូលហេតុ​នៃ​ការលើកឡើង​នេះ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជា មានលទ្ធភាព​ប្ដូរ​ក្រលៀន​តាំងពី​អំឡុង​ឆ្នាំ ២០១០ ក៏ប៉ុន្តែ មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ទន្ទឹមនឹងនេះ សម្ដេច ក៏បាន​បញ្ជាក់ថា ការអនុញ្ញាតឱ្យ​ប្ដូរ​ក្រលៀន​ក្នុងស្រុក គឺ​ដើម្បី​បញ្ចៀស​ការចេញ​ទៅ​បរទេស​ដើម្បី​ទទួល​សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ​នេះ ព្រោះ​អ្នកជំងឺ​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុងការ​ព្យាបាល​នៅក្រៅ​ស្រុក។

Advertisement