ជាង​23,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមរិក​

ជាង​23,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមរិក​

សហរដ្ឋ​អាមេរិក​ មាន​អ្នក​ស្លាប់​ចំនួន​23,232​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 សរុប​ជិត​578,000​នាក់​ ក្នុង​នោះ​រដ្ឋ New York នៅ​តែ​ជា​សម្បុក​មេរោគ​ធំ​ជាងគេ​របស់​ប្រទេស​នេះ​ ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​10,000​នាក់​។

សាកលវិទ្យា​ល័យ​ Johns Hopkins ថ្ងៃនេះ​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ សរុប​577,842​នាក់ ក្នុង​នោះ​មាន​ជាង​36,000​នាក់​បាន​ជា​សះស្បើយ​។

New York គឺជា​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​បង្អស់​ដោយសារ​ COVID-19 ដោយ​មាន​អ្នក​ជំងឺ​សរុប​ជិត​189,000​នាក់​ និង​អ្នក​ស្លាប់​សរុប​ជាង​10,000​នាក់​។ អភិបាល​រដ្ឋ​ New York លោក​ Andrew Cuomo ឱ្យ​ដឹង​ថា ស្ថាន​ភាព​ហាក់​ប្រសើរ​បន្តិច​ ដោយ​សារ​តួលេខ​អ្នក​ត្រូវ​ចូល​មន្ទីរ​ពេទ្យ​មិន​កើន​ខ្លាំង​ដូច​ប៉ុន្មាន​ថ្ងៃ​មុន​ ខណៈ​អ្នក​ស្លាប់​ថ្មី​បាន​ថយ​ចុះ​ទាប​បំផុត​ក្នុង​អំឡុង​1សប្ដាហ៍​កន្លង​។

រដ្ឋ​មួយ​ចំនួន​មាន​គម្រោង​បើក​ដំណើរ​ការ​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ និង​សាលា​រៀន​ឡើង​វិញ​។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សេត​វិមាន​កាល​ពី​ម្សិល​មិញ ប្រធានា​ធិប​តី​ Donald Trump បាន​ឱ្យ​ដឹង​ថា​ នឹង​ប្រកាស​បង្ហាញ​ក្រុម​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​ក្នុង​ថ្ងៃនេះ​(14មេសា) ដើម្បី​ផ្ដោត​ទៅ​លើ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

Covid-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210 ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​1.9​លាន​នាក់​បាន​ឆ្លង​វីរុស​ និង​ជាង​119,000​នាក់​បាន​ស្លាប់​៕

ប្រភព​៖ AFP

Advertisement