មន្ទីរ​ស្រាវ​ជ្រាវ​អង់គ្លេស​ថា “គួរ​ប្ដឹង​ប្រទេស​ចិន​ឱ្យ​សង​សំណង​6.5លាន​លាន​ដុល្លារ​ ព្រោះ​តែ​COVID-19”

មន្ទីរ​ស្រាវ​ជ្រាវ​អង់គ្លេស​ថា

មន្ទីរ​ស្រាវ​ជ្រាវ​ Henry Jackson Society នៅ​ប្រទេស​អង់គ្លេស​យល់​ថា បណ្ដា​ប្រទេស​ G7 អាច​ប្ដឹង​ប្រទេស​ចិន ដើម្បី​ទាម​ទារ​សំណង​​​យ៉ាង​តិច​6.5​លាន​លាន(6,500,000,000,000)​​ដុល្លារ​អាមេរិក​​ ដោយ​សារ​តែ​បាន​ធ្វើ​ឱ្យ​វីរុស​COVID-19 ឆ្លង​រាល​ដាល។

មន្ទីរ​ស្រាវជ្រាវ​ Henry Jackson Society (HJS) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​សរសេរ​​នៅ​ក្នុង​របាយ​ការណ៍​ “សង​សំណង​វីរុស​កូរ៉ូណា?” ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃ​នេះ​ថា “បើសិនជា​ប្រទេស​ចិន​បាន​ផ្ដល់​ព័ត៌មាន​ត្រឹម​ត្រូវ​ក្នុង​ដំណាក់​កាល​ដំបូង​ វីរុស​រាត​ត្បាត​នឹង​មិន​អាច​ចេញ​ផុត​ពី​ប្រទេស​នេះ​នោះ​ទេ​”។

ឯកសារ​ខាង​លើ​បាន​យល់​ថា ប្រទេស​ចិន​បាន​រំលោភ​លើ​ច្បាប់​ចំនួន​10​មាត្រា​ ក្នុង​នោះ​មាន​​មាត្រាមួយ​និយាយ​អំពី​បញ្ហា​សុខ​ភាព​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ IHR (​International Health Regulations) ដែល​ត្រូវ​បាន​រឹត​បន្តឹង​ក្រោយ​អាសន្ន​រោគ​ SARS កាល​ពី​ឆ្នាំ​2003​។ HJS អះអាង​ថា ការ​ព្យាយាម​បិទ​បាំង​រោគ​រាត​ត្បាត​របស់​ទីក្រុង​ប៉េកាំង​ បាន​បណ្ដាល​ឱ្យ​ COVID-19​ ឆ្លង​ពាស​ពេញ​ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​ជាង​1.3​លាន​នាក់​ត្រូវ​ឆ្លង​មេរោគ​ ជាង​74,000​នាក់​ស្លាប់​ និង​នាំ​ឱ្យ​មាន​ការ​ខាត​បង់ប្រាក់​​​រាប់​លាន​លាន​ដុល្លារ​អាមេរិក​។

របាយ​ការណ៍​​របស់​ HJS មាន​ឃ្លា​សរសេរ​ថា “មន្ត្រី​ប្រទេស​ចិន​ជា​ច្រើន​ រួម​ទាំង​អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Li Jian បាន​គាំទ្រ​គំនិត​មិន​សម​ហេតុ​ផល​ថា COVID-19 ត្រូវ​បាន​កង​ទ័ព​អាមេរិកាំង​​នាំ​ចូល​តំបន់​ Wuhan មិន​មែន​មាន​ប្រភព​ពី​ផ្សារ​លក់​ត្រីសុទ្រ​នៅ​ទីក្រុង​នេះ​ ដែល​ជា​កន្លែង​ទិញ​ដូរ​​សត្វ​ព្រៃនោះ​ទេ​។

HJS យល់​ថា ប្រទេស​ចិន​ត្រូវ​តែ​សង​សំណង​យ៉ាង​ហោច​ណាស់​ 6.5​លានលាន​ដុល្លារ​អាមេរិក ប្រហាក់​ប្រហែល​នឹង​ទំហំ​ទឹក​ប្រាក់​ដែល​បណ្ដា​ប្រទេស​G7 កំពុង​ចំណាយ​ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​ និង​ជួយ​សង្គ្រោះ​ខឿន​សេដ្ឋ​កិច្ច​ ដោយ​សារ​ប្រជាជន​ត្រូវ​នៅ​ផ្ទះ​ ចំណែក​វិស័យ​​ឧស្សាហ​កម្ម​ក៏ត្រូវ​ពន្យារ​ពេល​។

IHR កំណត់​ឱ្យ​បណ្ដា​ប្រទេស​ត្រូវ​តែ​តាម​ដាន​ និង​ចែក​រំលែក​ព័ត៌មាន​អំពី​លទ្ធ​ភាព​នៃ​ការ​ចម្លង​មេរោគ​ និង​កម្រិត​ធ្ងន់​ធ្ងរ​នៃ​មេរោគ​ដែល​មាន​លទ្ធ​ភាព​ចម្លង​រវាង​ប្រទេស​និង​ប្រទេស​។ មន្ទីរ​ស្រាវ​ជ្រាវ​ Henry Jackson Society បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​ បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​នេះ​ ដោយ​សារ​តែ​បាន​បិទ​បាំង​ព័ត៌មាន​ និង​​ពិន័យ​​ទៅ​លើ​អ្នក​ដែល​​ព្យាយាម​បញ្ចេញ​ទិន្ន​ន័យ​។​

សារ​ព័ត៌មាន​ SCMP នៅ​ហុង​កុង​បាន​ឱ្យ​ដឹង​ថា មនុស្ស​ជិត​200​នាក់​បាន​ឆ្លង​វីរុស​COVID-19 ត្រូវ​បាន​រកឃើញ​នៅមុន​ថ្ងៃទី​27​ធ្នូ ឆ្នាំ2019 ប៉ុន្តែ​អាជ្ញាធរ​ចិន​ គ្រាន់​តែ​រាយការណ៍​អំពី​ជំងឺ​ទៅ​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) ក្រោយ​នោះ​ចំនួន​4​ថ្ងៃ​ ហើយ​អះអាង​ថា មិន​ទាន់​មាន​ភ័ស្តុ​តាង​បង្ហាញ​ថា វា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។

JHS បាន​ឱ្យ​ដឹង​ថា “អ្នក​ដែល​បាន​ផ្លុំ​កញ្ចែ ដូច​ជា​វេជ្ជ​បណ្ឌិត​ Li Wenliang ជា​ដើម ត្រូវ​បាន​ព្រមាន​ដោយ​សារ​តែ​ចែក​រំលែក​ព័ត៌មាន​អំពី​រោគ​រាត​ត្បាត​។ មនុស្ស​ជា​ច្រើន​យល់​ថា COVID-19 បាន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាំង​ពី​មុន​អំឡុង​ពេល​ខាង​លើ​”។ JHS អំពាវ​នាវ​ឱ្យ​បង្កើត​ជា​សម្ព័ន្ធ​ភាពដើម្បី​ប្ដឹង​ ព្រោះ​តែ​ទីក្រុង​ប៉េកាំង “តែង​តែ​ប្រតិ​កម្ម​យ៉ាង​កំរោល​ចំពោះ​ការ​គំរាម​នៅ​លើ​ឆាក​អន្តរ​ជាតិ​”។

ប្រធានាធិបតីចិន លោកស៊ីជិនពីង រួម​នឹង​មេដឹកនាំចិនដទៃទៀត កំពុង​គោរព​វិញ្ញាណក្ខន្ធ​ នៅ​ក្នុង​ថ្ងៃ​កាន់ទុក្ខជាតិសម្រាប់ជនរងគ្រោះដោយសារវីរុស​COVID-19 (នៅទីក្រុងប៉េកាំងនៅថ្ងៃសៅរ៍ទី4 ខែមេសា)។
ប្រធានាធិបតីចិន លោកស៊ីជិនពីង រួម​នឹង​មេដឹកនាំចិនដទៃទៀត កំពុង​គោរព​វិញ្ញាណក្ខន្ធ​ នៅ​ក្នុង​ថ្ងៃ​កាន់ទុក្ខជាតិសម្រាប់ជនរងគ្រោះដោយសារវីរុស​COVID-19 (នៅទីក្រុងប៉េកាំងនៅថ្ងៃសៅរ៍ទី4 ខែមេសា)។

របាយ​ការណ៍​ក៏​បាន​សរសេរ​ថា “វិធាន​ការ​នេះ​នឹង​ទាម​ទារ​ឱ្យ​មាន​ភាព​ក្លាហាន និង​សាមគ្គី​ទូទាំង​ពិភពលោក​។ អាជ្ញា​ធរ​ទីក្រុង​ Wuhan ​និង​ខេត្ត Hubei បាន​រំលោភ​លើ IHR ក្នុង​ដំណាក់​កាល​ដំបូង​​នៃ​អាសន្ន​រោគ​ ហើយ​ការ​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​តែ​ជា​របស់​មេដឹក​នាំ​ជាន់​ខ្ពស់​បំផុត​។ ជាការ​ពិត​ វិធី​ទប់​ទល់​នឹង​ COVID-19 របស់​អាជ្ញាធរ​ចិន​ បាន​រំលោភ​លើ​ច្បាប់​អន្តរ​ជាតិ​”។

ការ​ប្ដឹង​ផ្ដល់​ដែល​កើត​ឡើង​ជុំ​វិញ​បញ្ហា​ IHR គឺជា​សកម្ម​ភាព​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ ប៉ុន្តែ JHS យល់​ថា ក្រប​ខ័ណ្ឌ​ក្នុង​ WHO អនុញ្ញាត​ឱ្យ​ធ្វើ​រឿង​នេះ​​។ មន្ទីរ​ស្រាវ​ជ្រាវ​អង់គ្លេស​ក៏បាន​លើក​ឡើង​អំពី​យុទ្ធ​សាស្ត្រ​ដែល​អាច​នាំ​បញ្ហា​នេះ​ឡើង​តុលាការ​អាជ្ញា​កណ្ដាល អង្គ​ការ​ពាណិជ្ជ​កម្ម​អន្តរជាតិ ឬ​ទាក់ទងនឹងបទបញ្ញត្តនៅក្នុងកិច្ចព្រមព្រៀងវិនិយោគ ឬ​សម្បី​តែ​អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់ដែន​សមុទ្រក៏​អាច​យក​មក​ប្រើ​បាន​ដែរ​។

Matthew Henderson ដែលជា​សហ​អ្នក​និពន្ធ​នៃ​របាយ​ការណ៍​នេះ​ យល់​ថា ប្រជា​ជន​ចិន​ក៏ជា​ “អ្នក​រង​គ្រោះ​ដែល​គ្មាន​កំហុស” ព្រោះ​តែ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​។ “នេះ​គឺជា​កំហុស​របស់​រដ្ឋា​ភិបាល​ចិន​។ ពួក​គេ​មិន​ទាន់​រៀន​ចេះ​អ្វី​សោះ​បន្ទាប់​ពី​អាសន្ន​រោគ​ SARS។ ពាក្យ​មិន​ពិត​ និង​ព័ត៌មាន​ក្លែង​ក្លាយ​ពី​ដំណាក់​កាល​ដំបូង​នៃ​អាសន្ន​រោគ​ COVID-19 បាន​ធ្វើ​ឱ្យ​មាន​ផលវិបាក​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាត់​បង់ជីវិត​”។ នេះ​បើ​តាម​ Henderson។

ក្រុម​អ្នក​រៀប​ចំរបាយ​ការណ៍​​របស់​ JHS យល់​ថា ការ​គន់​គូរ​អំពី​ទំហំ​នៃ​ផល​វិបាក​ ឬ​ការ​ខូច​ខាត​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ និង​ការ​បង្កើត​យន្ត​ការ​ប្ដឹង​ផ្ដល់​ទៅ​តាម​លំដាប់​លំដោយ​ ដោយ​យោង​ទៅ​លើ​ច្បាប់​ នឹង​អាច​ជួយ​ឱ្យ​បណ្ដា​ប្រទេស “ទទួល​បាន​សំណង​ក្រោយ​ការ​ខាត​បង់​ដោយ​សារ​ប្រទេស​ចិន​បង្ក​ឡើង​”​៕

ប្រភព៖ Sydney Morning Herald

Advertisement