មិនញ៉ាំស្រា ឬប៊ីយែសោះ VS ញ៉ាំតិចតួច តើមួយណាល្អចំពោះសុខភាពខ្លាំងជាង?

ជាតិអាល់កុលដែលមាននៅក្នុងស្រាគ្រប់ប្រភេទ ប៊ីយែ និងគ្រឿងស្រវឹងផ្សេងៗទៀត ទោះជាមានលទ្ធផលពីការងារសិក្សាស្រាវជ្រាវប្រាប់ថា ការក្រេបភេសជ្ជៈទាំងនោះបន្តិចបន្តួចនឹងហុចផលល្អដល់សុខភាពមែន តែបើប្រៀបធៀបនឹងការមិនញ៉ាំជាតិអាល់កុលសោះនោះ តើមួយណានឹងហុចផលល្អដល់រាងកាយខ្លាំងជាងគ្នា?

អ្នកជំនាញបានបញ្ជាក់ថា សម្ព័ន្ធភាពរវាងសុខភាពរបស់មនុស្សជាមួយជាតិអាល់កុល ជាសម្ព័ន្ធភាពដែលហាក់ដូចជាមានភាពស្មុគស្មាញ ទោះជាមានរបាយការណ៍ពីការសិក្សាស្រាវជ្រាវជាច្រើនបានពិសោធថា ជាតិអាល់កុលក្នុងបរិមាណតិចតួច ឬ​បរិមាណ​ដែលល្មមសមរម្យ អាចក្លាយជាប្រយោជន៍ដល់រាងកាយក្ដី តែបើយើងមិនបានដឹងពីបរិមាណដែលល្មមសមរម្យនោះ ហើយញ៉ាំច្រើនជ្រុលពេក ប្រាកដណាស់ វាច្បាស់ជាហុចផលអាក្រក់ដល់រាងកាយយ៉ាងច្បាស់លាស់ស្រាប់ទៅហើយ ដូច្នេះទើបចំណុចសំខាន់ស្ថិតនៅលើបរិមាណដែលសមល្មមចំពោះរាងកាយនោះ តើវាស្ថិតត្រឹមកម្រិតណា? និងបើប្រៀបធៀបប្រយោជន៍ដែលបានទទួលជាមួយការដែលយើងមិនញ៉ាំជាតិអាល់កុលសោះ តើបែបណាល្អចំពោះរាងកាយខ្លាំងជាងគ្នា?

លទ្ធផលនៃការសិក្សាស្រាវជ្រាវកាលពីខែមិថុនា ឆ្នាំ2018កន្លងទៅដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ PLOS Medicine បានរកឃើញថា សម្រាប់មនុស្សធំវ័យពាក់កណ្ដាលមនុស្សឡើងទៅ ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលបន្តិចបន្តួច (ប្រមាណ 1 – 4កែវក្នុងមួយសប្ដាហ៍) មានភាពពាក់ព័ន្ធនឹងការប្រថុយប្រថានដល់ការស្លាប់ដោយជំងឺផ្សេងៗតិចជាងអ្នកដែលមិនញ៉ាំជាតិអាល់កុលសោះ។

ក្នុងខែសីហា ឆ្នាំ2018ដដែល មានរបាយការណ៍ពីការសិក្សាស្រាវជ្រាវ 2 ដែលទីមួយបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ The Lancet បានបញ្ជាក់ថា បរិមាណ(ចំនួន)ការញ៉ាំដែលធ្លាប់មានការណែនាំថា ឱ្យញ៉ាំ 1កែវក្នុង 1ថ្ងៃ ឬតិចជាងនោះសម្រាប់មនុស្សស្រី និង 2កែវក្នុង 1ថ្ងៃ ឬតិចជាងនោះសម្រាប់មនុស្សប្រុស ជាបរិមាណដែលច្រើនជ្រុលពេក អាចបង្កឱ្យកើតមានគ្រោះថ្នាក់ដល់សុខភាពបាន។ ឯលទ្ធផលពីការងារសិក្សាស្រាវជ្រាវទី2 គឺមានការត្រួតពិនិត្យព័ត៌មានពីការសិក្សាស្រាវជ្រាវជាច្រើនរយ និងរួបរួមព័ត៌មានផ្សេងៗមកវិភាគរួមគ្នា ទាំងចំនួនលក់ភេសជ្ជៈដែលមានជាតិអាល់កុល ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលដែលធ្វើដោយខ្លួនឯង រួមទាំងបរិមាណការញ៉ាំរបស់អ្នកទេសចរជាមធ្យមនៅក្នុងទីតាំងជាង 195កន្លែង បានរកឃើញថា ជាតិអាល់កុលអាចហុចផលប៉ះពាល់ដល់សុខភាពរាងកាយជារួមបាន តាំងពីជំងឺបេះដូង មហារីក ជំងឺឆ្លងមេរោគ ឧប្បត្តិហេតុចរាចរណ៍ និងការស្លាប់បាត់បង់ជីវិត ទើបមកដល់ចំណុចសរុបមួយដែលថា ការមិនញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលសោះនឹងមានផលល្អចំពោះរាងកាយច្រើនជាង ដោយសារមកពី៖

  • ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលគឺជាមូលហេតុលំដាប់ទី7 នៃការស្លាប់ និងពិការ។
  • ភេសជ្ជៈដែលមានជាតិអាល់កុលជាមូលហេតុចម្បងនៃការស្លាប់ និងពិការរបស់មនុស្សទូទាំងពិភពលោកដែលមានអាយុចន្លោះ 15 – 49ឆ្នាំ ដែលមានដូចជា គ្រោះថ្នាក់ចរាចរណ៍ ការរងរបួសពីការធ្វើបាបលើរូបរាងកាយ(ភាពប្រថុយប្រថានក្នុងការស្លាប់នឹងកើនឡើងច្រើន បើមានជាតិអាល់កុលមកពាក់ព័ន្ធផងនោះ)
  • ជាទូទៅ សុខភាពរបស់រាងកាយនឹងកាន់តែអាក្រក់ទៅ បើរកឃើញថាមានការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលជាប្រចាំ។ យ៉ាងណាក៏ដោយ ទោះជាមានរបាយការណ៍រកឃើញថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលបន្តិចបន្តួច(តិចជាង 1កែវក្នុង 1ថ្ងៃ)អាចបន្ថយភាពប្រថុយប្រថានក្នុងការកើតរោគគ្រោះថ្នាក់ប្រភេទខ្លះ ដូចជារោគបេះដូង និងទឹកនោមផ្អែមបានក្ដី តែវិធីដែលមានសុវត្ថិភាព និងល្អចំពោះរាងកាយខ្លាំងបំផុត គឺការមិនញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលសោះតែម្ដងប្រសើរជាង។

តើយើងគួរឈប់ញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលជានិរន្តរ៍តែម្ដងល្អដែរឬទេ?

នៅពេលដែលការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលហុចផលអាក្រក់ច្រើនជាងផលល្អដូចដែលយើងបានឃើញច្បាស់ៗហើយនោះ ការចៀសវាងពីភេសជ្ជៈដែលមានជាតិអាល់កុលយ៉ាង 100%ក៏មើលទៅហាក់ដូចជាជម្រើសដ៏ល្អមួយ គ្រាន់តែនៅក្នុងសង្គមខ្លះ ភេសជ្ជៈដែលមានជាតិអាល់កុលគឺជាផ្នែកមួយនៃជីវិតរបស់ពួកគេទាំងនោះយ៉ាងមិនអាចចៀសវាងបានប៉ុណ្ណោះ។ ការគ្រប់គ្រងបរិមាណក្នុងការញ៉ាំ និងប្រយ័ត្នប្រយែងខ្លួនមិនឱ្យទៅសាងរឿងរ៉ាវដល់អ្នកដទៃ គួរតែជាជម្រើសដែលល្អបំផុត ដូចជា ជ្រើសរើសញ៉ាំតែនៅក្នុងឱកាសខ្លះ ញ៉ាំក្នុងបរិមាណតិចតួច មិនបណ្ដោយខ្លួនឱ្យស្រវឹងរហូតបាត់បង់ស្មារតី ឬមិនញ៉ាំរហូតដល់ញៀនជាទម្លាប់ ឬទៅបង្ករឿងរ៉ាវជាមួយអ្នកដទៃ រួមទាំងគ្មានបញ្ហាសុខភាពអ្វីឱ្យត្រូវកង្វល់។ បើសិនជាប្រតិបត្តិតាមហ្នឹងបាន ក៏នៅអាចញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលតទៅទៀតបាន។

…តែកុំភ្លេចថា ពេលស្រវឹង ចូរកុំបើកបរ ព្រោះក្រៅពីខុសច្បាប់ហើយ នៅអាចជួបនឹងគ្រោះថ្នាក់ចរាចរណ៍រហូតធ្វើឱ្យយើង ឬអ្នកដទៃស្លាប់បាត់បង់ជីវិតទៀតផង។ បើចង់ញ៉ាំ ត្រូវតែមានសតិស្មារតីជាប់ជានិច្ច៕

Advertisement