ចំនួនអ្នកស្លាប់ដោយសារ “កូវីដ-19” នៅនីវយ៉ក នៅតែកើនឡើងឥតឈប់ រដ្ឋអំពាវនាវប្រមូលផ្ដុំគ្រូពេទ្យរាប់សែននាក់

គ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់ក្នុងក្រុមគ្រូពេទ្យនៃមណ្ឌលសុខាភិបាល នៃមន្ទីរពេទ្យ ហ៊ែលស៍ ហ៊ើសត៍ ក្នុងតំបន់ ឃ្វីនស៍ ក្នុងមហានគរនីវយ៉ក សម្ដែងអាការបន្ធូរភាពតានតឹងក្នុងអារម្មណ៍ ក្រោយពីបានឈានជើងចេញពីបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃសៅរ៍(ទី4មេសា)
គ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់ក្នុងក្រុមគ្រូពេទ្យនៃមណ្ឌលសុខាភិបាល នៃមន្ទីរពេទ្យ ហ៊ែលស៍ ហ៊ើសត៍ ក្នុងតំបន់ ឃ្វីនស៍ ក្នុងមហានគរនីវយ៉ក សម្ដែងអាការបន្ធូរភាពតានតឹងក្នុងអារម្មណ៍ ក្រោយពីបានឈានជើងចេញពីបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃសៅរ៍(ទី4មេសា)

ស្ថានការណ៍នៃការផ្ទុះជំងឺឆ្លងដោយសារមេរោគកូវីដ-19 ដ៏កាចសាហាវនៅក្នុងទីក្រុងនីវយ៉ក នៅតែស្ថិតក្នុងវិបត្តិនៅឡើយ ជាពិសេសក្នុងនីវយ៉កស៊ីធីតែមួយ មានអ្នកឆ្លងមេរោគច្រើនដល់ទៅ 63,306 និងអ្នកស្លាប់ 2,624 នាក់ រហូតដល់អាជ្ញាធរត្រូវចេញសេចក្ដីអំពាវនាវជាបន្ទាន់ដើម្បីប្រមូលផ្ដុំអ្នកស្ម័គ្រចិត្ត និងធនធានខាងវេជ្ជសាស្ត្រ ដើម្បីជួយសង្គ្រោះស្ថានការណ៍ ខណៈអភិបាលរដ្ឋបានប្រកាសព្រមានថា ស្ថានការណ៍ដ៏អាក្រក់បំផុត កំពុងរង់ចាំនៅខាងមុខ…។

អ៊ែនឌ្រូវ៍ ឃូអូម៉ូ អភិបាលក្រុងនីវយ៉ក បានថ្លែងដាស់តឿនកាលពីថ្ងៃសៅរ៍(ទី4មេសា)ថា ចំនួនអ្នកឆ្លងមេរោគ អាចនឹងហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងអំឡុង 4-14ថ្ងៃខាងមុខ ខណៈដែលមន្ទីរពេទ្យផ្សេងៗ នៅពេលនេះកំពុងទទួលបន្ទុកដ៏តានតឹងផុតកម្រិត និងនៅមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់ស្ថានការណ៍អាក្រក់បំផុតនៅឡើយ។

លោកនិយាយថា៖ “មួយចំណែករបស់ខ្ញុំ ចង់ឱ្យទៅដល់ចំណុចខ្ពស់បំផុតនោះតែម្ដង ហើយក៏ “ប្រឈមមុខជាមួយវា ដូចនឹងអ្វីដែលត្រូវធ្វើ” តែក៏មានមួយចំណែកទៀតរបស់ខ្ញុំ ដែលប្រាប់ថា វាល្អហើយ ដែលយើងនៅទៅមិនទាន់ដល់ចំណុចខ្ពស់បំផុតនោះ ព្រោះយើងហ្នឹង មិនមានភាពត្រៀមខ្លួនរួចជាស្រេចសោះ”។

ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋមួយនេះ គិតរហូតមកដល់ត្រឹមថ្ងៃសៅរ៍(ទី4មេសា) ស្ថិតក្នុងតួលេខ 3,565នាក់ កើនឡើងកាលពីថ្ងៃមុនហ្នឹង 630នាក់ និងអាចរាប់ថា ជាស្ថិតិការកើនឡើងខ្ពស់បំផុតក្នុង 1ថ្ងៃរបស់នីវយ៉ក ដែលកំពុងក្លាយជាមណ្ឌលកណ្ដាលនៃការឆ្លងរាតត្បាតរបស់មេរោគកូរ៉ូណានៅក្នុងប្រទេសអាមេរិកនាពេលនេះ។

សម្រាប់តែក្នុងនីវយ៉កស៊ីធីតែមួយ ចំនួនអ្នកឆ្លងមេរោគបានកើនឡើងខ្ពស់ដល់ទៅ 63,306នាក់ និងអ្នកស្លាប់ 2,624នាក់។

ដេប្រាហ៍ ប៊ើកស៍ មន្ត្រីទំនាក់ទំនងរឿងការទប់ទល់មេរោគវីរុសកូវីដ-19 របស់សេតវិមាន បានថ្លែងកាលពីថ្ងៃសៅរ៍ ដោយបានព្យាករអំពីរូបបែបនៃការឆ្លងរាតត្បាតក្នុងប្រទេសអាមេរិកថា នឹងមានចន្លោះតាមពីក្រោយអ៊ីតាលី និងអេស្ប៉ាញប្រមាណជា 12ថ្ងៃ។

ខណៈពេលជាមួយគ្នា លោកឃូអូម៉ូ បានបន្ថែមថា រដ្ឋបាលកណ្ដាលនឹងបញ្ជូនក្រុមមន្ត្រី និងឧបករណ៍មកបន្ថែមនៅក្នុងមន្ទីរពេទ្យបណ្ដោះអាសន្ន ដែលបានបង្កើតឡើងនៅក្នុងមជ្ឈមណ្ឌលសន្និសីទ ជេវីលស៍ ក្នុងតំបន់មែនហាត់តុន ដែលអាចទទួលអ្នកជំងឺដោយសារមេរោគកូវីដ-19 បាន 2,500នាក់។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងពាក់ព័ន្ធនឹងរឿងនេះថា លោកនឹងបញ្ជូនកងទ័ព គ្រូពេទ្យ និងគិលានុបដ្ឋាកចំនួន 1,000នាក់ ទៅជួយនីវយ៉កស៊ីធី ជាកន្លែងដែលកំពុងរងវិបត្តិធ្ងន់ធ្ងរបំផុត។

ក្រៅពីនោះ របាយការណ៍បានបញ្ជាក់ថា មានអ្នកស្ម័គ្រចិត្តប្រមាណជា 85,000នាក់ហើយ ដែលបានស្ម័គ្រចូលរួមក្នុងការងារជួយសង្គ្រោះការងារពេទ្យក្នុងទីក្រុងនីវយ៉ក ដោយនៅក្នុងចំនួននេះ មាន 22,000នាក់ ជាមនុស្សមកពីរដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក។

គ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់ក្នុងក្រុមគ្រូពេទ្យនៃមណ្ឌលសុខាភិបាល នៃមន្ទីរពេទ្យ ហ៊ែលស៍ ហ៊ើសត៍ ក្នុងតំបន់ ឃ្វីនស៍ ក្នុងមហានគរនីវយ៉ក សម្ដែងអាការបន្ធូរភាពតានតឹងក្នុងអារម្មណ៍ ក្រោយពីបានឈានជើងចេញពីបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃសៅរ៍(ទី4មេសា)មនុស្សម្នាដែលអង្គុយនៅក្នុងសួនសាធារណៈ ថ្រាវើស ក្នុងទីក្រុងនីវយ៉ក កាលពីថ្ងៃសៅរ៍(ទី4មេសា) បាននាំគ្នាពាក់ម៉ាស់អនាម័យការពារ និងប្រតិបត្តិតាមការណែនាំក្នុងរឿងរក្សាគម្លាតឆ្ងាយពីគ្នា។

មុនហ្នឹងជាច្រើនម៉ោង ប៊ីលល៍ ដឹ ប្លាស៊ីអូ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតនៃទីក្រុងនីវយ៉ក បានបញ្ជូនដំណឹងដាស់តឿនបន្ទាន់មួយ តាមរយៈប្រព័ន្ធឥតខ្សែ ទៅដល់ប្រជាពលរដ្ឋ 8.6លាននាក់ អំពាវនាវឱ្យធនធានមនុស្សខាងវេជ្ជសាស្ត្រដែលមានសញ្ញាបត្រ ចូលរួមតស៊ូជាមួយមេរោគវីរុស។

“អ្នកណាក៏ដោយ ដែលនៅមិនទាន់បានចូលរួមក្នុងការតស៊ូនេះ យើងកំពុងត្រូវការអ្នក!” លោក ដឹ ប្លាស៊ីអូ ប្រាប់ដោយបានបញ្ជាក់ថា ត្រូវការជំនួយយ៉ាងបន្ទាន់ពី “អ្នកមានអាជីពផ្នែកមើលថែទាំសុខភាព សាខាណាក៏ដោយ មិនថាតែ គ្រូពេទ្យ គិលានុបដ្ឋាក អ្នកព្យាបាលប្រព័ន្ធដកដង្ហើមដោយចលនា ឬផ្សេងៗទៀតដែលស្រដៀងគ្នាហ្នឹង”

លោកប៉ាន់ប្រមាណថា នឹងត្រូវការអ្នកស្ម័គ្រចិត្តខាងផ្នែកពេទ្យចំនួន 45,000នាក់ ដើម្បីទប់ទល់ស្ថានការណ៍ឆ្លងរាតត្បាតរហូតដល់ខែឧសភា។

ចំណែកលោក ឃូអូម៉ូ វិញបាននិយាយថា លោកនឹងចុះហត្ថលេខាលើបញ្ជាផ្នែកគ្រប់គ្រង ដើម្បីអនុញ្ញាតឱ្យនិស្សិតពេទ្យដែលកំពុងជិតរៀនចប់ ក្នុងរដូវស្លឹកឈើលាស់នេះ បានចាប់ផ្ដើមព្យាបាលអ្នកជំងឺតាំងពីពេលនេះតទៅ ដោយមានរបាយការណ៍បញ្ជាក់ថា មហាវិទ្យាល័យនីវយ៉ក កំពុងដំណើរការរឿងនេះហើយ។

ទីក្រុងនីវយ៉ក នៅតែត្រូវការម៉ាស៊ីនជួយដកដង្ហើមយ៉ាងបន្ទាន់ដដែល ដោយលោក ឃូអូម៉ូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានបរិច្ចាគឧបករណ៍នេះឱ្យដល់ទៅ 1,000គ្រឿង តែបានបញ្ជាក់ទៅវិញថា អាមេរិកទើបតែទទួលបានម៉ាស៊ីនជួយដកដង្ហើមនេះអំពីចិនត្រឹមតែ 2,500គ្រឿងប៉ុណ្ណោះ បន្ទាប់បានកុម្ម៉ង់ទិញចំនួន 17,000គ្រឿងរួចមក៕

ប្រភព៖ សារព័ត៌មានបរតេស

Advertisement