ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​

ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​

ការ​វិភាគ​ទៅ​លើ​ប្រព័ន្ធ​ហ្សែន​របស់​ COVID-19 បាន​បង្ហាញ​ថា រចនា​សម្ព័ន្ធ​ប្រូតេអ៊ីន​រាង​បន្លា​នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​វីរុសនេះ ធ្វើ​ការ​ដោយ​មាន​​ប្រសិទ្ធ​ភាព​ខ្លាំងណាស់​ រហូតដល់​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាច​សន្និដ្ឋាន​បាន​ថា មនុស្ស​មិន​អាច​បង្កើត​​បាន​មេរោគ​បែប​នេះ​នោះ​ឡើយ​។​

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា COVID-19 មិន​មែន​ជា​ផលិត​ផល​​នៃ​ការ​បង្កើត​ឡើង​ដោយ​មនុស្ស​នោះ​ទេ​ នៅ​ពេល​បាន​ប្រៀប​ធៀប​លំដាប់​អាស៊ីត RNA (Ribonucleic acid) របស់​វីរុសCOVID-19 ជាមួយ​នឹងវីរុស​​SARS, MERS និង​បណ្ដា​​វីរុស​កូរ៉ូណា​​ប្រភេទ​ផ្សេង​ទៀត​ ដូចជាវីរុស​ HKU1 ដែល​បង្ក​​អាការ​រោគ​ស្រាល​នៅ​លើ​មនុស្ស​ជា​ដើម។

លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​17​មីនា លើ​ទស្សនាវដ្ដី​ Nature។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ផ្ដោតសំខាន់​ទៅ​លើ​បណ្ដា​ប្រូតេអ៊ីន​ដែលមាន​រូប​រាង​ដូច​បន្លា​របស់​ COVID-19។ ប្រូតេអ៊ីន​នេះ រួមមាន​ដែនត​ភ្ជាប់​ RDB (Receptor Binding Domain) និង​ទីតាំង​កាត់​ផ្ដាច់ (Cleavage Site)។

RDB ថ្ពក់​ជាប់​ទៅ​នឹង​ទី​តាំង​ភ្ជាប់​ ACE2 ដែល​មាន​នៅ​លើ​កោសិកា​មនុស្ស​ បន្ទាប់​មក​ Cleavage Site បើក​ផ្លូវ​ឱ្យ​វីរុស​រុក​ចូល​ទៅ​ខាង​ក្នុង​កោសិកា​។ រចនាសម្ព័ន្ធរបស់​ប្រូតេអ៊ីនរូប​បន្លារបស់​វីរុស​COVID-19​ ធ្វើការ​មាន​ប្រសិទ្ធ​ភាព​រហូត​ដល់​ថ្នាក់​ “​មាន​តែ​​ធម្ម​ជាតិ​​ប៉ុណ្ណោះទើប​អាច​ធ្វើ​បែប​នេះ​បាន” ពោល​គឺ​មិន​មែន​ជា​ផលិត​ផល​ផ្នែក​ជីវ​សាស្ត្រ​របស់​មនុស្ស​នោះ​ទេ។

នៅ​ពេល​ដែល​អ្នក​វិទ្យា​សាស្ត្រ​បង្កើតវីរុស​ COVID-19 នៅ​លើ​កុំព្យូទ័រ ពួកគេ​ឃើញ​ថា សមត្ថ​ភាព​ឆ្លង​របស់​វីរុស​នៅ​លើ​កុំព្យូទ័រ​ មាន​លក្ខណៈ​ខ្សោយ​ជាង​ច្រើន​ណាស់​បើ​ធៀប​នឹង​វីរុស​នៅ​ខាង​ក្រៅ​។

វេជ្ជ​បណ្ឌិត​ Kristian Andersen នៅ​មន្ទីរ​ពិសោធន៍ Scripps ដែល​ជា​សមាជិកម្នាក់​​នៃ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​ បាន​ឱ្យ​ដឹង​ថា បើ​សិន​ជា​អ្នក​វិទ្យា​សាស្ត្រ​ជា​អ្នក​បង្កើត​វីរុស​COVID-19ពិត​មែន នោះ​ពួក​គេ​នឹង​មិន​ជ្រើស​យក​ប្រូតេអ៊ីន​វ៉ារ៉្យុង(variant protein) ដែល​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។ ក្រៅ​ពី​នេះ​ អាវុធ​ជីវសាស្ត្រ​ជា​ទូទៅ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វីរុស​សាហាវ​ៗ​។ ក៏ប៉ុន្តែ បណ្ដា​វីរុស​សែស្រឡាយ​ជិត​របស់​កូរ៉ូណាCOVID-19 ​ដែល​មាន​នៅ​លើ​សត្វ​ប្រចៀវ​ និង​ពង្រូល​ វា​ហាក់​មិន​បង្កគ្រោះ​ថ្នាក់​នោះ​ឡើយ​។

ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​រូប​រាង​ និង​រចនាសម្ព័ន្ធ​របស់​វីរុស​កូរ៉ូណា​COVID-19

​COVID-19 ត្រូវ​បាន​គេ​ជឿថា បាន​ឆ្លងពី​សត្វ​ប្រចៀវ​ ទៅ​ពង្រូល និង​ពី​ពង្រូល​ទៅ​កាន់​មនុស្ស​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ខាងលើ​បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​ធ្វើ​ការ​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់​ទៅ​លើ​បញ្ហា​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement