អ្នក​ជំងឺ​ជិត​​860,000​នាក់​បាន​ឆ្លង​វីរុសCOVID-19 នៅ​ទូទាំង​ពិភព​លោក​

ល្បឿន​នៃ​ការ​ឆ្លង​រាល​ដាល​របស់​វីរុសCOVID-19 មិន​ទាន់​មាន​សញ្ញា​ថម​ថយ​នៅ​ឡើយ​ ពិសេស​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ជិត860,000​នាក់ ជាមួយ​នឹងអ្នក​ស្លាប់​ជាង​​42,000។

​អ្នក​ឆ្លង​មេរោគ​COVID-19 ចំនួន​854,612​ករណី និង​​បាត់​បង់ជីវិត​ 42,044​ករណី​ នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​202​ នៅ​ទូទាំង​ពិភពលោក​ ដោយ​អ្នក​ជំងឺ​ថ្មី​កើន​72,578​ករណី​ និង​ស្លាប់​កើន​4,435​ករណី​បន្ថែម​ទៀត​​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ៊ីតាលី​គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើនជាង​គេ​ក្នុង​ពិភពលោក​។

សហរដ្ឋ​អាមេរិក​ មក​ដល់​ពេល​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​COVID-19 ចំនួន​188,172​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​3,899ករណី​។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hokins។ ដូច្នេះ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​សហរដ្ឋអាមេរិក​ បាន​កើន​ឡើង​លើស​ប្រទេស​ចិន​ ដែល​មាន​អ្នក​ស្លាប់ចំនួន​3,305​ករណី​។

អ៊ីតាលី៖ អ្នក​ឆ្លងវីរុស​ថ្មី4,035​នាក់ អ្នក​ស្លាប់​ថ្មី​837​នាក់។ អ្នក​ឆ្លងមេរោគ​សរុប​105,792​នាក់ និង​អ្នកស្លាប់​សរុប​12,428​នាក់​។

អេស្ប៉ាញ៖ អ្នក​ឆ្លង​វីរុស​ថ្មី7,967​នាក់ អ្នក​ស្លាប់​ថ្មី​748​នាក់។ អ្នក​ឆ្លង​មេរោគ​សរុប​95,923​នាក់ និង​អ្នក​ស្លាប់​សរុប​8,464​នាក់ ដែល​តួលេខ​នេះ​បាន​លោត​រំលង​ប្រទេស​ចិន ដើម្បី​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​។

អាល្លឺម៉ង់៖ អ្នក​ឆ្លង​មេរោគ​ថ្មី​4,923​នាក់ អ្នក​ស្លាប់​ថ្មី​130​នាក់។ ​អ្នក​ឆ្លង​មេរោគ​សរុប​71,808​នាក់ និង​អ្នក​ស្លាប់​សរុប​775​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំបំផុត​ទី​3​នៅ​អឺរ៉ុប បន្ទាប់​ពី​អ៊ីតាលី និង​អេស្ប៉ាញ។

អង់គ្លេស​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​3,009​នាក់ និង​អ្នក​ស្លាប់​ថ្មី​381​នាក់។ ​អ្នក​ឆ្លង​មេរោគ​សរុប​25,150​នាក់ និង​អ្នក​ស្លាប់​សរុប​1,789​នាក់​។ ក្នុង​ចំណោម​អ្នក​ជំងឺ​ ក៏​មាន​ព្រះ​អង្គ​ម្ចាស់​ Charles រួម​នឹង​នាយក​រដ្ឋមន្ត្រី​ Boris Johnson និង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ Matt Hancock ផងដែរ​។

អ៊ីរ៉ង់៖ ប្រទេស​នេះ​នៅ​តែ​ជា​សម្បុក​មេរោគ​ធំ​បំផុត​ទី​2​ក្នុង​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។ អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​3,110​នាក់ និងករណី​​ស្លាប់​ថ្មី​141​នាក់​ ដូច្នេះ​អ្នក​ឆ្លង​មេរោគ​សរុបឡើង​ដល់​​44,605​នាក់ និង​អ្នក​ស្លាប់​សរុប​2,898​នាក់​។

ប្រទេស​ចិន៖ តួលេខ​ចុងក្រោយ​ (ដែល​មិន​ទាន់​ប្រកាស​តួលេខថ្មី​​ក្នុង​ថ្ងៃ​នេះ) បង្ហាញ​ថា​ មាន​អ្នក​ឆ្លង​មេរោគ​សរុប​ 81,518​នាក់​ និង​ស្លាប់​សរុប3,305​នាក់​។

កូរ៉េ​ខាង​ត្បូង​៖ តួលេខ​ចុងក្រោយ​ (ដែល​មិន​ទាន់​ប្រកាស​តួលេខថ្មី​​ក្នុង​ថ្ងៃ​នេះ) បង្ហាញ​ថា មាន​អ្នក​ឆ្លង​មេរោគ​សរុប​9,786​នាក់ និង​អ្នក​ស្លាប់​សរុប​​162​នាក់​។

អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី គឺជា​សម្បុក​មេរោគ​ធំ​បំផុត​នៅក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​2,766​នាក់ និង​ស្លាប់​43​នាក់​។ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា​ “វាល​ពិឃាត” ធំបំផុត​របស់វីរុស​COVID-19 ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​136​នាក់ ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​1,528​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement