5សំណួរ…តើនឹងមានអ្វីកើតឡើង បើយើងឆ្លងវីរុសកូវីដ-19 តែជាវិញហើយ?

ក្នុងអំឡុងពេលនេះ យើងតែងតែឃើញ “ក្រាហ្វ” របស់គ្រូពេទ្យជំនាញជាច្រើននាក់ បាននិយាយអំពីចំនួនអ្នកឆ្លងមេរោគ និងអត្រានៃចំនួនអ្នកស្លាប់ទៀតផង…មួយនៅក្នុងចំណោមក្រាហ្វ ដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺជាព័ត៌មាននៃអត្រាការស្ដារឡើងវិញ (Recovery Rate) របស់អ្នកដែលឆ្លងមេរោគកូវីដ-19 ដែលឆ្លង រាល ដាលខ្លាំងមកតាំងពីចុងឆ្នាំ2019 នៅក្នុងប្រទេសមួយចំនួនដែលមានចំនួនអ្នកឆ្លងមេរោគច្រើន។ អ្នកស្រាវ​ជ្រាវអាចប្រមូលស្ថិតិផ្សេងៗដែលកើតឡើង ដើម្បីប្រើប្រាស់ក្នុងការវិភាគហេតុការណ៍នៅ​ពេលអនាគតបាន។ ក្រុមអ្នកវិភាគនៅកន្លែងខ្លះ ប្រើវិធីប្រៀបធៀបជាមួយមេរោគសារស៍ (Sars) ដែលមានលក្ខណៈស្រដៀងគ្នា ដែលនៅពេលសិក្សាហើយ លទ្ធផលនៃការវិភាគផ្សេងៗ ល្មមនឹងអាចសរុបបានជាចំណុចពិតដែលពេលបាន​អាន​ហើយ ធ្វើឱ្យធូរស្រាលក្នុងចិត្តបានខ្លះដែរ…ឧទាហរណ៍ដូចជាៈ

-ទោះជាចំនួនអ្នកឆ្លងមេរោគកើនឡើងខ្ពស់មែន តែក៏មានអ្នកជំងឺដែលបានធូរស្រាល និងជាសះស្បើយពីការឆ្លងមេរោគកូវីដ-19នេះ ក្នុងចំនួនច្រើនដូចគ្នា។

-មានការសិក្សាស្រាវជ្រាវដែលខុសប្លែកពីគ្នាច្រើន តែមានមួយនៅក្នុងនោះ បានរកឃើញថា នៅតែរកឃើញមានមេរោគកូវីដ-19 នៅក្នុងអ្នកជំងឺដែលមានអាការធូរស្រាលហើយដែរ។

-នៅតែមានសំណួរ នៅក្នុងករណីអ្នកជំងឺដែលឆ្លងមេរោគឡើងវិញជាច្រើនចំណុចទៀត ដែលនៅមិនទាន់អាចអធិប្បាយបាន។

អ្នកជំងឺភាគច្រើនដែលឆ្លងមេរោគកូវីដ-19 នឹងបានធូរស្រាល អាចត្រឡប់មកជាធម្មតាឡើងវិញយ៉ាងពេញ​លេញបាន តែក៏ត្រូវបង្ខាំងឱ្យនៅដោយឡែក ដើម្បីសង្កេតមើលអាការមួយរយៈ អាស្រ័យលើការវិនិច្ឆ័យរបស់ពេទ្យ ព្រោះនៅមិនទាន់មានព័ត៌មានសរុបបានថា តើនឹងអាចចម្លងមេរោគទៀតបានឬអត់? ដែលចំពោះរឿងនេះ អ្នកជាសះស្បើយហើយ ត្រូវតែប្រយ័ត្នប្រយែងខ្លួនឯង ដើម្បីបង្ហាញពីភាពទទួលខុសត្រូវចំពោះសង្គម។

ខាងក្រោមនេះ គឺជាក្រាហ្វ បង្ហាញពីចំនួនអ្នកជំងឺដែលឆ្លងមេរោគថ្មី និងអ្នកជាសះស្បើយហើយ

នៅក្នុងក្រាហ្វនេះ បានបង្ហាញអំពីចំនួនអ្នកឆ្លងមេរោគកូវីដ-19ថ្មី ប្រៀបធៀបនឹងចំនួនអ្នកឆ្លងមេរោគដែលជាសះស្បើយហើយ របស់ប្រទេសចិន(ព័ត៌មានពី Worldometer)

“ការនិយាយអំពីករណីអ្នកជំងឺដែលបានធូរស្រាល និងជាពីជំងឺកូវីដ-19នេះ នៅក្នុងអឺរ៉ុប និងអាមេរិក ជាតំបន់ដែលមានចំនួនអ្នកឆ្លងមេរោគឡើងដល់ចំណុចខ្ពស់បំផុតហើយនោះ គឺគ្រាន់តែជាការប្រាប់ឱ្យដឹងថា រលកដំបូងនៃការរាតត្បាតកំពុងតែជិតកន្លងផុតទៅហើយតែប៉ុណ្ណោះ” លោក Chris Gough គ្រូពេទ្យជំនាញខាងដាក់ថ្នាំសន្លប់អ្នកជំងឺវះកាត់ មកពី Oxford នៃសហរាជអាណាចក្រ ជាអ្នកផ្សព្វផ្សាយតាមរយៈធ្វីតធើរអំពីបទពិសោធដ៏គួរឱ្យខ្លាចមួយនេះថា “ថ្ងៃទី6 មានអារម្មណ៍ថា ស្រួលឡើងវិញ ឬគិតថាវាអ៊ីចឹង តែបន្ទាប់ពីនោះ ក៏ដេកលក់នៅលើកៅអីសាឡុងតទៀតបានរាប់ម៉ោង រហូតដល់មិនចង់ចេញពីផ្ទះ និងសង្ឃឹមថា ស្អែកនេះ កម្លាំងថាមពលប្រហែលជានឹងត្រឡប់មកវិញច្រើនឡើង”

(ប្រភពពីអ្នកប្រើធ្វីតធើរ@GoughCJ)

រឿងហ្នឹង ក៏បង្ហាញឱ្យឃើញដែរថា អ្នកជាពីជម្ងឺហើយ អាចនឹងបង្ហាញអាការអ្វីម្យ៉ាងដែលនៅសេសសល់ ដែលយើងអាចរៀនយល់ដឹងបានតាមរយៈហេតុការណ៍ដែលកើតឡើងនៅក្នុងប្រទេសចិន ដែលមានចំនួនអ្នកឆ្លងជំងឺកើនឡើង និងអ្នកជំងឺដែលជាសះស្បើយហើយ សរុបបានចេញជាចម្លើយពី 5សំណួរ ដូចខាងក្រោមៈ

1-តើយើងរកឃើញតួលេខនៃអត្រាការធូរស្បើយ និងជាពីជំងឺហើយឬនៅ?

បើអះអាងតាមស្ថានការណ៍ក្នុងថ្ងៃទី20 មីនា ឆ្នាំ2020 ឃើញថា អត្រាការស្លាប់ស្ថិតក្នុងតួលេខ 4ភាគរយ តែដំណឹងល្អគឺ តួលេខពិតប្រាកដ ប្រហែលជាទាបជាងនេះ ដោយសារមានអ្នកជំងឺដែលមានអាការមិនធ្ងន់ធ្ងរ។ លោក Chris Whitty ប្រធានក្នុងគ្រូពេទ្យរបស់សហរាជអាណាចក្រ បានតវ៉ាអំពីតួលេខអ្នកស្លាប់ដែលខាង WHO បានអះអាងក្នុងចំនួន 3.4ភាគរយនោះថា គួរតែស្ថិតក្នុងអត្រា 1ភាគរយច្រើនជាង ដោយពិចារណាពីរយៈពេលដែលកើតការឆ្លងរាលដាលលើកដំបូងនៅក្នុងប្រទេសចិន ដែលមានវិធានការបង្ខាំងអ្នកសង្ស័យយ៉ាងតឹងរ៉ឹង តាមរយៈចំនួនអ្នកជំងឺដែលជាសះស្បើយ ដែលល្អជាងចំនួនអ្នកជំងឺថ្មី ដែលជាមេរៀនដែលប្រទេសលោកខាងលិចបានធ្វើតាម និងរំពឹងថា អត្រាអ្នកជាសះស្បើយពីការឆ្លងមេរោគ នឹងដំណើរការទៅក្នុងលក្ខណៈដូចគ្នានឹងប្រទេសចិន។

2-បើយើងជាសះស្បើយហើយ តើយើងនៅតែមានមេរោគឬទេ?

មានភាពអាចទៅរួចខ្ពស់ណាស់ថា អ្នកដែលជាសះស្បើយហើយ នឹងនៅតែមានមេរោគនៅក្នុងរាងកាយ។ ទាំងអស់នេះ ជារឿងដែលត្រូវនាំគ្នាសិក្សាស្រាវជ្រាវយូរតទៅទៀត តែព័ត៌មានវិភាគត្រឹមតែបន្តិចបន្តួចពីប្រទេស​អាល្លឺម៉ង់ បានរកឃើញថា ការឆ្លងមេរោគកូវីដ-19 មានទិសដៅផ្ទុយពីមេរោគសារស៍ដែលកើតឡើងនៅឆ្នាំ2003 ដោយបានរកឃើញថា អំឡុងពេល 10ថ្ងៃដំបូង អ្នកជំងឺដែលបានធូរស្រាល អាការនឹងមិនធ្ងន់ធ្ងរ និងមានភាពប្រថុយប្រថានថា មានមេរោគនៅក្នុងរាងកាយទាបជាងពេលរកឃើញមេរោគក្នុងគ្រាដំបូង។

ខណៈពេលជាមួយគ្នា អ្នកជំនាញការ 4រូប របស់មន្ទីរពេទ្យវូហាន បានថ្លែងថា ស្លាកស្នាមរបស់មេរោគវីរុសនេះ នឹងស្ថិតនៅក្នុងរាងកាយរបស់អ្នកដែលជាហើយ បាន 2សប្ដាហ៍ទៀត ដោយសារតែអ្នកជំងឺលែងមានអាការក្អក ឬកណ្ដាស់ ដែលរាប់ថា ជាលក្ខណៈរបស់ការបញ្ចេញមេរោគ។

តែ ក៏ទើបតែមានការងារស្រាវជ្រាវថ្មីមួយដែលបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ The Lancet និយាយថា មានអ្នកជំងឺជនជាតិចិនម្នាក់ដែលឆ្លងមេរោគក្នុងរាងកាយបានយូរដល់ទៅ 37ថ្ងៃ ដែលខ្ពស់ជាងមធ្យមភាគរបស់រោគនេះដែលស្ថិតក្នុងអំឡុង 24ថ្ងៃ។

3-បើធ្លាប់ឈឺដោយសារមេរោគកូវីដ-19ហើយ តើអាចឈឺបានទៀតឬទេ?

នៅពេលឆ្លងមេរោគកូវីដ-19រួចហើយ មានន័យថា រាងកាយនឹងសាងប្រព័ន្ធការពារឡើងមកតតាំងបានមួយខណៈពេល ឬសាងឡើងមកតតាំងបានជាបន្តបន្ទាប់ តែការឆ្លងមេរោគដដែលៗនេះ បានរកឃើញលើស្ត្រីជនជាតិជប៉ុនវ័យ 40ឆ្នាំម្នាក់ ដែលបានទទួលការអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញពីមន្ទីរពេទ្យអូសាកា និងរកឃើញនៅក្នុងករណីរបស់អ្នកដំណើរក្នុងនាវាកម្សាន្ត Diamond Princess និងម្នាក់ទៀតជាជនជាតិកូរ៉េខាងត្បូង។ តែដែលគួរឱ្យខ្លាចបំផុតនោះគឺ រកឃើញអ្នកជំងឺដែលត្រឡប់មកពិនិត្យឃើញមេរោគកូវីដ-19 លើកទី2 ដល់ទៅ 14% នៅក្នុងមណ្ឌលក្វាងទុង ប្រទេសចិន។

យ៉ាងណាក៏ដោយ អាចនិយាយថា វាដូចជាលឿនជ្រុលពេកក្នុងការសរុបថា បើឆ្លងមេរោគហើយ នឹងឆ្លងម្ដងទៀតនោះ ព្រោះមិនបានពិនិត្យបែបអះអាង ឬអាចមានការភ្លាត់ភ្លាំងក្នុងការពិនិត្យ ឬអាចដោយសារតែមេរោគវីរុសឈប់បញ្ចេញឫទ្ធិមួយខណៈពេល។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគនៃសហរដ្ឋអាមេរិក(CDC) ក៏មិនទាន់អាចសរុបបានយ៉ាងច្បាស់លាស់នៅឡើយ ដែលរឿងនេះត្រូវសិក្សាបន្តទៀត។

ចំណែកផលប៉ះពាល់ផ្នែកសុខភាពផ្សេងៗទៀត មានចំណុចសង្កេតឃើញថា អ្នកជំងឺកូវីដ-19 នឹងមានចំណុះរបស់សួតថយចុះ និងមន្ទីរពេទ្យក្នុងទីក្រុងហុងកុងបានតាំងខសង្កេតឃើញថា អ្នកជំងឺ 2ភាគ3 មានការធ្វើការរបស់សួតថយចុះ 20-30% និងមួយផ្នែកអាចវិលមកព្យាបាលបានដោយវិធីព្យាបាលខាងធ្វើចលនា។

4-តើប្រព័ន្ធប្រឆាំងកូវីដ-19ក្នុងរាងកាយ នៅបានយូរប៉ុនណា?

“បើអ្នកឆ្លងមេរោគទូទៅ រាងកាយរបស់អ្នកនឹងមានប្រព័ន្ធប្រឆាំងវីរុសនោះ” Dr. Keiji Fukuda អគ្គនាយក​មហាវិទ្យាល័យវេជ្ជសាស្ត្រហុងកុង បាននិយាយនៅក្នុងសារព័ត៌មាន The LA Times ថា “បើត្រូវឆ្លងមេរោគដដែលទៀត នោះមានន័យថា ខុសប្រក្រតីហើយ លើកលែងតែការធ្វើការរបស់ប្រព័ន្ធប្រឆាំងជំងឺរបស់អ្នកធ្វើការមិនត្រឹមត្រូវ” តែសម្រាប់កូវីដ-19 ចម្លើយ ហាក់នៅស្រពេចស្រពឹលខ្លាំងណាស់។

មានអ្នកព្យាយាមឆ្លើយនឹងសំណួរនេះ ដោយការវិភាគសេរ៉ូមជំងឺសារស៍(SARS-CoV2)ជាមួយជំងឺកូវីដ តែទាំង​អស់នោះ ក៏នៅតែមិនអាចបញ្ជាក់អ្វីបានច្រើនឡើយ ព្រោះមិនទាន់មានការសាកល្បងជាមួយមនុស្សនៅឡើយ។

5-តើយើងនឹងត្រឡប់ទៅធ្វើការបានឡើងវិញនៅពេលណា?

រឿងចុងក្រោយដែលមនុស្សទូទាំងពិភពលោកចង់ដឹងគឺ បើយើងកើតជំងឺកូវីដ-19រួចហើយ តើយើងនឹងត្រឡប់ទៅធ្វើការបានវិញនៅពេលណា?

មជ្ឈមណ្ឌល CDC របស់សហរដ្ឋអាមេរិក បានកំណត់ថា អ្នកជំងឺនឹងអាចចេញពីមន្ទីរពេទ្យបាន នៅពេលដែល…៖

-ពិនិត្យលែងឃើញមានអាការគ្រុនក្ដៅ និងលែងចាំបាច់ប្រើថ្នាំបញ្ចុះកម្ដៅ 3ថ្ងៃ។
-លែងមានអាការរបស់ប្រព័ន្ធដង្ហើម ដូចជាក្អក ឬកណ្ដាស់ រយៈពេល 7ថ្ងៃ។
-លទ្ធផលអះអាងការឆ្លងមេរោគដោយវិធី Swab Test* អវិជ្ជមាន 2ដង។

ដែលករណីទាំង3 នេះសុទ្ធប្រើពេលវេលាមិនស្មើគ្នា និងទាំងអស់នេះហើយ ទើបយើងអាចនិយាយបានថា ការជាសះស្បើយ និងត្រៀមត្រឡប់ទៅធ្វើការបាន ត្រូវធ្វើឡើងតាមគ្រូពេទ្យបញ្ជាតែប៉ុណ្ណោះ។ តែក្នុងផ្លូវប្រតិបត្តិវិញ រដ្ឋបាល និងក្រុមហ៊ុនជាច្រើន ក៏នៅតែឱ្យធ្វើការនៅតាមផ្ទះដដែល ទាំងអ្នកដែលជាសះស្បើយពីការឆ្លងមេរោគហើយ និងអ្នកដែលមានសុខភាពល្អ ហើយបើសិនជាខ្លួនអ្នក ជាអ្នកនៅជិតដិតនឹងអ្នកជំងឺ ក៏គួរតែបង្ខាំងខ្លួនឯង 14ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃដែលអ្នកជំងឺបង្ហាញអាការនៅថ្ងៃដំបូងតែម្ដង។

កំណត់សម្គាល់៖ *Swab Test គឺការពិនិត្យដោយការប្រើឈើរុំសំឡីកៀរសារធាតុខាងក្នុងរបស់អ្នកជំងឺ តាមការវិនិច្ឆ័យរបស់គ្រូពេទ្យ៕

ប្រភព៖ សាព័ត៌មានបរទេស

Advertisement