ចិន​អនុម័ត​ឱ្យប្រើ​ប្រាស់​ឱសថ​បុរាណ 3ប្រភេទ ដើម្បី​ព្យាបាល Covid-19

នាយកដ្ឋាន​គ្រប់គ្រង​ផលិតផល​សុខាភិបាល​ជាតិ​របស់​ចិន (NMPA) កាលពី​ថ្ងៃទី 4 មីនា បានប្រកាសថា បានផ្ដល់​ការអនុញ្ញាតឱ្យ​ផលិតផល​ឱសថ​បុរាណ​ចិន មាន​សិទ្ធិ​លក់​ដើម្បី​ព្យាបាល​ជំងឺ Covid-19។

យោងតាម CNN ស្ថាប័ន​ខាងលើ​បាន​ប្រើប្រាស់​បែបបទ​នៃ​ការអនុម័ត​ពិសេស​ដើម្បី «បើកភ្លើង​ខៀវ» ឱ្យ​ផលិតផល​ឱសថ​បុរាណ​ចិន (TCM/Traditional Chinese Medicine) ដើម្បី «ផ្ដល់​ជម្រើស​បន្ថែម​នៅក្នុង​ការព្យាបាល Covid-19»។

ផលិតផល​ឱសថ​បុរាណ​ខាងលើ សុទ្ធតែជា​ប្រភេទ​គ្រាប់ និង​មាន​ប្រភពពី «រូបមន្ត​នៃ​ឱសថ​បុរាណ​របស់​ចិន» នេះ​បើតាម​ប្រកាស​របស់ NMPA។ ឱសថ​ទាំងនេះ​ត្រូវបាន​អភិវឌ្ឍ​ពី​វិធីសាស្ត្រ​ព្យាបាល​បែប​បុរាណ ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​នៅ​ខេត្ត Hubei ប្រទេស​ចិន និង​ត្រូវបាន​ចម្រាញ់ ជ្រើសរើស​ដោយ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ និង​ក្រុម​ជំនាញ​នៅ​ជួរមុខ»។

សេចក្ដីប្រកាស​ខាងលើ​ក៏បាន​ឱ្យដឹងថា ផលិតផល​ទាំង 3 ប្រភេទ​ដែល​ទើប​ទទួលបាន​ការអនុញ្ញាត​នេះ​គឺជា «គ្រាប់​សម្អាត និង​បណ្ដេញ​ជាតិពុល​ក្នុង​សួត», «គ្រាប់​បណ្ដេញ​ជាតិពុល និង​ទប់ទល់​សំណើម» និង «គ្រាប់​បន្ថយ​កំហាប់ (មេរោគ) និង​បណ្ដេញ​ជាតិពុល​ក្នុង​សួត»។

សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​ឱសថ​បុរាណ​នៅក្នុង​ការព្យាបាល Covid-19 មកដល់​បច្ចុប្បន្ន នៅតែ​ត្រូវបាន​គេ​ជជែក​ដេញដោល​គ្នា​នៅ​ប្រទេស​ចិន ជា​កន្លែង​ដែលមាន​ទាំង​អ្នក​ធ្លាប់ប្រើ​ប្រាស់ ទាំង​អ្នក​សង្ស័យ។

បើទោះជា​វិធីសាស្ត្រ​ព្យាបាល​ជំ​ងឹ​ដោយ​ឱសថ​បុរាណ ត្រូវបាន​ប្រើប្រាស់​រាប់រយឆ្នាំ​មកហើយ​ក្ដី ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​មួយចំនួន​យល់ថា មិនមាន​ភ័ស្ដុតាង​បែប​វិទ្យាសាស្ត្រ​ដែល​អាច​រកឃើញ​ផលប្រយោជន៍​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​របស់ TCM។

ក្នុងអំឡុង​ច្រើន​ឆ្នាំ​ចុង​ក្រោយនេះ រូបមន្ត​ឱសថ​បុរាណ​ចិន ត្រូវបាន​ប្រធានាធិបតី Xi Jinping កោតសរសើរ​ជាច្រើនលើក​ថា​ជា «មោទកភាព​ជាតិ»។ លោក Xi Jinping គឺជា​អ្នកគាំទ្រ​វិធីសាស្ត្រ​ព្យាបាល​ដោយ​ឱសថ​បុរាណ៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement