មន្ត្រី​នគរ​បាល​អាមេរិកាំង​នៅ​ New York ជាង​50​នាក់ ឆ្លង​មេរោគ COVID-19 ខណៈ​តួលេខ​នៃ​អ្នក​ឆ្លង​រោគ​នេះ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

ប្រធាន​ស្នង​ការដ្ឋាន​នគរ​បាន​ទីក្រុង​ New York បាន​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ជាង​50​នាក់​​របស់​ស្នង​ការ​ដ្ឋាន​​នេះ​ បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19 ប៉ុន្តែ មាន​តែ​ម្នាក់​គត់​ដែល​បាន​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​។

សារ​ព័ត៌មាន​ Fox News បាន​រាយការណ៍​ថា កង​កម្លាំង​នគរ​បាល​ធំ​បំផុត​នៅ​សហ​រដ្ឋ​អាមេរិក កំពុង​តែ​ប្រឈម​នឹង​ការ​កើន​ឡើង​ខ្ពស់​ និង​ឆាប់​រហ័ស​នៃ​តួលេខ​អ្នក​ឆ្លង​ COVID-19 ក្នុង​ក្រុម​ប៉ូលីស​ នៅ​ក្នុង​សង្កាត់​1 នៃ​តំបន់​​Manhattan ជា​ទី​តាំង​​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។

យោង​តាម​ប្រភព​ខាងលើ​ មាន​ប៉ូលីស​រហូត​ដល់​31​នាក់​នៅ​ក្នុង​សង្កាត់​1 មាន​លទ្ធផល​វិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ស្មើ​នឹង​17% នៃកម្លាំង​សរុប​ ធ្វើ​ឱ្យ​នាយក​ដ្ឋាន​ប៉ូលិស​ទីក្រុង​ New York ត្រូវ​បញ្ជូន​មន្ត្រី​នគរ​បាល​បន្ថែម​ទៅ​កាន់​ទី​នោះ​។

ស្នង​ការ​​ដ្ឋាន​នគរ​បាល​ទីក្រុង​ New York លោក Dermot Shea បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​រៀប​ចំ​កាល​វិភាគ​ការ​ងារ​ បង្កើន​​ការ​អនាម័យ។ល​។ លោក​ បន្ត​ថា នៅ​ទី​នេះ​មាន​វេជ្ជ​បណ្ឌិត​1ក្រុម​ មាន​តួនាទី​ពិនិត្យ​ និង​សម្រេច​ទៅ​លើ​ការ​បង្ខាំង​ឱ្យ​នៅ​ដោយ​ឡែក​ចំពោះ​ប៉ូលិស​រូប​ណា​ដែល​ត្រូវបាន​សង្ស័យ​ថា​ អាច​មាន​ផ្ទុក​មេរោគ​ COVID-19។

ក៏ប៉ុន្តែ ខាង​សហ​ជីពនគរ​បាល​ បាន​និយាយ​ថា អធិការ​ដ្ឋាន​នគរ​បាល​ទីក្រុង​ New York មិន​បាន​ផ្ដល់​សម្ភារ​ការ​ពារ​សុវត្ថិ​ភាព​សុខ​ភាព​ដែល​សមស្រប​ទៅ​ឱ្យ​មន្ត្រី​នគរ​បាល​នោះ​ទេ​។

ស្ថាន​ភាព​រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​អាក្រក់​ទៅ​ៗ​នៅ​សហ​រដ្ឋអាមេរិក ដោយ​សារ​ករណី​ឆ្លង​រោគ​នេះ បាន​កើន​ឡើង​រហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ សហ​រដ្ឋ​អាមេរិក គិត​មក​ដល់​បច្ចុប្បន្ន​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុបជាង 26,000​ករណី និង​ស្លាប់​ 326​ករណី​។

New York គឺជា​រដ្ឋ​ដែល​មាន​ករណី​ឆ្លង​ COVID-19 ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក ដោយ​រដ្ឋ​នេះ​មាន​អ្នក​ឆ្លង​រោគ​ជាង 10,300​ករណី៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement