វេជ្ជ​បណ្ឌិត​អ៊ីតាលី ឆ្លងវីរុស COVID-19 ហើយ​ស្លាប់​ម្នាក់​ឯង ខណៈ​បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់​​ផ្សេង​ទៀត​បាន​ឆ្លង​មេរោគ​នេះដែរ

Natali ដែលជា​វេជ្ជ​បណ្ឌិតអ៊ីតាលី​1រូប​ ​ធ្លាប់​​ព្យាបាល​អ្នក​ជំងឺ​កូរ៉ូណា​រាប់​សិប​នាក់ ក៏បាន​បាត់បង់ជីវិត​ ដោយ​សារ​វីរុស COVID-19 ខណៈ​គាត់​កំពុង​ធ្វើ​ចត្តាឡីស័ក(បង្ខាំង​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក) នៅ​ក្នុង​បន្ទប់​ព្យាបាល​។

សហ​ព័ន្ធ​វេជ្ជ​បណ្ឌិត និង​ក្រុម​វេជ្ជ​បណ្ឌិត​ពហុ​ឯកទេស​ជាតិ​អ៊ីតាលី កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា វេជ្ជ​បណ្ឌិត Marcello Natali អាយុ​57​ឆ្នាំ បាន​បាត់បង់ជីវិត​នៅ​​ថ្ងៃទី​18​មីនា បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19។

វេជ្ជ​បណ្ឌិត​រូប​នេះ​ ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​ទីក្រុង Codogno ខេត្ត Lodi ក្នុង​តំបន់ Lombardy ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ជា​កន្លែង​ដែល​រោគ​កូរ៉ូណា​រាត​ត្បាត​ខ្លាំងជាង​គេ​នៃ​ប្រទេស​នេះ​។ វេជ្ជ​បណ្ឌិត​​ដែល​មាន​កូន​2នាក់​រូប​នេះ​ ក៏ធ្លាប់​ធ្វើ​ជា​លេខា​ធិការ​នៃ​សហ​ព័ន្ធ​វេជ្ជ​បណ្ឌិត​ពហុឯក​ទេស​ នៅ​ក្នុង​ទីក្រុង Lodo និង​ជាទីប្រឹក្សា​របស់​ក្រុម​គ្រូពេទ្យ​ដទៃ ព្រម​ទាំង​បាន​ព្យាបាល​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​វីរុស COVID-19 រាប់​សិប​នាក់​នៅ​ក្នុង​តំបន់ Lodi ផងដែរ​។

យោង​តាម​សារ​ព័ត៌មាន​អឺរ៉ុប វេជ្ជ​បណ្ឌិត​ Natali បាន​ស្លាប់​ម្នាក់​ឯង​ ដោយ​មិន​មាន​អ្នក​នៅ​ក្បែរ​ ខណៈ​ពេល​កំពុង​បង្ខាំង​​ និង​ព្យាបាល​ដាច់​​ដោយ​ឡែក​​ក្នុង​មន្ទីរ​ពេទ្យ​។ “ខ្ញុំអស់​ទឹក​ភ្នែក​ដើម្បី​យំ​ទៀត​ហើយ​។ គាត់​មិន​គួរ​ទទួល​លទ្ធ​ផល​បែប​នេះ​សោះ” មេដឹក​នាំ​សហព័ន្ធ​វេជ្ជ​បណ្ឌិត​​ លោក​ Silvestro Scotti បាន​បង្ហោះ​សារ​ដូច្នេះ នៅ​លើ​បណ្ដាញ​សង្គម Facebook​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​​មិត្ត​របស់​ខ្លួន​។

នៅ​មុន​ពេល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ COVID-19 លោកវេជ្ជ​បណ្ឌិត​ Natali ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជា​លើក​ចុង​ក្រោយ​ ដោយ​លោក​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​ក្រុម​គ្រូពេទ្យ​ដែល​នៅ​ជួរ​មុខ​។ លោក​ថ្លែង​ថា “អស់​ស្រោម​ដៃ​ការ​ពារ​វត្ថិភាព​ហើយ​។ ប្រាកដ​ណាស់​ថា យើង​មិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទប់​ទល់​នឹង​ស្ថាន​ភាព​នេះ​”។

គិត​ត្រឹម​ថ្ងៃទី​19​មីនា លោក Natali គឺជា​​គ្រូពេទ្យ​ម្នាក់ ក្នុង​ចំណោម​វេជ្ជ​បណ្ឌិត​ចំនួន​13​រូប​នៅ​ “សមរភូមិ” ជួរ​មុខ ក្នុង​ប្រទេស​អ៊ីតាលី បាន​ស្លាប់​ក្នុង​ពេល​កំពុង​ព្យាបាល​អ្នក​ជំងឺ​កូរ៉ូណា COVID-19។ ប្រទេស​អ៊ីតាលី គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​បង្អស់​នៅ​អឺរ៉ុប និង​ធំ​ជាង​គេ​លំដាប់​ទី​2 ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ឆ្លង​រោគ​ជាង 47,000​នាក់ និង​ជាង​ 4,000​នាក់​បាន​បាត់​បង់ជីវិត​។ អ៊ីតាលី​ក៏​មាន​បុគ្គលិក​សុខាភិបាល​ជាង​2,600​នាក់​ បាន​ឆ្លង​មេរោគ​ COVID-19នេះ​ដែរ​។

មេរោគ​បង្ក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​185 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 276,104​នាក់​បាន​ឆ្លង​រោគ និង​11.402នាក់​បាត់​បង់​ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement