អ៊ីរ៉ង់៖ រៀង​រាល់​10នាទី COVID-19 សម្លាប់​បាន​មនុស្ស​ម្នាក់នៅ​ប្រទេស​នេះ

អ៊ីរ៉ង់៖ រៀង​រាល់​10នាទី COVID-19 សម្លាប់​បាន​មនុស្ស​ម្នាក់នៅ​ប្រទេស​នេះ

ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ឱ្យ​ដឹង​ថា រៀង​រាល់​10នាទី​ វីរុស​ COVID-19នេះ អាច​សម្លាប់​បាន​មនុស្ស​ម្នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នៅ​មជ្ឈិម​បូពា៌​មួយ​នេះ​ឡើង​ដល់ 1.433នាក់។

ព័ត៌មាន​ខាងលើ​នេះ ត្រូវ​បានអ្នក​នាំពាក្យ​​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក Kianush Jahanpur ​បង្ហោះ​នៅ​លើ​ទំព័រ Twitter កាល​ពី​ថ្ងៃទី​19មីនាកន្លង​ទៅ​។ លោក​បាន​ឱ្យ​ដឹង​ថា “មនុស្ស​ប្រមាណជា​ 50នាក់ ត្រូវ​ឆ្លង​មេរោគ បន្ទាប់​ពី​1ម៉ោង​កន្លង​ផុត​ទៅ​”។

ប្រទេស​អ៊ីរ៉ង់ កាល​ពី​ម្សិល​មិញ បាន​ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន 1,046​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​សរុប​ឡើង​ដល់ 19.644​នាក់ និង​149​នាក់​បាន​ស្លាប់​ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​មក​ដល់​ពេល​នេះ​ បាន​ឡើង​ដល់​ 1.433នាក់​។

ប្រទេស​អ៊ីរ៉ង់ បច្ចុប្បន្ន​គឺជា​តំបន់​ដែល​ត្រូវ​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ដោយ​សារ​ការ​រាត​ត្បាត​នៃ​មេរោគ COVID-19 នៅ​មជ្ឈិម​បូព៌ា ប៉ុន្តែ អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Alireza Raisi បាន​ថ្លែង​ថា តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំ​ថ្ងៃ​ បាន​ថយ​ចុះ​ខ្លះ។ លោក​បញ្ជាក់​ថា ការ​ថយ​ចុះ​នេះ គឺដោយសារ​ពលរដ្ឋ​អ៊ីរ៉ង់ បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani កាលពី​ម្សិល​មិញ (19មីនា) បាន​ចេញ​បទ​បញ្ជា​ឱ្យ​បិទ​រាល់​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ និង​ផ្សារ​នានា លើក​លែង​តែ​ហាង​ទំនិញ​ចាំបាច់​ ដូច​ឱសថស្ថាន និង​ហាង​លក់​គ្រឿង​ទេស​ជា​ដើម ក្នុង​រយៈ​ពេល​15​ថ្ងៃ ចាប់​ពី​ថ្ងៃទី21​មីនា​តទៅ​។

គិត​ត្រឹម​យប់​នេះ(20មីនា) COVID-19 បាន​រាល​ដាល​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​182 នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​​ 255.943​នាក់បាន​ឆ្លង​រោគ ជាង​10.496​នាក់​បាន​ស្លាប់ និង​ជាង​89,910​នាក់បាន​ជា​សះស្បើយ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement