បុរស​ពិការ​ម្នាក់​ដែល​ត្រូវ​ដេក​នៅ​នឹង​កន្ទេល បែរជា​អាច​ដើរ និង​និយាយបាន​វិញ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩

លោក Dularchand Munda

(ឥណ្ឌា)-បុរស​ពិការ​ម្នាក់នេះ​ត្រូវ​រងរបួស​ឆ្អឹងខ្នង​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី ៥ ឆ្នាំមុន ប៉ុន្តែ ត្រូវគេ​ជឿថា អាច​ដើរ និង​និយាយបាន បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ១ ដូ​ស។

បុរស​វ័យ ៥៥ ឆ្នាំ ឈ្មោះ Munda រស់នៅក្នុង​តំបន់ Salgadih រដ្ឋ Jharhand នៃ ប្រទេស​ឥណ្ឌា ត្រូវ​ពិការ មិនអាច​និយាយស្ដី​បាន និង​ត្រូវ​ដេក​លើ​កន្ទេល​អស់​ជាច្រើន​ឆ្នាំ​មកហើយ ក្រោយពី​របួស​ឆ្អឹងខ្នង​ដោយសារ​គ្រោះថ្នាក់​រថយន្ត​កាលពី ៥ ឆ្នាំមុន។

ក៏ប៉ុន្តែ យោងតាម​សារព័ត៌មាន​ក្នុងស្រុក លោក Munda បានធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ច្របូកច្របល់​នៅពេល​ត្រូវបាន​ក្រុមគ្រួសារ​ជូនដំណឹង​ដល់​ខាង​មន្ទីរពេទ្យ​ថា អ្នកជំងឺ Munda អាច​កម្រើក​ជើង និង​អាចនិយាយបាន​វិញ​ហើយ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ NDTV បុរស​រូបនេះ​និយាយថា៖ «ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់​ដោយបាន​ទទួល​ការចាក់​វ៉ាក់សាំង។ ខ្ញុំ​អាច​កម្រើក​ជើងបាន​វិញ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​កាលពី​សប្ដាហ៍​មុន»។

វេជ្ជបណ្ឌិត Albela Kerketta មកពី​មជ្ឈមណ្ឌល​សុខាភិបាល​សាធារណៈ Peterwar បានឱ្យដឹងថា ក្រុមគ្រួសារ​បានដឹងថា លោក Munda អាច​ដើរ​បាន និង​និយាយបាន​វិញ ក្រោយពី​ចាក់​វ៉ាក់សាំង​បាន ២៤ ម៉ោង។

«Munda ត្រូវបាន​ចាក់​វ៉ាក់សាំង Covishield (កំណែ​ផលិត​នៅ ឥណ្ឌា របស់ AstraZeneca) នៅឯ​ផ្ទះ​របស់គាត់​កាលពី​ថ្ងៃទី ៤ មករា» វេជ្ជបណ្ឌិត Albela Kerketta ប្រាប់​ដូច្នេះ និង​បន្តថា រឿងនេះ​ត្រូវការ​ការស្វែងយល់​បន្ថែ​ម។

ព័ត៌មាន​ផ្លូវការ រួម​នឹង​ចម្លើយ​ជាក់លាក់​នឹងមាន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​ស្រាវ​ជ្រាវ​​លើ​ស្ថានភាព​ជំងឺ​របស់លោក Dularchand Munda និង​ការ​ជាសះស្បើយ​ពី​ជំងឺ​របស់គាត់៕

Advertisement